(ត្បូងឃ្មុំ)៖ លោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ បាននាំយកថវិការបស់សប្បុរសជន ដែលទទួលបានតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន យកទៅប្រគល់ជូនគ្រួសារសពចំនួន ១គ្រួសារ មកពីក្រុងសួង នៅធនាគារអេស៊ីលីដាក្រុងសួង ខេត្តត្បូងឃ្មុំ។
លោក សៀង ទៀង បានបញ្ជាក់ថា ថវិកាទាំងអស់នេះជាការជួយសម្រួលក្នុងការលំបាករបស់គ្រួសារសព ក្នុងការធ្វើបុណ្យទៅតាមគន្លងព្រះពុទ្ធសាសនា។ គ្រួសារសព ដែលបានស្លាប់ក្នុង ហេតុការណ៍បាក់រលំអគារកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ១គ្រួសារ នៅក្រុងសួងនោះ ទទួលបានថវិការបស់សប្បុរសជន ដែលទទួលបានតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ចំនួន៨២,៩២៩.៥៧ ដុល្លា បន្ថែមទៀត ពីលើថវិការ និងសម្ភារ:ជាច្រើន ទាំងស្ថាប័នរដ្ឋ និងឯកជន បានឧបត្ថម្ភនាពេលកន្លងមក សរុបចំនួន ៦៦,៥៥០,០០០ រៀល និង២៥០ដុល្លារ ព្រមទាំងអង្ករ២០០គីឡូក្រាម មី១០កេះត្រីខកំប៉ុង៧ឡូ ទឹកផ្លែឈើ៥កេះ ទឹកដោះគោឆៅ២ឡូ ស្ករស២គីឡូ ទឹកត្រី៥យួរ ទឹកស៊ីអីវ២យួរ ទឹកក្រូចដប១ឡូ ទឹកសុទ្ធ២យួរ ប៊ីចេង១កញ្ចប់ សាប៊ូ១កញ្ចប់។
នៅក្នុងឱកាសនោះ លោក សេង ទៀង បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះក្រុមគ្រួសារសពជនរងគ្រោះទាំងនោះ ដើម្បីសំដែងសមានចិត្ត ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលត្រូវបាត់បង់ស្វាមី និងកូនៗជាទីស្រលាញ់ ក៏ដូចជាការបាត់បង់នូវធនធានមនុស្ស ដ៏មានសក្ដានុពលសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិផងដែរ។
លោកបានបញ្ជាក់ថា ថវិកាដែលនាំយកមកប្រគល់ដល់ដៃក្រុមគ្រួសារសពជនរងគ្រោះពេលនេះ គឺក្នុងនាមសប្បុសធម៌ ដោយបានមកពីការខិតខំយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើការអំពាវនាវស្វែងរកមូលនិធិ ពីសប្បុរជននានា ដើម្បីជួយក្នុងនាមខ្មែរដូចគ្នា ខ្មែរតែមួយឈាមជ័រតែមួយ។
លោក សេង ទៀង និងលោក ជាម ច័ន្ទសោភ័ណ ក៏បានសំណូមពរផ្ដាំផ្ញើដល់ក្រុមគ្រួសារសពនីមួយៗ កុំអស់សង្ឃឹម ដើម្បីបន្តមុខរបរចឹញ្ចិមជីវិត និងគ្រួសារតទៅមុខទៀត ចៀវាងប្រព្រឹត្តអំពើ ដែលសង្គមមិនត្រូវការ។ ក្នុងឱកាសនោះ ក្រុមគ្រួសារសពទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែមានការ យកចិត្តទុកដាក់ និងដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ មិនថា ក្នុងពេលវេលាណាមួយឡើយ និងដោយមិនមានការរើសអើងអ្វីឡើយ។
ជនរងគ្រោះឈ្មោះ ញ៉ ចាន់ថន បានទៅធ្វើកម្មករសំណង់នៅខេត្តព្រះសីហនុ ជាមួយបងៗចំនួន ០៣នាក់ អស់រយៈពេល ២ខែ លុះទៀបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ក៏ត្រូវអគារនៅការដ្ឋានសំណង់ ដែលគាត់ធ្វើការបាក់រលំធ្លាក់សង្កត់លើ ខណៈកំពុងដេកលក់បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍នោះ ចំណែកបងប្រុសបង្កើតម្នាក់រងរបួសស្រាល និងប្រពន្ធបងប្រុសរងរបួសធ្ងន់បាក់ជើងម្ខាង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម (មន្ទីរពេទ្យលោកសង្ឃ)។
បន្ទាប់ពីទទួលមរណភាពក្រុមការងារជួយសង្គ្រោះខេត្តព្រះសីហនុបានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ដឹកសាកសពពីខេត្តព្រះសីហនុ មកប្រគល់ឱ្យក្រុមគ្រួសារសពនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋានបច្ចុប្បន្ន ស្ថិតនៅភូមិ៦.១០ សង្កាត់វិហារលួងក្រុងសួង ខេត្តត្បូងឃ្មុំ ក្រុមគ្រួសារសព រួមនឹងអាជ្ញាធរភូមិ សង្កាត់ ក្រុង បានសហការរៀបចំពិធីបុណ្យសពភ្លាមៗនៅថ្ងៃដដែល និងរៀបចំពិធីបុណ្យគម្រប់៧ថ្ងៃ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ បានចប់សព្វគ្រប់ទៅតាមប្រពៃណីយ៉ាងសមរម្យ ៕