(ភ្នំពេញ)៖ បន្ទាប់ពីសិក្សាស្រាវជ្រាវបង្កើតវចនានុក្រមខ្មែរបុរាណ អស់រយៈពេល ៣ឆ្នាំរបស់ក្រុមអ្នកសិក្សាស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជានោះ គម្រោងវចនានុក្រមខ្មែរបុរាណ នឹងដាក់បញ្ចូលនៅក្នុង Sotfware Computer នៅឆ្នាំ២០២០ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកសិក្សាស្រាវជ្រាវពីសិលាចរឹក សង្គម ប្រវត្តិសាស្ត្រ នយោបាយរបស់ខ្មែរបុរាណ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ។
នៅក្នុងសិក្ខាសាលាស្តីពី «ការបង្កើត Sotfware បំប្លែងពុម្ពប្រតិចារឹកអក្សរ» លោកបណ្ឌិត យង់ ពៅ បានថ្លែងថា «រឿងមន្ទិលជាច្រើនដែលយើងអានមិនដាច់ ព្រមទាំងអ្វីដែលបានកប់នៅ ក្នុងមរតកវប្បធម៌ ត្រូវបានគាស់រំលើងឡើងវិញ នៅក្នុងគម្រោងនេះ ដោយបានភ្ជាប់ទៅនឹងគម្រោងផ្សេងៗជាច្រើនទៀត ដែលគាំទ្រគ្នាទៅវិញទៅមក។ កត្តាទាំងនេះ វានឹងផ្តល់ភាពងាយស្រួល ដល់អ្នកសិក្សានានា នៅក្នុងសម័យ ឌីជីថល»។
អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានជជែកក្រៅអង្គប្រជុំ អម្បិញមិញគម្រោង ដែលដឹកនាំដោយបណ្ឌិត មាសបូ រ៉ា គឺការធ្វើវចនានុក្រមខ្មែរ បុរាណទៅជាឌីជីថល។ មានន័យថា បញ្ចូលទៅក្នុង Software កុំព្យូទ័រ ខ្មែរបុរាណ គឺអក្សរខ្មែរ ចាប់ពីសតវត្សរ៍ទី៦ រហូតដល់ សតវត្សរ៍ទី១៥ [...] ចឹងទាំងអស់នេះ គឺគាត់យកអក្សរទាំងអស់នេះ បញ្ចូលក្នុងទិន្នន័យកុំព្យូទ័រ។ ឧបមាថា សិលាចារឹកកត់ត្រានៅសតវត្សរ៍ទី៦ ឬទី៩ អីចឹង! ចឹងគាត់បញ្ចូលទៅហើយបកប្រែជាអក្សរខ្មែរសម័យទំនើប។ ដូច្នេះនៅពេលដែលប្រតិចារឹកនេះ ចេញទៅវាគាំទ្រគ្នាទៅវិញទៅមក។ ចឹងនិស្សិត ឬអ្នកស្រាវជ្រាវជំនាន់ក្រោយ អត់មានការលំបាក ទៅលើការអានការកត់ត្រាសំណេរខ្មែរបុរាណទេ»។
លោកបណ្ឌិតបានបន្តថា ការធ្វើវចនានុក្រមខ្មែរបុរាណ ដាក់បញ្ចូលទៅក្នុង Sotfware Computer ខ្មែរបុរាណ គឺជាអក្សរខ្មែរបុរាណ តាំងពីសទវត្សរ៍ទី៦ រហូតដល់សទវត្សរ៍ទី១៥ ហើយរឿងទាំងអស់នេះ គឺបានរៀបចំបញ្ចូលនៅក្នុងទិន្នន័យកុំព្យូទ័រ ដើម្បីបកប្រែជាអក្សរខ្មែរ សម័យទំនើបនេះតែម្តង ដូច្នេះនៅពេលប្រភេទអក្សរចរឹក បានដាក់ចេញទៅ វានឹងគាំទ្រគ្នាទៅវិញ ទៅមក ដែលចំណុចទាំងនេះនឹងធ្វើឱ្យនិស្សិត ព្រមទាំងអ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយ មានភាពងាយស្រួលទៅលើការអាន ព្រមទាំងការកត់ត្រាពីសំណេរផ្សេងៗ របស់ខ្មែរបុរាណជាដើម។
លោកបណ្ឌិត យង់ ពៅ បានបន្ថែមទៀតថា ការយល់ពីសំណេរខ្មែរបុរាណ ធ្វើឱ្យយើងយល់ដឹងកាន់តែច្បាស់ អំពីតត្តភាពសង្គមខ្មែរបុរាណ ទស្សនវិជ្ជាខ្មែរបុរាណ គោលនយោបាយដឹកនាំរបស់ខ្មែរបុរាណ តាមម័យកាលពីសម័យនីមួយៗ ហើយកត្តាទាំងនេះ គឺជាការចាំបាច់មួយបង្កើតឱ្យមាន «សូសវែរបំប្លែងពុម្ពប្រតិចារឹកអក្សរខ្មែរបុរាណនេះ» មានភាពចាំបាច់ខ្លាំងណាស់ សម្រាប់សង្គមខ្មែរសម័យទំនើប អ្នកសិក្សាពីសង្គម អ្នកសិក្សាប្រវត្តិសាស្ត្រ នយោបាយ ព្រមទាំងអ្នកសិក្សាពីសិលាចរឹកផងដែរ។
បន្ថែមពីនេះ លោកបានគូសបញ្ជាក់ថា គម្រោងដាក់បញ្ចូលវចនានុក្រមខ្មែរបុរាណនៅក្នុង Sotfware Computer នៅឆ្នាំ២០២០ មានអត្ថប្រយោជន៍យ៉ាងខ្លាំង ដែលអាចប្រែក្លាយជាមរតក នៃអក្សរសាស្ត្រខ្មែរ។ ដូច្នេះខ្មែរមិនត្រឹមតែសល់តែមរតកពីបុព្វបុរស ជាសំណង់ប្រាង្គប្រាសាទដ៏ស្គឹមស្កៃនោះទេ គឺបានបន្សល់ទុកនូវអក្សរសាស្ត្រមួយដ៏ច្បាស់លាស់ ដែលបានវិវត្តន៍ទៅតាមសម័យកាល ទោះបីអតតីកាលប្រទេសកម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកអាណានិគមនិយមបារាំងជិត១០០ឆ្នាំ ហើយជានិច្ចកាលអាជ្ញាធរបារាំង បានព្យាយាមលុបបំបាត់អក្សរសាស្ត្រខ្មែរ ក៏ប៉ុន្តែខ្មែរព្យាយាមរក្សា បាននូវអក្សរសាស្ត្ររបស់ខ្លួន មិនឱ្យបាត់បង់នោះទេ។
លោកបណ្ឌិត បានអះអាងថា សិលាចរឹកនេះអាចនឹងបង្កើតទៅជាសុសវែរធំៗ នៅក្នុងកុំព្យូទ័រ ដោយបច្ចុប្បន្ននេះ បានចំនួន៩០ភាគរយហើយ បន្ថែមពីនេះ ទៅថ្ងៃអនាគតនឹងបង្កើតឱ្យក្លាយទៅជា App នៅលើទូរស័ព្ទវៃឆ្លាត ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងអ្នកសិក្សាស្រាវជ្រាវប្រើប្រាស់ផងដែរ៕