(ភ្នំពេញ)៖ ក្រុមហ៊ុនគ្រឿងសម្អាង គ្រួសារកក់ក្ដៅ បានរៀបចំកម្មវិធី ជួបជុំសមាជិក និងពិសាអាហារសាមគ្គី ដើម្បីលើកទឹកចិត្តបន្ថែមទៀត ដល់សមាជិករបស់ខ្លួន។ កម្មវិធីនេះ បានរៀបចំធ្វើឡើង នៅភោជនីយដ្ឋាន ទន្លេបាសាក់ទី២ រាជធានីភ្នំពេញ នាពេលថ្មីៗនេះ ដោយមានការចូលរួមពី សមាជិកជាច្រើនរូប។
តាមរយៈកម្មវិធី ជួបជុំសមាជិក និងពិសាអាហារសាមគ្គីនេះ ក៏មានស្រ្តីជាច្រើននាក់ បានបង្ហាញពីសមត្ថភាព និងបទពិសោធន៍ ក្នុងការធ្វើអាជីវកម្ម និងការបង្កើតក្រុមសម្រាប់ពង្រីកអាជីវកម្ម ក្រោមដំបូលគ្រួសារកក់ក្តៅ ដោយទទួលបានភាពជោគជ័យ។
លោក អ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុនគ្រឿងសម្អាងគ្រួសារកក់ក្ដៅ បានថ្លែងថា «កម្មវិធីនេះ រៀបចំឡើង ដើម្បីលើកទឹកចិត្តបន្ថែមទៀត ដល់សមាជិករបស់ខ្លួន ដែលបានខិតខំប្រឹងប្រែង ក្នុងជំនួញជាអ្នកលក់ និងចែកចាយបន្ត រហូតក្លាយខ្លួនជាអ្នកដឹកនាំ ដែលអាចបង្កើតសមាជិក ជាច្រើននាក់ដោយខ្លួនឯង»។
លោក អ៊ុច សម្បត្តិ មានជំនឿយ៉ាងមុតមាំថា ក្រុមហ៊ុនគ្រួសារកក់ក្ដៅ នឹងមានសមាជិក១សែននាក់ ក្នុងឆ្នាំ២០១៩ ហើយនឹងក្លាយខ្លួន ជាក្រុមហ៊ុនគ្រឿង សម្អាងលំដាប់ពិភពលោក នៅឆ្នាំ២០៣០។
ចំណែកលោកស្រី ហ៊ឹម សុភ័ក្រ នាយិកាគ្រួសារកក់ក្តៅ បានឲ្យដឹង ថា ក្នុងចេតនា នាំនារីជាមេផ្ទះគ្រប់រូប ឲ្យក្លាយទៅជាអាជីវករ អាចធ្វើអាជីវកម្មរកចំណូលសេដ្ឋកិច្ច បានដោយខ្លួនឯង ដោយមិនពឹងផ្អែកទាំងស្រុង ទៅលើស្វាមីតែម្នាក់ នឹងអាចក្លាយទៅជាមេដឹកនាំ លើអាជីវកម្ម ដោយខ្លួនឯងដោយផ្តើម ចេញពីដើមទុនដ៏តិចតួចបំផុត។
សូមបញ្ជាក់ថា ក្រុមហ៊ុនគ្រឿងសម្អាងគ្រួសារកក់ក្ដៅ គឺជាក្រុមហ៊ុនផលិត ចែកចាយ និងលក់ផលិតផល ថែរក្សាសម្រស់ តាមអនឡាញដ៏ធំមួយប្រចាំកម្ពុជា និងមានបណ្ដាញចែកចាយជាង៦ម៉ឺននាក់ ទូទាំងប្រទេស៕