(ភ្នំពេញ)៖ ក្រុមអ្នករត់ម៉ូតូកង់បី ដែលភ្ជាប់ប្រព័ន្ធជាមួយក្រុមហ៊ុន Pass App និង Grap នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ បាននាំគ្នាបន្ដតវ៉ាជាថ្មីនៅតាមផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយពួកគេស្មើឲ្យក្រុមហ៊ុន Pass App និង Grap កុំបញ្ចុះថ្លៃសេវាដឹកជញ្ជូន ព្រោះការបញ្ចុះនេះធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។
ក្រុមអ្នករត់កង់បីប្រមាណ ៤០គ្រឿង និងរថយន្ដ ៤គ្រឿង បានស្នើ ក្រុមហ៊ុន Pass App និង Grap រក្សាតម្លៃនៅ១២០០រៀល/គីឡូ ឡើងវិញដដែល ព្រោះដោយសារថ្មីៗនេះ ក្រុមហ៊ុនទាំងពីរនេះ បានបញ្ចុះតម្លៃលើពួកគាត់ដល់ត្រឹម១០០០រៀល/គីឡូ ដែលធ្វើឲ្យប្រាក់ចំណូលរបស់គាត់មានការធ្លាក់ចុះជាងមុន និងប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ។
យ៉ាងណាក៏ដោយ ក្រោយពីមានការប្រមូលផ្តុំបែបនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះទៅសម្របសម្រួល និងណែនាំឲ្យក្រុមម៉ូតូកង់បីទាំងអស់នោះ រំសាយគ្នាត្រឡប់ ទៅផ្ទះរៀងខ្លួន ដោយឲ្យរៀបចំឯកសារទៅតាមនិតិវិធីច្បាប់ និងស្នាមមេដៃយកទៅក្រុមហ៊ុន និងណែនាំឲ្យរៀបចំលិខិតសុំអន្តរាគមន៍ទៅស្ថាប័នពាក់ពន្ធ័ដើម្បីជួយសម្រួលដល់ពួកគាត់។
ក្រុមកង់បី ដែលភ្ជាប់ប្រព័ន្ធក្រុមហ៊ុន Pass App និង Grap ក៏បានឯកភាពតាមការស្នើសុំរបស់អាជ្ញាធរមូលដ្ឋាន បន្ទាប់មកក្រុមអ្នកបើក Pass App និងអ្នកបើកបរតាក់ស៊ី ក៏សំណូមពរ សុំពេល១ម៉ោងដើម្បីធ្វើលិខិត និងផ្តិតមេដៃទាំងអស់គ្នាដើម្បីយកទៅដាក់ក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធ រួចហើយគាត់ត្រឡប់ទៅវិញតាមការស្នើសុំរបស់អាជ្ញាធរ។
ជាមួយគ្នានេះ ក៏មានការតវ៉ាមួយក្រុមទៀត របស់ក្រុមអ្នករត់កង់បីប្រមាណ២០០គ្រឿង នៅខណ្ឌឫស្សីកែវ ដោយពួកគេទាមទារហេតុផលដូចគ្នានេះផងដែរ។
សូមរំលឹកថា កាលពីម្សិលមិញ អ្នករត់ម៉ូតូកង់បីជាង១០០នាក់ ដែលគេទម្លាប់ហៅថា «ម៉ូតូកង់បីឥណ្ឋា» ក៏បានលើកគ្នាទៅតវ៉ានៅតាមផ្លូវក្នុងប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងទាមទារឲ្យក្រុមហ៊ុន Pass App ដែលខ្លួនរកស៊ីជាមួយ គិតថ្លៃសេវាត្រឹម ១២ភាគរយបានហើយ ខណៈក្រុមហ៊ុនមួយនេះ បានគិតថ្លៃសេវាពី អ្នករត់ម៉ូតូកង់បីទាំងនោះរហូតដល់ ១៥ភាគរយ។ មានន័យថា បើអ្នករត់ម៉ូតូកង់បីរកបាន ១ម៉ឺនរៀល ត្រូវបង់ជូនក្រុមហ៊ុនចំនួន ១៥០០រៀល។
ថ្លែងប្រាប់អ្នកយកព័ត៌មាន អ្នករត់កង់បី បានទាមទារទៅក្រុមហ៊ុន Pass App ចំនួន២ចំណុចធំៗរួមមាន៖
*ទី១៖ ពួកគាត់ចង់ឲ្យក្រុមហ៊ុនគិតថ្លៃសេវាពីពួកគេត្រឹម ១២ភាគរយបានហើយ ខណៈក្រុមហ៊ុនបច្ចុប្បន្ន យកថ្លៃសេវាពីពួកគេដល់ ១៥ភាគរយ។ នេះចំពោះអ្នកដែលបានភ្ជាប់សេវាជាមួយក្រុមហ៊ុន។
*ទី២៖ ពួកគាត់សុំឲ្យក្រុមហ៊ុនគិតថ្លៃសេវាពីអតិថិជនតម្លៃ ៣០០០រៀលសម្រាប់មួយគីឡូដំបូង លុះបន្ទាប់មក (ចាប់ពីគីឡូទី២ទៅ...) គិត១២០០រៀលដដែល ខណៈក្រុមហ៊ុនឲ្យគិតថ្លៃត្រឹម ១០០០រៀល៕