(ព្រៃវែង)៖ លោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែងនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ បាននាំយកថវិការបស់សប្បុរសជន ដែលទទួលបានតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន យកទៅប្រគល់ជូនគ្រួសារសពចំនួន ៦គ្រួសារ មកពីស្រុកបាភ្នំ នៅធនាគារអេស៊ីលីដាខេត្តព្រៃវែង។
លោក សៀង ទៀង បានបញ្ជាក់ថា ថវិកាទាំងអស់នេះជាការជួយសម្រួលក្នុងការលំបាករបស់គ្រួសារសព ក្នុងការធ្វើបុណ្យទៅតាមគន្លងព្រះពុទ្ធសាសនា។ គ្រួសារសព ដែលបានស្លាប់ក្នុងហេតុការណ៍បាក់រលំអគារកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ទទួលបានថវិកា៨២,៩២៩ ដុល្លារក្នុង១គ្រួសារ។
លោក សេង ទៀង បានប្រគល់ជូនដល់ក្រុមគ្រួសារ នៃសពទាំង៦គ្រួសារ រួមមាន៖
*ទី១៖ ឈ្មោះ ស៉ឹម មន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ
*ទី២៖ ឈ្មោះ ភួន ផាន់ណា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ
*ទី៣៖ ឈ្មោះ ឆេង ចិន្ថា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ
*ទី៤៖ ឈ្មោះ ឆុន ឃាន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ
*ទី៥៖ ឈ្មោះ សយ ម៉ៅ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅត្រពាំងសាលា ឃុំឈើកាច ស្រុកបាភ្នំ
*ទី៦៖ ឈ្មោះ ឃុត ចាន់ដេវីត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិមាត់ព្រៃ ឃុំជើងភ្នំ ស្រុកបាភ្នំ។
លោក សេង ទៀង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះក្រុមគ្រួសារសពជនរងគ្រោះទាំងនោះ ដើម្បីសំដែងសមានចិត្ត ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ដែលត្រូវបាត់បង់ស្វាមី និងកូនៗជាទីស្រលាញ់ ក៏ដូចជាការបាត់បង់នូវធនធានមនុស្ស ដ៏មានសក្ដានុពលសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិផងដែរ។
លោកបានបញ្ជាក់ថា ថវិកាដែលនាំយកមកប្រគល់ ដល់ដៃក្រុមគ្រួសារសពជនរងគ្រោះពេលនេះ គឺក្នុងនាមសប្បុសធម៌ ដោយបានមកពីការខិតខំយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើការអំពាវនាវស្វែងរកមូលនិធិ ពីសប្បុរជននានា ដើម្បីជួយក្នុងនាមខ្មែរដូចគ្នា ខ្មែរតែមួយឈាមជ័រតែមួយ។
លោក សេង ទៀង ក៏បានសំណូមពរផ្ដាំផ្ញើ ដល់ក្រុមគ្រួសារសពនីមួយៗ កុំអស់សង្ឃឹម ដើម្បីបន្តមុខរបរចឹញ្ចិមជីវិត និងគ្រួសារ តទៅមុខទៀត ជៀសវាងប្រព្រឹត្តអំពើ ដែលសង្គមមិនត្រូវការ។
ក្នុងឱកាសនោះ ក្រុមគ្រួសារសពទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែមានការយកចិត្តទុកដាក់ និងដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ មិនថា ក្នុងពេលវេលាណាមួយឡើយ និងដោយមិនមានការរើសអើងអ្វីឡើយ៕