(បាត់ដំបង)៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែងអភិបាលរងខេត្តបាត់ដំបងថ្មីចំនួន ២រូប ខណៈអភិបាលរងចាស់ត្រូវបានចូលនិវត្តន៍។
នៅក្នុងពិធីនេះ ក៏មានការចូលរួមពីគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ មន្រ្តីរាជការ អង្គភាពនានា ក្រុមប្រឹក្សាឃុំក្នុងខេត្តចូលរួមជាច្រើននាក់ ផងដែរ នៅសាលាខេត្តបាត់ដំបង។
លោក យឹម សៀប និងលោកស្រី សុំ ចិន្តា អភិបាលរងខេត្តបាត់ដំបង ដែលទើបបានតែងតាំង បានឡើងប្តេជ្ញាចិត្តក្នុងអង្គពិធីថា ក្រោយការតែងតាំងហើយលោក និងលោកស្រី នឹងខិតខំធ្វើការងារបំរើការងារទាំងក្នុងរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀតផងដែរ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា បានថ្លែងដែរថា ដើម្បីបំពេញជួរថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ដែលបានចូលនិវត្តន៍ចំនួន ២រូបហើយ និងយោងតាមការចាំបាច់របស់រដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ បានផ្តល់សេចក្តីទុកចិត្តតែងតាំងអភិបាលរងចំនួន ២រូប ក្នុងនោះមានលោក យឹម សៀប ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ជាអភិបាលរងខេត្តបាត់ដំបងថ្មី និងលោកស្រី សុំ ចិន្តា ពីអភិបាលរងក្រុងបាត់ដបង មកជាអភិបាលរងខេត្តបាត់ដំបងថ្មី។
ជាមួយគ្នានោះដែរ លោករដ្ឋលេខាធិការ បានជំរុញឲ្យរដ្ឋបាលខេត្តត្រូវសាមគ្គីផ្ទៃក្នុងល្អ ពង្រឹងការងារឲ្យមានប្រសិទ្ធភាព និងបំរើប្រជាពលរដ្ឋឲ្យបានល្អបន្ថែមទៀត។
លោក សក់ សេដ្ឋា ក៏បានផ្តាំផ្ញើដល់ថ្នាក់នាំខេត្តទាំងអស់ ត្រូវមានសាមគ្គីផ្ទៃក្នុងល្អ ពង្រឹងការងារឲ្យមានប្រសិទ្ធភាព និងដើម្បីបំរើប្រជាពលរដ្ឋឲ្យបានល្អ គឺត្រូវពង្រឹងសន្តិសុខជូន ប្រជាពលរដ្ឋឲ្យបានល្អ ឲ្យពួកគាត់រស់នៅបានសុខសុវត្ថិភាពនៅតាមមូលដ្ឋាន។
លោកបានបញ្ជាក់ថា «ទោះបច្ចុប្បន្ននេះប្រទេសយើងមានសន្តិភាពហើយក៏ដោយ តែយើងត្រូវពង្រឹងសុខសន្តិភាពឲ្យនៅស្ថិតស្ថេរគង់វង្សតទៅទៀត និងរួមគ្នាការពារ កសាង អភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចំរើនបន្ថែមទៀត ក្នុងទិសដៅកំណើនសេដ្ឋកិច្ចជាតិ ស្ថិតក្នុងលំដាប់ប្រាក់ចំណូលមធ្យមកំរិតទាប ទៅជាចំណូលមធ្យមកំរិតខ្ពស់ នៅពេលខាងមុខផងដែរ»៕