(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខាធិការរង ក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការដឹកនាំការងារហ្វឹកហ្វឺន អប់រំចិត្តសាស្រ្ត ប្រវត្តិសាស្រ្ត និងសណ្តាប់ធ្នាប់ បានណែនាំឲ្យមន្រ្តីយោធាដែលជាសិក្ខាកាមវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខា (វគ្គពិសេស) ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ ឱ្យគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ដោយហាមដាច់ខាតការប្រព្រឹត្តសកម្មភាពខុសច្បាប់នានា ជាពិសេសពាក់ព័ន្ធគ្រឿងញៀនតែម្តង។
ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក គឹម រស្មី បានធ្វើឡើងក្នុងឱកាសដែលលោក ក្នុងនាមជាតំណាងនាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ បានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសាស្រ្តាចារ្យ យោធាចារ្យ និងសិក្ខាកាមវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខា (វគ្គពិសេស) ឆ្នាំ២០១៩ ចំនួន២១៦នាក់ នៅសាលប្រជុំអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក គឹម រស្មី បានឡើងឧទ្ទេសនាម ដោយចែករំលែកនូវបទពិសោធន៍ល្អៗជាច្រើន ដើម្បីជាជំនួយស្មារតីដល់ ការសិក្សារបស់សិក្ខាកាម ព្រមទាំងបាននាំយកអនុសាសន៍ដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅជម្រាបដល់សិក្ខាកាមក្នុងវគ្គសិក្សា សម្រាប់ការអនុវត្តតួនាទី ភារកិច្ចខ្លួនក្រោយពេលបញ្ចប់ការសិក្សានេះផងដែរ។ មិនតែប៉ុណ្ណោះ លោកនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិថែមទៀត។
ឧត្តមសេនីយ៍ឯក គឹម រស្មី បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាម ដែលកំពុងរៀនសូត្រត្រូវអនុវត្តនូវកិច្ចការមួយចំនួនរួមមាន៖
* យកចិត្តទុកដាក់ការរៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វយ័ភាពសិក្សាទាំងទ្រឹស្តី និងអនុវត្តជាក់ស្តែង។
* ត្រូវមានវត្តមានគ្រប់ម៉ោងសិក្សា គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន និងហាមដាច់ខាតការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា ជាពិសេស ចៀសឲ្យផុតពីគ្រឿងញៀន។
* ត្រូវគោរពឲ្យបានដាច់ខាតនូវរាល់ខ្លឹមសារ ដែលចែងក្នុងបទបញ្ជាផ្ទៃក្នុង បញ្ញត្តិ សេចក្តីសម្រេចនានារបស់គណៈកម្មការហ្វឹកហ្វឺន។
* ត្រូវប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឲ្យចេះ មិនមែនរៀនឲ្យចប់» ព្រោះគុណភាពមិនអាចសម្របសម្រួលបានឡើយ។
* ពេលត្រលប់ទៅអង្គភាពវិញ ត្រូវចេះបង្ហាញពីឥរិយាបទការងារថ្មី ជាយោធិនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឲ្យថ្នាក់ដឹកនាំផ្តល់ជំនឿទុកចិត្តមកលើខ្លួន។
នៅក្រោយបិទបញ្ចប់ពិធីសំណេះសំណាលនេះ ឧត្តមសេនីយ៍ឯក គឹម រស្មី បានផ្តល់នូវថវិកាឧបថត្ថម្ភចំនួន ៤លានរៀល ដល់អនុគណៈកម្មការហ្វឹកហ្វឺន សម្រាប់ការចំណាយផ្សេងៗ ក្នុងការសិក្សារបស់សិក្ខាកាម៕