(ហ្សឺណែវ, ស្វីស)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានអំពាវនាវដល់អង្គការពាណិជ្ជកម្មពិភពលោក (WTO), មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ និងអង្គការ UNCTAD បន្តផ្តល់ជំនួយ និងគម្រោងនានា ជួយគាំទ្រដល់វិស័យពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្ម ដែលអាចបង្កើនចំណូល កាត់បន្ថយភាពក្រក្រី និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ការអំពាវនាវរបស់រដ្ឋមន្ត្រីពាណិជ្ជកម្ម បានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះលើកទី៥៣ (53rd Joint Advisory Group Meeting) ដែលប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោកស្រី អារ៉ាញ់ឆា ហ្កន់ហ្សាឡេស (Arancha Gonzalez) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។
ក្នុងកិច្ចប្រជុំនេះ មានការធ្វើសេចក្តីថ្លែងការណ៍ដោយអគ្គទីប្រឹក្សាកូស្តារីកាជាប្រធានអង្គប្រជុំចាស់ អគ្គរដ្ឋទូតហ្វាំងឡង់ជាប្រធានអង្គប្រជុំថ្មី អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក អគ្គលេខាធិការនៃអង្គការ UNCTAD នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ អនុរដ្ឋមន្រ្តីពាណិជ្ជកម្មមីយ៉ាន់ម៉ា និងប្រធានអង្គការអន្តរជាតិ និងឥស្សរៈជនជាន់ខ្ពស់ដទៃទៀតផងដែរ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះបានរាយការណ៍ពីសកម្មភាពពីឆ្នាំ២០១៨ និងថ្លែងដោយផ្តោតសំខាន់លើទំនាក់ទំនង និងការរួមចំណែករបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការ UNCTAD ក្នុងការជួយគាំទ្រដល់ប្រទេសដែលមានសេដ្ឋកិច្ចតូច និងទន់ខ្សោយ តាមរយៈការផ្តល់គម្រោងជាច្រើន ដើម្បីជំរុញការអភិវឌ្ឍ និងជួយឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងឆ្នាំ២០៣០។
អង្គការទាំងនេះ បានបញ្ជាក់ពីជំហរក្នុងបន្តសកម្មភាព និងគម្រោងនានា ក្នុងការបន្តជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីជួយជំរុញការអភិវឌ្ឍ និងវិស័យពាណិជ្ជកម្ម តាមរយៈការផ្តល់អនុសាសន៍ និងការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុផងដែរ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការ និងជំនួយដែលបានផ្តល់ដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។ ជំនួយទាំងអស់នោះមានដូចជា ការចូលរួមគាំទ្រការអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជាកន្លងមក ការអភិវឌ្ឍន៍ធនធានមនុស្ស និងជំនាញ ការពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម និងការជួយដល់សហគ្រាសកម្ពុជាមួយចំនួនចូលរួមក្នុងពិព័រណ៍នាំចេញនាំចូលចិនលើកទី២ នៅទីក្រុងសៀងហៃ ក្នុងឆ្នាំ២០១៩។
នៅថ្ងៃម្សិលមិញនេះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ លោក រ៉ូប៊ែតូ អាហ្សែវ៉េដូ (Roberto Azevedo) អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ លោករដ្ឋមន្ត្រី និងលោកអគ្គនាយក បានពិភាក្សាពីភាពចាំបាច់ក្នុងការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ដើម្បីជួយដល់ប្រទេសអភិវឌ្ឍន៍តិចតួច ដោយក្នុងនោះរួមមានជំនួយសម្រាប់ពាណិជ្ជកម្មផងដែរ៕