(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសចូលកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ ជូនដល់នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និងលោក យន្ត មីន រួមទាំងបំពាក់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផងដែរ។

ពិធីនេះរៀបចំឡើងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តអនុវត្តការងារ សម្រាប់ឆមាសទី២ ឆ្នាំ២០១៩។ 

សូមជម្រាបថា នៅដើមខែឧសភា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខាធិការក្រសួងការពារជាតិ។ ដោយឡែក លោក យន្ត មីន ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យមួយ ដំឡើងឋានន្តរស័ក្តិ ជានាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា លោក យន្ត មីន បានសុំលាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ បន្ទាប់ពីមានករណីរលំបាក់អគារកម្ពស់៧ជាន់ គ្មានច្បាប់អនុញ្ញាតមួយ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩៕