(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តអនុវត្តការងារសម្រាប់ឆមាសទី២ ឆ្នាំ២០១៩។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងទាំងថ្នាក់ដឹកនាំកងរាជអាវុធហត្ថផងដែរ។
បើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅក្នុងឱកាសបូកសរុបលទ្ធផលប្រចាំឆមាសនោះ ក៏មានការបំពាក់ឋានន្តរសក្តិជូន នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និង នាយឧត្តមសេនីយ៍ យន្ត មីន ដែលត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងការពារជាតិ ផងដែរ។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសរបស់ក្រសួងការពារជាតិ តែងបានធ្វើឡើងជាទៀងទាត់ ដើម្បីត្រួតពិនិត្យវាយតម្លៃការងារផ្សេងៗក្នុងវិស័យការពារជាតិ។ នៅក្នុងកិច្ចប្រជុំនោះ សម្តេចពិជ័យសេនាទៀ បាញ់ បានផ្តល់អនុសាសន៍ផ្សេងៗ ដើម្បីជំរុញ និងពង្រឹងការងារក្នុងវិស័យការពារជាតិជាដើម៕