(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា បញ្ហាពីរយ៉ាងធ្វើឱ្យអ្នកជំងឺគ្រុនឈាមគ្រោះថ្នាក់ដល់ជីវិត (ស្លាប់) ពេលដែលទទួលការព្យាបាលមិនបានត្រឹមត្រូវ ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា «បញ្ហាពីរយ៉ាងនោះ គឺពេលខ្លួន ឬកូនរបស់ខ្លួនក្ដៅខ្លួន ផ្ដល់ឱសថដោយខ្លួនឯង និងទៅពេទ្យដែលមិនមានជំនាញ ឬមួយទៅកន្លែងលក់ឱសថ ឱ្យគេផ្សំឱ្យលេប ដែលធ្វើឱ្យកើតមានបញ្ហាពីរ គឺទី១៖ ការប្រើប្រាស់សេរ៉ូមទឹកខ្ពស់ ធ្វើឱ្យទឹកលេចសួត និងទី២៖ ប្រើប្រាស់ថ្នាំបញ្ចុះកំដៅ ប៉ារ៉ាសេតាម៉ុល (Paracetamol) ច្រើនលើសចំណុះ ធ្វើឱ្យយើងខូចថ្លើម ឬរលាកថ្លើម ដែលជំរុញឱ្យមានការហូរឈាមចេញមក ដែលបណ្ដាលឱ្យគ្រោះថ្នាក់ដល់ជីវិតបាន» ។
ការថ្លែងដូច្នេះរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាបណ្ដុះបណ្ដាល ស្ដីពី «ការគ្រប់គ្រង ថែទាំ និងព្យាបាលជំងឺគ្រុនឈាម» នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ នាសណ្ឋាគារភ្នំពេញ។
រដ្ឋមន្ដ្រីបន្ដថា «ដោយសារយើងសង្កេតថា ករណីដែលស្លាប់ដោយជំងឺគ្រុនឈាមនៅតាមមន្ទីរ ដែលគេបញ្ជូនមកមន្ទីរពេទ្យយើងនេះ ភាគច្រើន គឺទទួលបានការព្យាបាលរួចហើយដោយខ្លួនឯង ឬជាមួយពេទ្យឯកជនមួយចំនួន ឬតាមឱសថស្ថានដែលផ្សំថ្នាំ តែបានធ្វើឱ្យជំងឺនោះ កាន់តែធ្ងន់ធ្ងរ ដូច្នេះហើយបានជាយើងនៅតែបន្ដពង្រឹងចំណេះដឹងលើផ្នែកនេះ ទៅដល់គ្រូពេទ្យរដ្ឋ និងឯកជនទូទាំងប្រទេស ឱ្យស្វែងយល់បន្ថែមទៀត ពីការគ្រប់គ្រងថែទាំ ព្យាបាលអ្នកជំងឺគ្រុនឈាមនេះ ដើម្បីធ្វើយ៉ាង ឱ្យអត្រាស្លាប់ក្រោម ០.២%»។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ គ្រូពេទ្យេឯកជន និងអ្នកលក់ថ្នាំនៅតាមឱថសការីទាំងអស់ សូមកុំចេះតែលក់ថ្នាំ ដោយគ្មានវេជ្ជបណ្ឌិតត្រឹមត្រូវ និងផ្សំថ្នាំផ្ដេសផ្ដាស ព្រោះជំងឺគ្រុនឈាមនេះ វាខុសប្លែកពីជំងឺដទៃទៀត ដែលត្រូវមានការពិនិត្យតាមដាន វិនិច្ឆ័យឱ្យបានច្បាស់លាស់។
សូមជម្រាបថា ជំងឺគ្រុនឈាមក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩នេះ ដែលគិតចាប់ពីខែមករា-មិថុនា (គិតត្រឹមសប្ដាហ៍ទៅ២១) មានចំនួនសរុប ១៣.៨៤៣ករណី ស្លាប់ ២៤នាក់ (អត្រាស្លាប់០,២) មានន័យថា ប្រហែល៥ដងកើនឡើងច្រើនជាងឆ្នាំ២០១៨ ដែលមានតែ ២.៥៣០ករណី ស្លាប់៧នាក់ ៕