(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញមកដល់ទឹកដីទីក្រុងហ្សឺណែវ ប្រទេសស្វីស ប្រកបដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បងប្អូន ប្រជាពលរដ្ឋនៅរស់ប្រទេសស្វីស និងមកពីប្រទេសមួយចំនួននៅអឺរ៉ុប នៅក្នុងឱកាសពេលអញ្ជើញ ដល់សណ្ឋាគារ Kempinski Geneva Hotel ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង៥ល្ងាច ម៉ោងនៅប្រទេសស្វីស។
សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទសស្វីស ដើម្បីចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ដំណើរទៅចូលរួមកិច្ចប្រជុំនៅអង្គការពាណិជ្ជកម្មពិភពលោកសម្តេចតេជោ និងគណៈប្រតិភូធ្វើឡើងតបតាមការអញ្ជើញរបស់លោក រ៉ូបឺតូ អាហ្សេវេដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ ពាណិជ្ជកម្មឆ្នាំ២០១៩» នឹងប្រព្រឹត្តទៅក្រោមមូលបទ «គាំទ្រពិពិធកម្ម និងការលើកកម្ពស់សេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម» មានគោលបំណងពិនិត្យមើលពីរបៀប ដែលជំនួយពាណិជ្ជកម្ម អាចទ្រទ្រង់ប្រកបដោយប្រសិទ្ធភាព ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។
ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា អាស្រ័យដោយសមិទ្ធផលដ៏ធំធេងរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជោគជ័យក្នុង ការកាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងពិធីបើកកិច្ចប្រជុំផងដែរ។
ក្នុងឱកាសនោះ សម្តេចនឹងគូសបញ្ជាក់ពីបទពិសោធន៍ កិច្ចប្រឹងប្រែង និងយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងការជម្នះឧបសគ្គនានា និងនាំមកនូវកំណើនសេដ្ឋកិច្ច គួរឲ្យកោតសរសើរដល់ប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នឹងប្រកាសជាផ្លូវការនូវយុទ្ធសាស្រ្តសមាហរណកម្ម ពាណិជ្ជកម្មរបស់កម្ពុជា ឆ្នាំ២០១៩-២០២៣ ព្រមទាំងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីសង្គម ដែលរៀបចំដោយ WTO ផងដែរ។
ក្រៅពីកិច្ចប្រជុំខាងលើ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលនឹងផ្តល់សារដ៏សំខាន់ និងច្បាស់លាស់មួយ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងឱកាសស្នាក់នៅទីក្រុងហ្សឺណែវ សម្តេចតេជោនាយករដ្ឋមន្ត្រីរំពឹងថា នឹងមានជំនួបទ្វេភាគីដោយឡែកពីគ្នា ជាមួយលោក វិល ស្គីនណារី រដ្ឋមន្រ្តីសហប្រតិបត្តិការអភិវឌ្ឍ និងពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសហ្វាំងឡង់, លោក រតនាការ អាឌីការី នាយកប្រតិបត្តិនៃក្របខណ្ឌពង្រឹង សមាហរណកម្មពាណិជ្ជកម្មនៃ WTO, លោកស្រី មីសែល បាឆេឡេត ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ព្រមទាំងជាមួយថ្នាក់ដឹកនាំផ្សេងៗទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងដែរថា សម្តេចតេជោ ហ៊ុន សែន នឹងទទួលការចូលជួបសម្តែងការគួរសម ពីតំណាងក្រុមហ៊ុនអឺរ៉ុបមួយចំនួន និងឆ្លៀតឱកាសទទួលជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ខ្មែរ ដែលរស់នៅប្រទេសស្វីស និងប្រទេសអឺរ៉ុបផ្សេងទៀត។
អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសស្វីសនាពេលនេះ រួមមាន៖ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត របស់រាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕