(ភ្នំពេញ)៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ស្នើដល់កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលបានយកឈ្មោះរបស់លោក ទៅប្រើប្រាស់គំរាមសមត្ថកិច្ច និងរកស៊ីជំនួញឈើខុសច្បាប់នៅកម្ពុជា។
លោក សេង ទៀង បានអះអាងប្រាប់ថា លោកមិនដែលរកស៊ីជួញដូរឈើខុសច្បាប់ ឬជាប់ពាក់ព័ន្ធឈ្មួញណាដែលរកស៊ីឈើខុសច្បាប់ឡើយ ប្រសិនបើសមត្ថកិច្ចគ្រប់ជាន់ ថ្នាក់បានដឹង បានលឺ និងឃើញជនណាដែលយកឈ្មោះរបស់លោកដោយអះអាងថា ជាក្មួយ ឬជាបងប្អូនរបស់លោកទៅរកស៊ី ល្មើសច្បាប់នោះ សូមឲ្យកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ចាប់ឃាត់ខ្លួនភ្លាមៗ និងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការយោគយល់ និងអនុគ្រោះឡើយ។
ការអះអាងរបស់លោក សេង ទៀង ធ្វើឡើងបន្ទាប់ពីសារព័ត៌មានក្នុងស្រុក បានសរសេរចេញផ្សាយថា «ឈ្មួញព្រៃឈើឈ្មោះ ផល្លា សោភ័ណ្ឌ និង ហេង យកឈ្មោះលោក សេង ទៀង ជំនួយការសម្តេចតេជោ ទៅរកស៊ីបទល្មើសព្រៃឈើនៅភូមិភាគឥសាន ធ្វើឲ្យមន្រ្តីជំនាញឡើងរួញដូចដុកឌឿ»។
ជាការគត់សំគាល់ កន្លងមកឈ្មួញដែលរកស៊ីទង្វើខុសច្បាប់ មានគ្រប់សណ្ឋាន តែងតែយកឈ្មោះរបស់ថ្នាក់ដឹកនាំ ទៅគំរាមសមត្ថកិច្ច ដើម្បីគេចវេសពីការអនុវត្តច្បាប់ ពីសំណាក់កម្លាំងសមត្ថកិច្ច និងធ្វើឲ្យពួកគេងាយស្រួលក្នុងការរកស៊ីទំនិញខុសច្បាប់៕