(ភ្នំពេញ)៖ ក្រោយពីចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកាត់បន្ថយភាពក្រីក្រ និងជួយលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋតាមបណ្ដាខេត្តនានា ខាងផ្នែកព្រះពុទ្ធសាសនា ជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន, ព្រះតេជគុណ ច័ន្ទ សុភាព ប្រធានសមាគមរស្មីមូលនិធិសប្បុរសធម៌ ដែលគង់នៅវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បានមានសង្ឃដីកា សន្យាបន្តជួយឧបត្ថម្ភទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ សម្ភារ និងបច្ច័យ ចំនួន២លានរៀលរៀងរាល់ខែ ជូនសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដើម្បីតម្កល់ទុកជួយប្រជាពលរដ្ឋងាយរងគ្រោះតាមមូលដ្ឋាន។
ក្នុងពិធីប្រគល់ និងទទួលទេយ្យទាន និងបច្ច័យ នៅសាលាខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងនាមប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ លោក ជា ពិសី តំណាងឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណ ច័ន្ទ សុភាព ដែលបានផ្ដល់ជូននូវវប្បធម៌ចែករំលែក មកដល់អនុសាខាខណ្ឌ ក្នុងបំណងចូលរួមគាំទ្រជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។
ក្រៅពីការថ្លែងអំណរគុណ លោក ជា ពិសី បានថ្លែងថា លោកនឹងបន្តនាំយកនូវទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និងសម្ភារដែលព្រះតេជគុណ ច័ន្ទ សុភាព បានឧបត្ថម្ភជួយមកអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌ ដើម្បីបន្តចែក ជូនជួយសង្គ្រោះទៅដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ក្នុងការចូលរួមលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យស្របតាមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ព្រះតេជគុណ ច័ន្ទ សុភាព បានមានសង្ឃដីកាថា សម្រាប់ទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ និងសម្ភារ ដែលនាំយកមកប្រគេនដល់ អនុសាខាកាកបាទក្រហមកម្ពុជា និងត្រូវបានជួយផ្ដល់ជាបន្តបន្ទាប់ទៀត ដែលបានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើន ដើម្បីសហការបរិច្ចាគនូវវប្បធម៌ចែករំលែក ក្នុងបំណងលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពរីកចម្រើន លូតលាស់ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ។
លើសពីនេះ ព្រះតេជគុណ ច័ន្ទ សុភាព បានមានសង្ឃដីទៀតថា សម្រាប់ទេយ្យទាន ដែលបានឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ នាពេលនេះរួមមាន៖ អង្ករ១តោន, ទឹកស៉ីអ៉ីវ ១០០យួរ, ទឹកត្រី ១០០យួរ, ទឹកសុទ្ធ ១០០យួរ, និងបច្ច័យ ចំនួន២លានរៀល និងត្រូវបន្តជួយឧបត្ថម្ភជារៀងរាល់ខែ៕