(កណ្តាល)៖ ជារឿងគួរឱ្យសង្វេគជាពន់ពេកសម្រាប់គ្រួសារថ្មោងថ្មីមួយគូដែលទើបចាប់ដៃគ្នាសាងទ្រនំជីវិតបានប្រមាណ៣ខែ ស្រាប់តែមច្ចុរាជលើដងវិថីឥតក្តីមេត្តាបានឆក់យកជីវិតស្វាមីទៅបាត់ ដោយបន្សល់ទុកឱ្យភរិយា និងកូនក្នុងផ្ទៃអាយុទើបមួយខែត្រូវរស់នៅនៅឯកាលើលោកាដ៏ធំធេង។
បុរសជាស្វាមីនៃគ្រួសារថ្មោងថ្មីនេះមានឈ្មោះ សួង វិសាល អាយុ ២៤ឆ្នាំ មានទីលំនៅភូមិរំពែងព្រះរៀម ឃុំរំពែងព្រះរៀម ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បុរសជាជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនាវេលាម៉ោងប្រមាណ ៥ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល លើកំណាត់ផ្លូវជាតិលេខ៦១ ចន្លោះគីឡូម៉ែត្រលេខ១៣-១៤។
មន្ត្រីនគរបាលប៉ុស្តិ៍ឃុំកោះចិន បានឱ្យដឹងថា នៅមុនពេលកើតហេតុមានជនមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1C-4747 ក្នុងទិសដៅពីលិចទៅកើត (បញ្ច្រាស់ទិស)។ លុះដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងដែលមានទិសដៅពីកើត ទៅលិច (កំពង់ចាម-ភ្នំពេញ) បណ្តាលឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតកើតហេតុ។
ក្រោយកើតហេតុជនបង្កបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុបន្សល់ទុកតែម៉ូតូ។ ដោយឡែកសពជនរងគ្រោះត្រូវបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិរំពែងព្រះរៀម ឃុំរំពែងព្រះរៀម ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
យោងតាមប្រភពពីប្រជាពលរដ្ឋនៅជិតលំនៅឋានរបស់ជនរងគ្រោះ បានឱ្យដឹងថា បុរសជាជនរងគ្រោះនេះ ទើបរៀបការថ្មីថ្មោងជាមួយភារិយាដែលមានស្រុកកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ប្រជាពលរដ្ឋរៀបរាប់បន្តថា ដោយសារតែភរិយាកំពុងតែរៀនបាក់ឌុបនៅឡើយនោះ ឪពុកម្តាយទាំងសងខាងទុកឱ្យភរិយានៅរៀនដោយមិនទាន់មករស់នៅជុំគ្នាក្នុងខេត្តកំពង់ស្ពឺនោះឡើយ។
ជាធម្មតាជនរងគ្រោះជាស្វាមីដែលកំពុងធ្វើការនៅខេត្តកំពង់ស្ពឺនោះ តែងជិះម៉ូតូទៅលេងភរិយានៅស្រុកសៀម ខេត្តកំពង់ចាមរៀងរាល់ប្រមាណ ៣ ទៅ៤ថ្ងៃម្តង។ លុះនៅថ្ងៃព្រឹកថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ ពេលជិះត្រឡប់មកពីលេងភរិយានោះ ក៏ជួបគ្រោះអកុសលដល់ជីវិតតែម្តង។
មកដល់ពេលនេះសមត្ថកិច្ចមិនទាន់រកឃើញជនបង្កហេតុនៅឡើយនោះទេ។ ក្រុមគ្រួសារជនរងគ្រោះ បានអំពាវនាវដល់សមត្ថកិច្ចតាមវែកមុខជនបង្កហេតុចូលមកដោះស្រាយទៅតាមផ្លូវច្បាប់។
ក្រឡេកទៅឯផ្ទះរបស់ជនរងគ្រោះវិញ រឹតតែសង្វេគថែមទៀត។ សង្វេគដោយសារតែស្ត្រីជាម្តាយរបស់ជនរងគ្រោះ និងមានជីវភាពខ្សត់ខ្សោយផងនោះ បានយំសោកសង្រេងជាខ្លាំង ព្រោះនេះសមាជិកទី៣ហើយក្នុងគ្រួសាររបស់គាត់ដែលបានចាកចោលរូបគាត់ជារៀងរហូត បន្ទាប់ពីស្វាមី និងកូនម្នាក់ផ្សេងទៀត៕