(ភ្នំពេញ)៖ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ជាប្រធាននាយកដ្ឋាន បានធ្វើការប្ដេជ្ញាចិត្តថា នឹងធ្វើយ៉ាងណាឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់នៅក្នុងប្រទេសកម្ពុជា មានសមត្ថភាព ចំណេះដឹង និងវិជ្ជាជីវៈខ្ពស់ ដើម្បីចូលរួមចំណែកការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាមួយអាជ្ញាធរមានសមត្ថកិច្ច។
ការប្ដេជ្ញាចិត្តរបស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានធ្វើឡើងនៅល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញតំណាងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាល ជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ បិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី១៧ ដែលមានសិក្ខាកាមប្រមាណ២០០នាក់ចូលរួម។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានលើកឡើងយ៉ាងដូច្នេះថា «ដើម្បីឲ្យភ្នាក់ងារសន្ដិសុខឯកជន ពោពេញទៅដោយសមត្ថភាពពេញលេញ អគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងខិតខំធ្វើយ៉ាងណា ឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំង ត្រូវតែមានសមត្ថភាព ចំណេះដឹង វិជ្ជាជីវៈ ក្រមសីលធម៌ ដើម្បីលើកកម្ពស់វិស័យនេះឲ្យមានភាពរីកចម្រើនជាបន្ដបន្ទាប់»។
ប្រធាននាយកដ្ឋានរូបនេះ បានគូសបញ្ជាក់ទៀតថា ភ្នាក់ងារសន្ដិសុខឯកជន ពុំមែនមានតួនាទីត្រឹមតែជាអ្នកការពារទ្រព្យសម្បត្តិឯកជន ឬសហគ្រាស គ្រឹះស្ថានឯកជនប៉ុណ្ណោះទេ តែក៏មានកាតព្វកិច្ចចូលរួមការពារទ្រព្យសម្បត្តិសាធារណៈ សន្ដិសុខសង្គម និងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ ជាពិសេសមានតួនាទីជាកម្លាំងជំនួយដ៏សំខាន់ ដល់អាជ្ញាធរមានសមត្ថកិច្ច។
លើសពីនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបន្ថែមថា ភ្នាក់ងារសន្ដិសុខ ក៏មានសិទ្ធិជួយជាកម្លាំងជំនួយក្នុងការជួយឃាត់ជនល្មើស ហើយត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រគល់ជនល្មើសនោះ ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ជាធរមាន ហើយភ្នាក់ងារសន្ដិសុខឯកជន ដែលកំពុងតែយាមកាមនៅកន្លែងកម្សាន្ដផ្សេងៗ ត្រូវរាយការណ៍ភ្លាមនៅពេលឃើញបទល្មើសកើតឡើង ពិសេសបទល្មើសគ្រឿងញៀន នៅតាមផ្ទះសំណាក់ ក្លឹបកម្សាន្ដ និងខារ៉ាអូខេជាដើម។
សូមរំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានលើកទឹកចិត្តឲ្យតាមបណ្ដាក្លឹបកម្សាន្ដ ខារ៉ាអូខេ ឬកន្លែងសប្បាយភាពទាំងអស់ គួរតែប្រើប្រាស់ភ្នាក់ងារសន្ដិសុខឯកជនឲ្យបានច្រើន ខណៈដែលបច្ចុប្បន្នភា្នក់ងារសន្ដិសុខឯកជន ក៏ទទួលបានការបណ្ដុះបណ្ដាល ពីអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។
ផ្ដើមចេញពីបញ្ហានេះ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន សូមអំពាវនាវដល់បណ្ដាគ្រឹះស្ថាន សប្បាយភាពទាំងអស់ ជាពិសេសក្លឹបកម្សាន្ដ ខារ៉ាអូខេ និងកាស៊ីណូ មិនត្រូវប្រើប្រាស់កងកម្លាំង ប្រដាប់អាវុធឡើយ ត្រូវជ្រើសយកភា្នក់ងារសន្ដិសុខឯកជន មកការពារកន្លែងរបស់ខ្លួន ដោយភ្នាក់ងារសន្ដិសុខឯកជនទាំងនោះ មានការបំពាក់បំប៉នជំនាញ សមត្ថភាព វិជ្ជាជីវៈ និងច្បាប់ត្រឹមត្រូវ៕