(ភ្នំពេញ)៖ ដោយមានការជួយជ្រោមជ្រែងពីសំណាក់លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធបានសម្របសម្រួលយកកុមារា អាយុ ៣ឆ្នាំ ដែលកំពុងស្នាក់នៅជាមួយម្តាយ នៅមណ្ឌលអប់រំកែប្រែទី២ (ម២) ដើម្បីយកមកថែរក្សា និងទទួលបានការអប់រំនៅអង្គការ «ការអភិវឌ្ឍកុមារកម្ពុជា» ស្ថិតនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
ការសម្របសម្រួលយកកុមារា មានអាយុ ៣ឆ្នាំ បានធ្វើឡើងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ ដឹកនាំដោយលោកស្រី ឆាំ ម៉ារី សមាជិក គ.ស.ម.ក និងជាអគ្គនាយិកា នៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស រួមដំណើរដោយលោក ប៊ុត ផល្លា សមាជិក គ.ស.ម.ក និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត នៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស លោក រស់ សាវី អនុប្រធាននាយកដ្ឋានស៊ើបអង្កេត លោក អ៊ឹម ម៉ានិត អនុប្រធាននាយកដ្ឋានស៊ើបអង្កេត កញ្ញា ពៅ ខេមរី អនុប្រធានាយកដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងអង្គការសហប្រជាជាតិ។
ជាមួយគ្នានេះដែរ ក្រុមការងារបានជួបជាមួយលោកស្រី ឈូក សីហា នាយិការនៃអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» បានពិនិត្យផ្ទាល់។ បន្ទាប់មកក្រុមការងារ គ.ស.ម.ក និងសហការីរបស់អង្គការបានចុះទៅជួបជាមួយ លោក ឃិន ទីគុណ អនុប្រធានមណ្ឌលអប់រំកែប្រែទី២ (ម២) និងមន្ត្រីជំនាញ ដើម្បីធ្វើការតាមបែបបទរដ្ឋបាល និងនីតិវិធីច្បាប់ក្នុងការទទួលក្មេងយកទៅចិញ្ចឹមបីបាច់ថែរក្សានៅក្នុងអង្គការ។
ការសម្របសម្រួលទទួលយកកុមារ ដែលទៅតាមម្តាយនៅក្នុងពន្ធនាគារ គឺកើតចេញពីទឹកចិត្តអាណិតអាសូររបស់ លោក កែវ រ៉េមី ជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងជួយជំរុញឱ្យក្មេងប្រុសម្នាក់នេះ ព្រមទាំងក្មេងៗផ្សេងៗទៀត ដើម្បីទទួលឱកាសចេញមកខាងក្រៅ ដើម្បីទទួលបានការអប់រំ និងរស់នៅក្នុងបរិយាកាសដែលប្រសើរ។
សូមជម្រាបថា ថ្មីៗនេះ លោក កែវ រ៉េមី បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនៅមណ្ឌលអប់ប្រែរំម២មក ដោយបានឃើញស្រ្តីម្នាក់ជាប់ឃុំ ដោយសារមានទោសច្រើនបូកផ្សំបញ្ចូលគ្នា រហូតដល់ជាប់ទោស១៦៥ឆ្នាំ។ អ្វីដែលសំខាន់ គឺមានកូននៅជាមួយ ក្នុងនាមជាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកពិតជាមានក្តីអាណិត និងរន្ធត់ក្នុងចិត្តខ្លាំងណាស់ដែលចាំបាច់ ត្រូវខិតខំរកអង្គការណា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលទទួលយកក្មេងនោះ ហើយដែលអាចផ្តល់ទាំងអាហារនិងចំណេះដល់ក្មេងបាន។
តាមរយៈការអប់រំកែប្រែចិត្តនេះហើយ នឹងផ្តល់ឱកាសដល់កូនៗរបស់ពួកគាត់បានទៅសិក្សានៅសាលាខាងក្រៅ តាមរយៈក្រុមការងារជួយកុមាររបស់ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ នៅតាមមណ្ឌលកុមារកំព្រា ឬអង្គការនានា ដើម្បីទទួលបានការអប់រំ ថែទាំ និងការបណ្តោះបណ្តាលលើជំនាញផ្សេងៗផងដែរ។
បន្ថែមពីនេះ លោក កែវ រ៉េមី បានអំពាវនាវដល់មាតាបិតាកុំប្រព្រឹត្តល្មើសនឹងច្បាប់ ដែលធ្វើឱ្យប៉ះពាល់អនាគតកូនៗមិនទាន់ដឹងអ្វីនោះ ឱ្យទទួលរងគ្រោះដោយសារតែខ្លួន។ លោក ក៏បានដាស់តឿនដល់នារី ដែលជាប់ឃុំនៅក្នុងមណ្ឌលអប់រំទាំងអស់ត្រូវខិតខំកែប្រែខ្លួន បន្ទាប់ពីអនុវត្តន៍ទោសរួចរាល់ត្រូវធ្វើជាមនុស្សល្អនៅក្នុងសង្គម ដើម្បីជាម្លប់ដល់កូនៗទាំងអស់ និងជាពិសេសផ្តល់ឱកាសសម្រាប់ឱ្យកូនតូចទាំងនេះ បានចូលសិក្សាដូចកុមារដទៃផ្សេងទៀតផងដែរ។
បន្ថែមពីនេះ លោកស្រី ឆាំ ម៉ារី បានពាំនាំប្រសាសន៍របស់លោក កែវ រ៉េមី ថ្លែងអំណរគុណដល់អង្គការ «ការអភិវឌ្ឍកុមារកម្ពុជា» ដែលខិតខំប្រឹងប្រែង និងបន្តសហការល្អ ទទួលយកក្មេងទៅបីបាច់ថែរក្សាដោយទឹកចិត្តអាណិតមេត្តា ព្រមទាំងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មណ្ឌលអប់រំកែប្រែទី២ ដែលបានសហការល្អ ជួយជ្រោមជ្រែងឱ្យការងារនេះដំណើរការយ៉ាងរលូន បន្ទាប់ពីបញ្ជូលទៅស្នាក់នៅ និងសិក្សារៀនសូត្រនោះ គណៈកម្មាធិការសិទ្ធិមនុស្ស នឹងបន្តសហការបន្ថែមទៀត ដើម្បីតាមសកម្មភាព និងការលំបាកផ្សេងៗរបស់កុមារនេះផងដែរ៕