(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់សូមបន្តវិធានការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ការអំពាវនាវបែបនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកជាអធិបតីភាពការ រៀបចំកម្មវិធីប្រារព្ធទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «សុខភាព ដើម្បីយុត្តិធម៌ យុត្តិធម៌ ដើម្បីសុខភាព» ដោយមានការចូលរួមពីសំណាក់លោកឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត ព្រះរាជអាជ្ញារងសាលាបំបូងខេត្ត នៅសាលាវិទ្យាល័យ ហ៊ុន សែន ស្នួល ស្ថិតនៅស្រុកស្នួល។
នៅក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត បានប្រាប់មន្រ្តីសមត្ថកិច្ចគ្រប់ប្រភេទ គ្រប់លំដាប់ថ្នាក់ត្រូវតែចៀសវាងឱ្យបានជាដាច់ខាត កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន កម្លាំងសមត្ថកិច្ចទាំងអស់ត្រូវចាត់វិធានការដោះស្រាយ បញ្ហាគ្រឿងញៀន នៅក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពបំផុត។
លោក វ៉ា ថន បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាសង្គមមួយស្មុគស្មាញ សម្រាប់មនុស្ស និងសង្គមជាតិទាំងមូល ហើយស្ថានភាពនៃការផលិតការចរាចរ និងការប្រើបំពានគ្រឿងញៀន គឺវិវត្តន៍ទៅតាមចរន្ត នៃភាពរីកចម្រើនបច្ចេកវិទ្យា វិទ្យាសាស្រ្តសង្គម និងសេដ្ឋកិច្ចដែលនិន្នាការនេះ គឺជាបញ្ហាប្រឈមដ៏លំបាកមួយសម្រាប់អនុវត្តច្បាប់ចំពោះបណ្តាប្រទេសនានា។
លោក វ៉ា ថន បានបន្ថែមទៀតថា គ្រឿងញៀននៅតែជាចំណុចប្រឈមដ៏គ្រោះថ្នាក់ ពុំទាន់មានការថយចុះនៅឡើយទេ ដូចជាការ ដាំការផលិត ការដឹកជញ្ជូន ការជួញដូរសារធាតុគីមីដែលខុសច្បាប់ ពីកន្លែងមួយទៅកន្លែងមួយទៀត នៅតែបន្តសកម្មភាពតាមគ្រប់មធ្យោបាយ ដើម្បីជួញដូរគ្រឿងញៀន នៅតាមទីផ្សារងងឹត ដែលកំពុងមានការកើនឡើងទាំងការជួញដូរ និងការប្រើប្រាស់។
លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានគូសបញ្ជាក់ថា ការរៀបចំទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ គឺដើម្បីជាត្រីវិស័យ ក្នុងការឆ្លើយតបឱ្យបានសមស្របទៅតាមស្ថានភាពជាក់ស្តែង នៃបញ្ហាក៏ដូចជាដើម្បីបញ្ញាក់ស្មារតី និងដាក់តឿនក្រើនរំឮក ដល់ជនគ្រប់រូបឱ្យយកចិត្តទុកដាក់ ចូលរួមកាន់តែសកម្ម ថែមទៀតក្នុងការបង្ការទប់ស្កាត់ និងដោះស្រាយបញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។
លោកឧត្តមសេនីយ៍ទោ លន់ សុផាត បន្ថែមទៀតថា ជាក់ស្តែងការប្រារព្ធទិវាអន្តរជាតិដ៏មានអត្ថន័យនេះ និងការការដាក់ចេញនូវយុទ្ធនាការ ប្រុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាបន្តបន្ទាប់ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីឆន្ទៈដ៏មោះមុត និងប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់ ដើម្បីបង្ការទប់ស្កាត់ បង្រ្កាប និងដោះស្រាយឱ្យបានរាល់បទល្មើស និងបញ្ហាដែលពាក់ព័ន្ធនឹងគ្រឿងញៀន៕