(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឱ្យ លោកស្រី Cristian Munduate តំណាងអង្គការ Unicef ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោកស្រី Cristian Munduate បានថ្លែងបន្ដថា UNICEF និងជួយឧបត្ថម្ភគាំទ្រកម្មវិធីសាច់ប្រាក់ដល់ស្ដ្រីក្រីក្រ និងកុមារតូចនៅកម្ពុជា ដែលជាគំនិតផ្ដួចផ្ដើមរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលលោកតែងតែយកចិត្ដទុក្ខដាក់លើស្ដ្រីក្រីក្រ ដែលត្រូវមកឆ្លងទន្លេ នៅក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ ។
ជាមួយគ្នានោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានលើកបញ្ជាក់បន្ថែមពីកម្មវិធីដែលរាជរដ្ឋាភិបាល បានអនុញ្ញាតផ្ដល់ការឧបត្ថម្ភសាច់ប្រាក់ ជូនស្ដ្រីក្រីក្រ ផ្ទេរតាមប្រព័ន្ធធនាគារវីង និងធ្វើបែបបទងាយស្រួល ជូនដល់ស្រ្ដីក្រីក្រដែលមិនមានលទ្ធភាព ហើយបានឆ្លងទន្លេនៅមូលសុខាភិបាល ដោយការឧបត្ថម្ភសាច់ប្រាក់នេះ គឺធ្វើអំឡុងពេលស្រ្ដីមានផ្ទៃពោះ មុនសម្រាល ពេលសម្រាល ក្រោយសម្រាល រហូតដល់កូនអាយុ ២ឆ្នាំ សរុបប្រមាណ៧៦ម៉ឺនរៀល ។
ទន្ទឹមនឹងនោះ លោកស្រី Cristian Munduate ក៏ចុះស្វែងយល់ពីប្រព័ន្ធការងារមួយចំនួន ក្នុងការអនុវត្ដន៍ឧបត្ថម្ភសាច់ប្រាក់ ដល់ស្ដ្រីក្រីក្រ និងកុមារតូចនៅកម្ពុជា និងការចុះទៅតាមមូលដ្ឋានដោយផ្ទាល់ ដើម្បីពិនិត្យមើលនូវការងារជាក់ស្ដែង ជាមួយប្រតិភូក្រសួងសុខាភិបាល ដើម្បីពិនិត្យមើលពីស្ថានភាពកុមារ ជាពិសេស ក្នុងរដូវភ្លៀវនេះ តាមតំបន់ដែលមានជំងឺគ្រុនឈាម នៅតាមមូលដ្ឋាន ដោយសារតែលោកស្រី ក៏មកពីប្រទេសដែលមានស្ថានភាពដូចទៅប្រទេសកម្ពុជាផងដែរ ។ កន្លងមកនេះ លោកស្រី តំណាងអង្គការ UNICEF ក៏ធ្លាប់ចុះទៅមើលនៅតាមបណ្ដាសហគមន៍ តាមបណ្ដាខេត្ដរបស់កម្ពុជាផងដែរ ៕