(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ លោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការគ្រប់គ្រងការវិនិយោគសាធារណៈ» ដែលសហការរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោកស្រី Sarah Zhou ប្រធានស្ថានតំណាងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ប្រចាំនៅកម្ពុជា, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, និងតំណាងដៃគូអភិវឌ្ឍន៍។
ជាកិច្ចចាប់ផ្តើមលោក វង្សី វិស្សុត បានថ្លែងថា គោលបំណងសិក្ខាសាលារយៈពេល ០២ថ្ងៃនេះ គឺមិនត្រឹមតែប្រមូលធាតុចូលលើការរៀបចំសេចក្តីព្រាងឯកសារក្របខ័ណ្ឌទស្សនាទានស្តីពី ការគ្រប់គ្រងការវិនិយោគសាធារណៈឆ្នាំ២០១៩-២០២៥ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការសិក្សាស្វែងបន្ថែមអំពីវិធីសាស្ត្រវាយតម្លៃការគ្រប់គ្រងការវិនិយោគសាធារណៈរបស់ IMF ដែលនឹងផ្តល់នូវឱកាសដល់សិក្ខាកាមទាំងអស់នូវចំណេះដឹង និងចំណេះធ្វើ ព្រមទាំងការអនុវត្តន៍មួយចំនួន ដែលស្របតាមលក្ខខណ្ឌ និងបរិការណ៍កម្ពុជា តាមអភិក្រម «រៀនផង-ធ្វើផង»។
រដ្ឋមន្រ្តីស្តីទី បានថ្លែងថា ក្រោយពីសង្គ្រាមផ្ទៃក្នុងត្រូវបានបញ្ចប់ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់ប្រភេទត្រូវបានបំផ្លាញស្ទើរទាំងស្រុងទូទាំងប្រទេស។ ការវិនិយោគសាធារណៈបានបំពេញតួនាទី ជាមធ្យោបាយយ៉ាងសំខាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមផ្សេងទៀត ដែលជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់ការស្តារ, កសាង, និងអភិវឌ្ឍប្រទេស។
ការវិនិយោគសាធារណៈនៅកម្ពុជា ត្រូវបានចាប់ផ្តើមពីដំណាក់កាលដំបូងនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ក៏ប៉ុន្តែពេលនោះ គឺកម្ពុជាត្រូវពឹងផ្អែកទាំងស្រុងលើហិរញ្ញប្បទានសហប្រតិបត្តិការ ពីដៃគូអភិវឌ្ឍន៍។ ប៉ុន្តែក្រោយមក នៅក្នុងទសវត្សឆ្នាំ២០០០ ដោយសារកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាល និងក្នុងស្មារតីនៃការពង្រឹងភាពជាម្ចាស់លើកិច្ចអភិវឌ្ឍ, រាជរដ្ឋាភិបាលបានខិតខំ និងសម្រេចចាប់ផ្តើមធ្វើការវិភាជបែងចែកធនធានខ្លួនឯងពីប្រភពថវិកាជាតិ តាមលទ្ធភាពជាបណ្តើរៗ ក្នុងការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ បន្ថែមពីលើប្រភពហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ដែលរហូតមកទល់នឹងពេលនេះការវិនិយោគសាធារណៈ គឺមានទំហំប្រមាណ ៨% នៃ ផសស ដែលក្នុងនោះ ១/៣ បានពីថវិកាជាតិ និង ២/៣ ទៀតបានមកពីដៃគូអភិវឌ្ឍន៍ ដែលជាឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង។
សមិទ្ធផលដ៏គួរឱ្យកោតសសើរនេះ គឺបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈការខិតខំគៀរគរធនធានដោយខ្លួនឯង និងវិនិយោគដោយខ្លួនឯង។ ទំហំនៃការវិនិយោគនេះបាន និងកំពុងកាន់តែធំឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ រដ្ឋមន្រ្តីស្តីទីបានបន្តទៀតថា ដោយសារតម្រូវការវិនិយោគកាន់តែធំ ហើយរដ្ឋាភិបាលក៏មានលទ្ធភាពធ្វើការវិនិយោគ កាន់តែធំជាងមុន ដូចនេះ ចំណុចគន្លឹះ គឺការផ្តោតលើបញ្ហាប្រសិទ្ធភាព។
ថ្វីត្បិតកន្លងមកយើងបានដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តិ និងគោលការណ៍មួយចំនួនជាបន្តបន្ទាប់ សម្រាប់គ្រប់គ្រងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធក្តី ក៏ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់នៅឡើយ ជាពិសេសនៅក្នុងបរិការណ៍បច្ចុប្បន្ន។ ដូចនេះយើងមានភាពចាំបាច់ និងបន្ទាន់ ក្នុងការរៀបចំប្រព័ន្ធនេះឡើងវិញ តាមរយៈការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សម្រាប់គ្រប់គ្រងការវិនិយោគ សាធារណៈ ឱ្យកាន់តែប្រសើរឡើង ស្របតាមឧត្តមានុវត្តជាអន្តរជាតិ និងតំបន់ សំដៅធានាឱ្យបាននូវប្រសិទ្ធភាព និងចីរភាពនៃការវិនិយោគ ទាំងគម្រោងអភិវឌ្ឍន៍ និងទាំងថវិកា។
លោកបានបន្តថា «ពិតណាស់ថា ទោះបីយើងមិនទាន់មានក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយក្នុងការគ្រប់គ្រងការវិនិយោគសាធារណៈក្តី ក៏ប៉ុន្តែកន្លងមកនេះ ដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើការគ្រប់គ្រងការវិនិយោគសាធារណៈ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាសេនាធិការបានធ្វើឱ្យការវិនិយោគសាធារណៈរបស់យើង ទោះបីនៅមានទំហំតូច ក៏ប៉ុន្តែវាបានដើរតួសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការអភិវឌ្ឍប្រទេសទាំងមូល»។
ជាក់ស្តែង យើងបានឃើញហើយថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាជាងរយៈពេល ២០ ឆ្នាំ មានកំណើន ៧,៧% ក្នុងមួយឆ្នាំជាមធ្យម ក្នុងនោះ ការវិនិយោគរបស់ជាតិទាំងមូល រួមទាំងការវិនិយោគ ផ្ទាល់ ពីបរទេសផង មានមិនដល់ប្រមាណ ៣០% ទេ ដែលនេះជាការបញ្ជាក់ឱ្យឃើញថា ការប្រើប្រាស់ធនធានរបស់យើងមានប្រសិទ្ធភាព។ បើយើងក្រឡេកមើលប្រទេសដទៃទៀត គេវិនិយោគប្រមាណពី ៤០%-៥០% ជាធនធានជាតិ ដើម្បីសម្រេចកំណើនសេដ្ឋកិច្ច ៧% ហើយពេលខ្លះទៀតថែមទាំង មិនអាចសម្រេចបានគោលដៅនេះផង។
ក៏ប៉ុន្តែទោះបីជាយ៉ាងនេះក្តី យើងនៅមិនទាន់ត្រេកត្រអាលនឹងលទ្ធផលនេះទេ ហើយយើងនៅតែគិតថា យើងនៅមានភាពខ្វះខាតនៅឡើយ ទាំងជាយន្តការស្ថាប័ន, ច្បាប់ និងធនធានមនុស្ស ព្រោះតម្រូវការវិនិយោគកាន់តែធំទៅៗ ហើយវិវត្តន៍កាន់តែស្មុគស្មាញថែមទៀត ជាពិសេសគម្រោងវិនិយោគដែលមានទឹកប្រាក់ធំៗ។ ដូច្នេះ ការគ្រប់គ្រងការវិនិយោគសាធារណៈពិតជាមាន សារៈសំខាន់ណាស់ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រើប្រាស់ និងការបែងចែកធនធាន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងមានចីរភាព។
រដ្ឋមន្រ្តីស្តីទីបានគូសបញ្ជាក់ថា ក្នុងគោលដៅខាងលើនេះ រាជរដ្ឋាភិបាលគ្រោងនឹងដាក់ចេញនូវអនុក្រឹត្យស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ នៅចុងឆ្នាំ២០១៩នេះ ដែលជាផ្នែកមួយដ៏សំខាន់ នៃការអនុវត្តយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ និងដើម្បីបំពេញភាពគ្រប់ជ្រុងជ្រោយ និងភាពពេញលេញនៃការកែទម្រង់ប្រព័ន្ធថវិកាមួយ ដែលអាចគ្របដណ្តប់ទាំងថវិកាចរន្ត និងថវិកាមូលធន ទាំងនៅកម្រិតជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអាចឆ្លើយតបទៅនឹងការរៀបចំក្របខណ្ឌចំណាយរយៈពេលមធ្យម និងការពង្រឹងថែមទៀតនូវសមាហរណកម្មថវិកា ពីគ្រប់ប្រភព ទាំងមកពីប្រភពថវិកាជាតិ ដៃគូអភិវឌ្ឍន៍ និងតាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជនផងដែរ (PPP)៕