(ភ្នំពេញ)៖ ការកេងប្រវ័ញ្ចរំលោភបំពានផ្លូវភេទ លើកុមារតាមប្រព័ន្ធអ៊ីនធឺណេត ដូចជា ជនខិលខូចល្បួងលួងលោម បោកបញ្ឆោតកុមារ ឱ្យបង្ហោះរូបភាព អាសអាភាសជាដើម រួចហើយពួកគេយករូបភាពទាំងនោះ ទៅគំរាមកុមារ ឬគ្រួសារកុមារឱ្យប្រគល់ផលប្រយោជន៍ម្យ៉ាងដល់ពួកគេ ឬបង្ហោះរូបភាពទាំងនោះ ដើម្បីរកផលប្រយោជន៍ ខណៈជនខ្លះល្បួងកុមារ ទៅរំលោភសេពសន្ថវៈជាដើម។ នេះគឺជាការលើកឡើងរបស់លោកស្រី ញ៉េប សុភាព អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានប្ញជាក់នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការទប់ស្កាត់ និងឆ្លើយតបជាពហុវិស័យចំពោះការរំលោភបំពាន និងគេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណេត រៀបចំធ្វើនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នាសណ្ឋាគារភ្នំពេញ រា ជធានីភ្នំពេញ។
លោកស្រី បានបន្ថែមថា ទោះបីត្រូវបានទទួលស្គាល់ថា បច្ចេកវិទ្យា និងប្រព័ន្ធអ៊ីនធឺណេត បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនលើសលប់ក្តី ក៏ត្រូវបានរកឃើញផងដែរថា វាបាននាំមកនូវផលអវិជ្ជមានជាច្រើនដល់កុមារ។ បច្ចេកវិទ្យាទំនើប និងប្រព័ន្ធអ៊ីនធឺណេត បានផ្តល់ភាពងាយស្រួលឱកាស និងផលប្រយោជន៍យ៉ាងច្រើន ឥតគណនា ដល់ជីវភាពប្រចាំថ្ងៃ វិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការសិក្សាជាដើម។
ប៉ុន្តែបច្ចេកវិជ្ជាទំនើប និងប្រព័ន្ធអ៊ីនធឺណេត ក៏បាននាំមកនូវផលអវិជ្ជមានចំពោះកុមារច្រើន និងស្មុគស្មាញណាស់ដែរ ដូចជា ការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទកុមារ តាមទម្រង់ថ្មីៗជាច្រើន ដែលវាទាមឱ្យមានវិធានការថ្មីៗកាន់តែមានប្រសិទ្ធភាព ការចូលរួមកាន់តែទូលំទូលាយ ហើយក្រុមហ៊ុនបច្ចេកវិទ្យា ជាពិសេសក្រុមហ៊ុនទូរស័ព្ទដៃ និងក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណេត គឺជាអ្នកដែលមានកាតព្វកិច្ចដ៏សំខាន់បំផុតមួយ ក្នុងការទប់ស្កាត់នូវការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមរយៈការប្លុក ឬបិទទុកនូវរាល់ភាពអាសអាភាសរបស់កុមារ កុំឱ្យបង្ហោះបាន និងរាយការណ៍ជូនអាជ្ញាធរជាដើម។
ជាក់ស្តែងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រុមអ្នកជំនាញការជាតិអន្តរជាតិ បានជួបជុំគ្នា ដើម្បី រិះរកវិធានការទប់ស្កាត់ និងឆ្លើយតបជាពហុវិស័យ ចំពោះការរំលោភបំពាន និង កេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអ៊ឺនធឺណេត ហើយថា ក្រុមហ៊ុនអ៊ីនធឺណេត មានកាតព្វកិច្ចដ៏សំខាន់ក្នុងការទប់ស្កាត់ទង្វើអវិជ្ជមានទាំងនេះ។
តាមការគ្រោងទុក លទ្ធផល នៃសិក្ខាសាលានាថ្ងៃនេះ នឹងត្រូវបានដាក់ជាធាតុចូល ដែលអាចឈានដល់ការបង្កើតជាគោលការណ៍ណែនាំ និងវិធានការនានា ដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ច និង រំលោភបំពានផ្លូវភេទកុមារ ជាពិសេសតាមប្រព័ន្ធអ៊ីនធឺណេត៕