(សៀមរាប)៖ លោក រ៉ែម រ័ត្ន ត្រូវជាឪពុករបស់កុមារីរងគ្រោះ ដែលត្រូវក្រពើខាំហែកស៊ីស្លាប់យ៉ាងអាណោចអាធ័ម បន្សល់ទុកតែឆ្អឹងលលាក្បាល និងជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើលក្ខណៈគ្រួសារ បានសម្រេចចិត្តលក់ក្រពើនៅក្នុងអាងរបស់ខ្លួនចោលទាំងអស់ ក្រោយបុណ្យ ៧ថ្ងៃជូនសពកូនស្រីរបស់ខ្លួនរួចរាល់។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ លោក រ៉ែម រ័ត្ន អាយុ៣៥ឆ្នាំ ជាឪពុករបស់កុមារីរងគ្រោះ និងជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ បាននិយាយទាំងអួលដើមកថា បន្ទាប់ពីទទួលរងគ្រោះដោយសារតែក្រពើដែលខ្លួនចិញ្ចឹម ខាំស៊ីកូនស្រីរបស់ខ្លួន លោក និងក្រុមគ្រួសារ ឈឺចាប់រកអ្វីមកប្រៀបផ្ទឹមពុំបាននោះទេ។
លោកបង្ហាញអារម្មណ៍ក្តុកក្តួលថា មូលហេតុដែលោកសម្រេចចិត្តលក់ក្រពើនៅក្នុងអាងដែលមានជាង ៦០ក្បាល ដើម្បីកុំឱ្យករណីនេះកើតមានឡើងបន្តទៀត ហើយករណីនេះវាធ្វើឱ្យគាត់ រួមទាំងសាច់ញាតិទាំងមូលមានវិប្បដិសារីយ៉ាងខ្លាំង។
បើតាមលោក រ៉ែម រ័ត្ន ក្រពើទាំងអស់នេះ គឺជាកេររបស់ម្តាយឪពុកក្មេក ចែកឱ្យដើម្បីធ្វើពូជ ប៉ុន្តែក្រោយហេតុការណ៍ដ៏អាក្រក់នេះ បានធ្វើឱ្យលោកមិនអាចទុកក្រពើទាំងអស់នេះបាននោះទេ។
សូមបញ្ជាក់ថា នៅវេលាម៉ោង១០ព្រឹក គាត់បានជិះម៉ូតូទៅក្នុងភូមិ ដោយទុកកុមារីរងគ្រោះ នៅជាមួយម្តាយដែលទើបតែសម្រាលកូនរួច មើលនៅផ្ទះរហូតដល់ម៉ោង១០ជាង បានត្រឡប់មកវិញ ក៏សួររកកូនស្រាប់តែបាត់ រកមិនឃើញ ហើយព្យាយាមដើររកជុំវិញផ្ទះ នៅតែរកមិនឃើញក៏ឡើងទៅមើលក្នុងទ្រុងក្រពើស្រាប់តែឃើញលលាក្បាល១ នៅក្នុងទ្រុងក្រពើ ទើបឪពុកកុមាររងគ្រោះដឹងថា កូនគាត់បានធ្លាក់ចូលទ្រុងក្រពើ ហើយត្រូវក្រពើស៊ីនៅសល់តែលលាក្បាលតែបុណ្ណោះ។
ករណីនេះបានកើតឡើងនៅចន្លោះវេលាម៉ោង១០ ដល់ម៉ោង១១ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ ត្រង់ចំណុចអាងចិញ្ចឹមក្រពើ ក្រោយផ្ទះកុមារីរងគ្រោះ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ កុមារីរងគ្រោះឈ្មោះ រ៉ែម រដ្ឋនារី កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧៕