(ស្ទឹងត្រែង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ សហការជាមួយមន្ទីរពាណិជ្ជកម្ម បានចុះផ្សព្វផ្សាយ អប់រំ បង្រៀន អំពីគុណភាព សុវត្ថិភាពចំណី អាហារដល់សិស្សានុសិស្ស នៅវិទ្យាល័យអូរពងមាន់ ប៊ុន រ៉ានី ហ៊ុន សែន ដោយមានសិស្ស និងលោកគ្រូ អ្នកគ្រូ ចូលរួមចំនួនប្រហែល ១០០នាក់។
លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅក្នុងឱកាសចុះទៅផ្សព្វផ្សាយ អប់រំ បង្រៀន ស្ដីពីសុវត្ថិភាព ម្ហូបអាហារ នៅវិទ្យាល័យអូរពងមាន់ ប៊ុន រ៉ានី ហ៊ុន សែន លោកបានណែនាំដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស និងអ្នកលក់នំចំណីនៅក្នុងសាលាត្រូវប្រយ័ត្ន ពីផលប៉ះពាល់សុខភាព លើចំណីអាហារទាំងអស់ ដែលបានដាក់លក់ នៅលើសាលរៀន និងដាក់លក់នៅទីផ្សារផ្សេងៗទៀត ពិសេសអ្នកលក់ត្រូវធ្វើចំណី អាហារដោយមានអនាម័យល្អ ស្អាតមុនយកមកលក់ ឲ្យអ្នកទិញយកបរិភោគ។
លោកប្រធានបានបន្តថា ក្នុងនាមមន្រ្តីជំនាញ តែងតែចុះត្រូតពិនិត្យជាប្រចាំ ដើម្បីរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទប់ស្កាត់រាល់ទំនិញ ដែលឈ្មួញលួចនាំចូល ពីប្រទេសជិតខាង ក៏ដូចជា ការផលិតក្នុងស្រុក ព្រមទាំងបានធ្វើការអប់រំផ្សព្វផ្សាយ ដោយផ្ទាល់ តាមរយ:បិទស្ទិកឃើ នៅនឹងកន្លែងលក់ផ្ទាល់ នៅគ្រប់ទីកន្លែង ដើម្បីឲ្យប្រជាពលរដ្ឋយើង បានយល់កាន់តែច្បាស់ មានការប្រុងប្រយ័ត្នខ្ពស់មុន នឹងទិញយកបរិភោគ ចៀសវាងមានការប៉ះពាល់សុខភាព យើងទាំងអស់គ្នាផងដែរ។
នៅក្នុងឱកាសនោះ ក្រុមការងារកាំកុងត្រូលរបស់លោក ក៏បានបន្តចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ នៅតាមតូបនិងផ្ទះលក់ទំនិញ នៅប្រជុំជនផ្លូវបំបែកអូរពងមាន់ ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ដោយលទ្ធផលដកហូតបាននូវនំកញ្ចប់ នំកប៉ុង ស្ករគ្រាប់ចំរុះ មីកំប៉ុងចំនួន 20kgs ប៊ីចេង កញ្ចប់តូច 4kgs ទឹកសេរ៉ូ ទឹកដោះគោខាប់ 6kgs សរុបទាំងអស់ចំនួន 30kgs យកមករក្សាទុក ដើម្បីដុតចោលនៅពេលក្រោយ។
លោកប្រធានសាខា ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕