(ភ្នំពេញ)៖ ប្រតិបត្តិការត្រួតពិនិត្យលក្ខណៈបច្ចេកយានយន្ត និងបណ្ណបើកបររបស់អ្នកបើកបររថយន្តដឹកទំនិញចេញចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ នឹងមិនដកថយនោះឡើយ នៅតែបន្តអនុវត្តន៍ដោយម៉ឺងម៉ាត់ ដើម្បីរឹតបន្តឹងការគោរពច្បាប់ ជាពិសេសកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរបណ្តាលមកពីរថយន្តដឹកទំនិញធំៗ។ នេះបើតាមការអះអាងយ៉ាងមុតមាំរបស់នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននរគបាលជាតិ និងជាសមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ក៏បានទទូចដល់សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) និងក្រុមហ៊ុននានា ចូលរួមជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់គោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវដែលមានសមភាពចម្រុះមកពីខាងក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ ដឹកនាំដោយលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ បានចាប់ផ្តើមចេញប្រតិបត្តិការក្តៅរបស់ខ្លួនដោយពង្រាយកម្លាំងចុះទៅពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត និងបណ្ណបើកបររបស់អ្នកបើកបរនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញតែម្តង។
ប្រតិបត្តិការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត និងបណ្ណបើកបររបស់អ្នកបើករថយន្តនេះធ្វើឡើងក្នុងគោលដៅចម្បងរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍លើដងវិថី ដែលរកឃើញថា បង្កឡើងដោយរថយន្តដឹកទំនិញធំៗក្នុងអត្រាប្រមាណ ២០ភាគរយ។ ប្រតិបត្តិការនេះ ត្រួតពិនិត្យទៅលើបណ្ណបើកបរថតចម្លង, បណ្ណបើកបរខុសពីប្រភេទរថយន្តកំពុងបើកជាក់ស្តែង, ផ្លាកលេខក្លែងក្លាយ, រថយន្តគ្មានលិខិតអនុញ្ញាតអាជីវកម្ម, រថយន្តគ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ, យានយន្តកែច្នៃខុស លក្ខណៈបច្ចេកទេស, គ្មានខ្ចៅប៊ូឡុងតាកេគ្រប់គ្រាន់, កន្ទុយស៊ឺមីរ៉ឺម៉ក គ្មានគន្លឹះសុវត្ថិភាពទប់កុងតែណ័រ, សំបកកង់សឹកដល់កម្រិតអាចផ្ទុះបង្កគ្រោះថ្នាក់ និងគ្មានភ្លើងបំភ្លឺពេលយប់ជាដើម។
ប្រតិបត្តិការក្តៅរយៈពេលប្រមាណ ១៥ថ្ងៃកន្លងមកនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានពិនិត្យរថយន្តចំនួន ១,៩៥៤គ្រឿង នៅកំពង់ផែទាំងពីរ ហើយរកឃើញរថយន្តល្មើសច្បាប់ ២២៤គ្រឿង ស្មើនឹង ១១ភាគរយ។
បើទោះបីជាយ៉ាងណា ប្រតិបត្តិការនេះ ក៏នាំឱ្យមានការកកស្ទះមួយចំនួននៅតាមកំពង់ផែស្វយ័តទាំងពីរនេះផងដែរ រហូតនាំឱ្យមានសមាគមរោងចក្រកាត់ដេរ GMAC ស្នើសុំកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាលកម្ពុជា។ GMAC បានលើកឡើងថា វិធានការក្តៅចំពោះរថយន្តដឹកទំនិញនៅតាមកំពង់ស្វយ័តទាំងពីរនេះ ធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញ។
ឆ្លើយតបការលើកឡើងរបស់ GMAC តាមរយៈសន្និសីទព័ត៌មាននៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ លោក សេង ឈួន បានអះអាងថា មានរថយន្តជាច្រើនបានចូលរួមគោរពច្បាប់ និងមានស្មារតីអនុវត្តន៍ច្បាប់ចរាចរណ៍ ហើយនៅមានក្រុមហ៊ុនដឹកជញ្ជូនប្រមាណតែ ១០ភាគរយប៉ុណ្ណោះ មិនទាន់ចូលរួមសហការក្នុងការរឹតបន្តឹងការគោរព និងអនុវត្តន៍ច្បាប់នេះ។
លោករដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ បានអះអាងថា ការកកស្ទះនៅតាមកំពង់ផែ កើតឡើងដោយសារតែក្រុមហ៊ុនដែលមិនចូលរួមគោរពច្បាប់នោះ ភាគច្រើនជាក្រុមហ៊ុនដឹកជញ្ជូនដែលមានរថយន្តច្រើន។
លោក សេង ឈួន បានអះអាងដូច្នេះ «ដោយសាររថយន្តទាំងអស់នោះ មិនមានឯកសារគ្រប់គ្រាន់។ ដល់អត់មានឯកសារគ្រប់គ្រាន់គាត់មិនហ៊ានចូល អ្នកដែលគេមានឯកសារគ្រប់គ្រាន់គេចូលបាន គេចេញចូលបានអត់មានពិបាកអីទេ។ លើកលែងតែអ្នកអត់មានឯកសារគ្រប់គ្រាន់ទេ ខ្លះខ្វះនេះខ្វះនោះ ខ្វះបណ្ណបើកបរ ខ្វះសៀវភៅឆៀក ខ្វះផ្លាកលេខ មិនត្រូវបច្ចេកទេស។ ខ្លះខ្វះប៊ូឡុង តាកេមិនគ្រប់ ឃ្លីបកុងតឺន័រអត់មានទៀត...។ បានន័យថា វាខ្វះគ្រប់ ខ្វះសព្វ ដល់អ៊ីចឹងអ្នកបើកបរចេះតែគេច ចេះតែចតចោល អត់ព្រមចូល ដល់មានការកកស្ទះកើតឡើងម្ចាស់ក្រុមហ៊ុនថា យើងសមត្ថកិច្ចហ្នឹងធ្វើការផាកពិន័យយកលុយគេ»។
នាយឧត្តមសេនីយ៍ ហឹម យ៉ាន ក៏បានអះអាងដូចទៅនឹងលោក សេង ឈួន ដែរថា ការត្រួតពិនិត្យរថយន្តនៅកំពង់ផែនេះ ចំណាយពេលត្រឹមតែមួយ ទៅពីរនាទីប៉ុណ្ណោះ ប្រសិនបើរថយន្តមានឯកសារ និងលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ពោលមិនធ្វើឱ្យយឺតយ៉ាវនោះឡើយ។
លោក ហឹម យ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា «មិនយឺតយ៉ាវដោយសារការរឹតបន្តឹងនេះទេនិយាយឱ្យចំ យឺតយ៉ាវដោយសារក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់យានយន្តមិនគោរពច្បាប់ចរាចរណ៍មិនមែនមកពីសមត្ថកិច្ចទេ។ ឡានដែលគោរពច្បាប់ធានាថា តែមួយនាទី ឬ ពីរនាទីទេ គឺត្រូវតែឆ្លងកាត់ផុតកន្លែងត្រួតពិនិត្យហើយ។ សំណូមពរដល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញទាំងអស់ សូមមេត្តាគោរពច្បាប់ចរាចរណ៍ ធានាលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ មានឯកសារគ្រប់គ្រាន់ត្រឹមត្រូវតាមច្បាប់កំណត់»។
លោក ហឹម យ៉ាន ក៏បានបញ្ជាក់ប្រាប់ Fresh News បន្ថែមទៀតថា ទោះបីមានសំណើពី GMAC យ៉ាងណាក្តី, តែប្រតិបត្តិក្តៅត្រួតពិនិត្យបច្ចេកទេសរថយន្ត និងបណ្ណបើកបរនៅកំពង់ផែស្វយ័តនឹងមិនដកថយនោះឡើយ។ បើតាមលោក ហឹម យ៉ាន ក្រោយប្រតិបត្តិការក្តៅនេះ មានម្ចាស់ក្រុមហ៊ុនជាច្រើនបានចូលរួមគោរពច្បាប់ និងពិនិត្យលក្ខណៈបច្ចេកយានយន្តរបស់ពួកគេ។
លោក ហឹម យ៉ាន ក៏បានច្រានចោលផងដែរថា ចំពោះការចោទប្រកាន់ថា សមត្ថកិច្ចបន្លំយកលុយពីម្ចាស់រថយន្តលើប្រតិបត្តិការនេះ។ លោកអះអាងថា ការពិន័យរថយន្តដែលខុសច្បាប់ត្រូវបានធ្វើដោយតម្លាភាព ត្រឹមត្រូវទៅតាមច្បាប់ និងមានចេញលិខិតពិន័យច្បាស់លាស់។
សូមបញ្ជាក់ថា មហាជនបានសម្តែងការសាទរយ៉ាងខ្លាំងចំពោះប្រតិបត្តិការរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកទៅលើរថយន្តដឹកទំនិញទាំងនេះ។ ការសាទរក៏ដោយសារតែគេបានមើលឃើញថា រថយន្តដឹកទំនិញទាំងនេះ ធ្លាប់បានបង្កឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រន្ធត់ៗជាច្រើនករណី ដែលកើតចេញពីការធ្វេសប្រហែសរបស់ម្ចាស់ក្រុមហ៊ុន និងអ្នកបើកបរជាដើម៕