(ភ្នំពេញ)៖ ផ្លូវលំមួយខ្សែមានទំហ៊ុ៦ម៉ែត្រទទឹង និងបណ្តោយប្រវែង ២០០ម៉ែត្រ ត្រូវបានគណៈកម្មការចម្រុះ ចុះពិនិត្យវាស់វែង ដើម្បីឈានទៅបើកឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃខាងមុខ បន្ទាប់ពីខកខានមិនបានបើកផ្លូវលំមួយខ្សែរនេះ កាលពីប៉ុន្មានឆ្នាំមុន។

ក្រោយពីការវាស់វែងបោះបង្គោលកំណត់អ័ក្ស និងព្រំផ្លូវនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ អ្នកភូមិជាច្រើនគ្រួសារ មានលំនៅស្ថាននៅអែបតាមបណ្តោយផ្លូវលំមួយខ្សែរនេះ បានសម្តែងការសាទរអបអរចំពោះការយកចិត្តទុកដាក់ពីអាជ្ញាធរ ជាពិសេសការខិតខំត្រួសត្រាយ សម្របសម្រួលនាពេលកន្លងមករបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ។ ជាមួយគ្នានេះ ពួកគាត់ក៏បានថ្លែងអំណរគុណ ដល់អាជ្ញាធរគ្រាប់ជាន់ថ្នាក់ផងដែរ ក្នុងលះបង់ពេលវេលាដ៏មានតម្លៃ មកជួយដល់ពួកគាត់បានបើកផ្លូវមួយខ្សែរនេះ។

លោក ម៉ូវ ម៉ានិត បានបញ្ជាក់ដល់អង្គភាពព័ត៌មាន Fresh News ថា ផ្លូវនេះជាតំណរភ្ជាប់ពីមួយទៅមួយ ដើម្បីចរាចរណ៍ឆ្លងកាត់របស់ពលរដ្ឋ ហើយក៏ជាកិច្ចការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋានដែរ ត្រូវបានគណៈកម្មការខណ្ឌសែនសុខ ចូលរួមពីមន្រ្តីសុរិយោដីផងដែរ ចុះពិនិត្យ វាស់វែង តំណរភ្ជាប់ផ្លូវដើម្បីទម្លាយពីផ្លូវលំ (E) មកភ្ជាប់ជាមួយផ្លូវ ទៅ១០១៣ ស្ថិតនៅក្រុម១០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩។

លោកអភិបាល បានឲ្យដឹងទៀតថា គណៈកម្មការចុះមកពិនិត្យដើម្បីវាស់បើកផ្លូខាងលើនេះមាន ប្រវែងប្រហែល ២០០ម៉ែត្រ ទទឹង០៦ម៉ែត្រ ប៉ុន្តែការពង្រីក និងបើកផ្លូវ តម្រូវមានសហការពីបងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានផង។

គួររំលឹកថា កាលពីរព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ អាជ្ញាធរបានចុះវាស់វែងបើកផ្លូវនៅទីតាំងខាងលើនេះម្តងហើយ ដោយគណៈកម្មការខណ្ឌសែនសុខ ធ្វើការដាក់ម៉ាស៊ីន វាស់វែងចំនួន២៩ចំណុច និងបើកផ្លូវដែលមានបណ្តោយប្រហែល ២០០ម៉ែត្រ និងទទឹងចំនួន១០ម៉ែត្រ ប៉ុន្តែអ្វីដែលរងការប៉ះពាល់មានច្រើន ទើបព្រឹកនេះគណៈកម្មការចំរុះសម្រេចចុះវាស់វែង យកទទឹងត្រឹមតែ០៦ម៉ែត្រវិញ ដើម្បីកុំឲ្យប៉ះពាល់ច្រើន៕