(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ជនអនាថាចំនួន ៩១៤នាក់ ត្រូវបានទទួលយកមកពិគ្រោះយោបល់ និងបញ្ជូនទៅទទួលសេវាបន្តនៅមណ្ឌលសំចតរាជធានីភ្នំពេញ និងអង្គការដៃគូ និងបានធ្វើសមាហរណកម្មទៅសហគមន៍វិញចំនួន ៧៤៣នាក់។ មណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ បានបន្តកែលម្អជាបន្តបន្ទាប់ និងទទួលបានជនអនាថារាប់រយនាក់ មកស្នាក់នៅ និងបណ្តុះបណ្តាលវិជ្ជាជីវៈមុនធ្វើសមាហរណកម្មទៅសហគមន៍វិញ។
រដ្ឋមន្រ្តី វង សូត បានបញ្ជាក់ថា មជ្ឈមណ្ឌលជនវិបល្លាសស្មារតីត្រូវបានកសាងនិងដាក់ឱ្យដំណើរការក្នុងពេលដ៏ឆាប់ខាងមុខ និងបានលើលោឡើងពីរបបគោលនយោបាយ ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ដែលក្នុងរយៈពេល ៦ខែដំបូងអនុវត្តដោយក្រសួងសុខាភិបាល និងចាប់ពីខែមករា ឆ្នាំ២០១៩ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអ្នកត្រូវដឹកនាំ និងទទួលខុសត្រូវក្នុងកិច្ចការនេះបន្ត។
លោក វង សូត បានថ្លែងនៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៩ និងទិសដៅបន្ត នាព្រឹកថ្ងៃទី០២ កក្កដា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសង្គមកិច្ច។
រដ្ឋមន្រ្តី ក៏បានបន្តថា ជនរងគ្រោះដោយអំពើជួញដូរមនុស្ស៤៣៨នាក់ ត្រូវបានជួយ ព្រមទាំងផ្តល់ការអប់រំផ្លូវចិត្ត ថែទាំសុខភាព ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាហរណកម្មទៅសហគមន៍វិញ។ ចំណែកឯមណ្ឌលសំចតប៉ោយប៉ែត ត្រូវបានកសាង និងដាក់ឱ្យដំណើរដើម្បីទទួលជនរងគ្រោះ ដោយអំពើជួញដូរមនុស្សពីប្រទេសថៃ។
ជាមួយគ្នានោះ ក្រសួងសង្គមកិច្ច ក៏បានអនុវត្តយ៉ាងសកម្មនូវកំណែទម្រង់ការងារថែទាំកុមារកំព្រា នៅតាមមណ្ឌលថែទាំកុមារ តាមរយៈការពង្រឹងគុណភាព ការធ្វើអធិការកិច្ចការពង្រីក កម្មវិធីថែទាំកុមារ នៅតាមសហគមន៍ មិនការកាត់បន្ថយចំនួនមណ្ឌល ថែទាំកុមារ កុមារចំនួន ១,០១៣នាក់ ត្រូវបានធ្វើ សមាហរណកម្ម ពីមណ្ឌលថែទាំកុមារ ទៅកាន់គ្រួសារ និងសហគមន៍ នៃរាជធានីខេត្តគោលដៅទាំង០៥ផងដែរ។
បន្ថែមពីលើនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៩ និងទិសដៅបន្ត ក៏បានលើកឡើងនូវចំណុចសំខាន់ៗ ដូចជា សេវាសុខមាលភាព សង្គមសំរាប់ជនក្រីក្រងាយរងគ្រោះ សេវាសុខភាពកុមារ បានបន្តរីកចំរើនឥតឈប់ឈរ សេវាសុខមាលភាពជនពិការ ត្រូវបានស្តារនិងបណ្តុះបណ្តាល សេវាសុខមាលភាព សំរាប់មនុស្សចាស់ត្រូវបានយកចិត្តទុកដាក់ របបសន្តិសុខសង្គមសំរាប់មន្រ្តីរាជការ បានដំណើរការយ៉ាងសកម្ម ទុកដាក់ ជាពិសេសការស្តារលទ្ធភាពពលកម្ម ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើតមុខរបរជូនជនពិការ ការបង្កឱកាសជូនជនពិការក្នុងការចូលរួមសកម្មភាពសង្គមយ៉ាងពេញលេញ ស្មើភាព ទប់ស្កាត់ការរើសអើងចំពោះជនពិការជាដើម៕