(ភ្នំពេញ)៖ នាយរងប៉ុស្ដិ៍ស្វាយប៉ាក នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដែលធ្លាក់ខ្លួនឈឺ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារជំងឺទឹកនោមផ្អែម ជួបការខ្វះខាត ជាមួយប្រជាពលរដ្ឋក្រីក្រីចាស់ជរា ងាយរងគ្រោះមួយចំនួនទៀត រស់នៅភូមិទួលពពែ និងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ទទួលបានការឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ពីលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងសហការីពាក់ព័ន្ធ តំណាងលោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។
ក្រោយពីទទួលបានជាគ្រឿងឧបភោគបរិភោគ និងថវិកាសង្គ្រោះមួយចំនួន លោកនាយរងប៉ុស្ដិ៍ស្វាយប៉ាក និងប្រជាពលរដ្ឋចាស់ជរា ងាយរងគ្រោះ សូមថ្លែងអំណរគុណយ៉ាងក្រៃលែង នូវទឹកចិត្តសប្បុរសធម៌ របស់ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ តំណាងឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួយឧបត្ថម្ភដល់ក្រុមគ្រួសារពួកគាត់ នូវគ្រាកំពុងការខ្វះខាតចំពោះមុខ ដូចជាពាក្យថា «ទីណាមានប្រជាពលរដ្ឋ ជួបរាល់ហានិភ័យផ្សេងៗ ទីនោះតែងតែឃើញកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច»។
លោកស្រី អាន ផល្លា ជាពិសី បានថ្លែងថា ចំពោះអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកា ដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំមកឧបត្ថម្ភជូននៅពេលនេះ គឺសម្រាប់ចែកជូនចំពោះ តែប្រជាពលរដ្ឋក្រីក្រ ដែលងាយរងគ្រោះប៉ុណ្ណោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ដែលជាការដឹកនាំចង្អុលបង្ហាញចំគោលដៅពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕