(បាត់ដំបង)៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅសាលសខេត្តបាត់ដំបង អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះផ្សព្វផ្សាយច្បាប់ បទប្បញ្ញតិនានា និងសេចក្តីណែនាំថ្មីៗ ពិសេសការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ពន្ធតូច និងមធ្យមក្នុងវិស័យជាអទិភាព នៅខេត្តបាត់ដំបង ក្រោមវត្តមានលោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយដ្ឋានពន្ធដារលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរ អង្គភាពនានា មន្រ្តីរាជការសាខាពន្ធដារខេត្ត កងកម្លាំងប្រដាប់អាវុធ អាជីវករ សិស្សនិស្សិតចូលរួមប្រមាណ ៣៧០នាក់។
លោក សឿម ប៊ុនរិទ្ធ បានបញ្ជាក់ពីខ្លឹមសារដែលមានសារសំខាន់ៗ ដើម្បីម្ចាស់សហគ្រាស អាជីវករនិងសមាជិកអង្គសិក្ខាសាលា ត្រូវខិតខំប្រឹងស្តាប់គ្រូឧទ្ទេសពន្យល់ បានយល់ដឹងផ្នែកច្បាប់ទាំងអស់គ្នា។
លោកបណ្ឌិត កែន សម្បត្តិ ធ្វើបទបង្ហាញលើស្លាយដោយបានពន្យល់អំពីខ្លឹមសារច្បាប់ បទប្បញ្ញតិនានា និងសេចក្តីណែនាំថ្មីៗ ពិសេសការលើកទឹកចិត្តផ្នែក ពន្ធដារសម្រាប់ ពន្ធតូច និងមធ្យមក្នុងវិស័យជាអាទិភាព ដល់អង្គពិធីឲ្យបានយល់ច្បាស់ ទាំងមន្រ្តីរាជការ និងអាជីវករ ដែលជាអ្នកជាប់ពន្ធបានបំពេញតួនាទីរបស់ខ្លួនបង់ពន្ធដារតាមច្បាប់។
ក្នុងឱកាសនោះដែរ លោកក៏បានលើកឡើងនូវប្រភេទ នៃសវនកម្មពន្ធដារដែលអ្នកជាប់ពន្ធត្រូវយល់ដឹង ពីព្រោះការធ្វើសវនកម្ម គឺជាយន្តការមួយដែលមានប្រសិទ្ធភាព ក្នុងការពង្រឹងការបំពេញកាតព្វកិច្ចសារពើពន្ធឲ្យបានត្រឹមត្រូវ និងមានតម្លាភាព។
លោកអគ្គនាយករងបានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ បានចុះធ្វើសិក្ខាសាលានាពេលនេះក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមដើម្បីបង្កើតការងារ និងបង្កើតសមត្ថភាព ផលិតកម្មក្នុងស្រុក។ ដោយមានគោលដៅកំណត់់លក្ខខណ្ឌសម្រាប់ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ មានវិសាលភាពអនុវត្តចំពោះតែសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព។
លោកបណ្ឌិត កែន សម្បត្តិ បានបន្តថា អ្នកជាប់ពន្ធ អាជីវករ សិស្សនិស្សិត ក៏ដូចជា មន្ត្រីរាជការ មានភាពភាពងាយស្រួលក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ដោយសារតែបច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារ បានធ្វើឲ្យមានទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានភាពទូលំទូលាយផងដែរ។