(កំពង់ចាម)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងអង្គការគាំពារកុមារ CPU នៃអង្គភាពមូលនិធិកុមារកម្ពុជជា CCF នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការទទួលពាក្យបណ្ដឹង និងការឆ្លើយតបបឋមចំពោះបទល្មើស»។
ក្នុងពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត, លោក James McCaBE នាយកទទួលបន្ទុកប្រតិបត្តិការ CPU និង លោក លឹម វណ្ណា ប្រធានទទួលបន្ទុកយុត្តិធម៌អនីតិជន UNICEF។
ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រី គណៈស្នងការ លោកអនុប្រធានផែនជំនាញ លោក-លោកស្រី នាយ-នាយរងការិយាល័យជំនាញ លោក-លោកស្រីនាយផ្នែក លោកអធិការនគរបាលក្រុងទាំង១០ និងសិក្ខាកាមទាំងអស់ សរុប៣៥២នាក់។
ថ្លែងក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បានថ្លែងអំណរគុណដល់អង្គភាពការពារកុមារ CPU នាអង្គភាពមូលនិធិកុមារកម្ពុជា ដែលបានបង្កើតវគ្គបំប៉ននេះឡើង និងសូមឲ្យសិក្ខាកាម ខិតខំយកចិត្តទុកដាក់ប្រឹងប្រែងការងារជំនាញឲ្យបានល្អ ព្រមទាំងសិក្សាបន្ថែមពីរៀមច្បងចាស់ៗ ដែលគាត់មានបទពិសោធន៍ច្រើន និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ បើគ្មានសាមគ្គីភាពទេ អង្គភាពនោះមិនទទួលបានជោគជ័យឡើយ៕