(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានឲ្យដឹងថា លោកមានគម្រោងបង្វែររថយន្តដឹកកុងតឺន័រ ឲ្យទៅតាមផ្លូវស្ទឹងហាវវិញ និងបញ្ហាមួយទៀតគឺចង់សិក្សាផ្លូវមួយខ្សែចេញពី ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ រាម កាត់តាមអូរត្រេះមក ក្រុងព្រះសីហនុ ដើម្បីជួយសម្រួល កាត់បន្ថយការកកស្ទះចរាចរណ៍ពីផ្លូវជាតិលេខ៤។
ការព្រលយឲ្យដឹងនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ខណៈលោកអភិបាលខេត្ត បានអនុញ្ញាតឲ្យសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ចូលជួបសម្ដែងការគួរសម នៅសាលាខេត្តព្រះសីហនុ។
នៅក្នុងជំនួបនោះ លោក គួច ចំរើន បានគូសបញ្ជាក់លថា ការផ្លាស់ប្តូរចូលកាន់តំណែងអភិបាលខេត្តព្រះសីហនុនាពេលនេះ ជាបន្ទុកមួយដោយសារតែបច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ និងបរិស្ថានកំពុងប្រឈមទាមទារដោះស្រាយបន្ទាន់។
លោកថា «ជំហានដំបូងសិក្សាប្រព័ន្ធលូទឹកភ្លៀង និងលូទឹកស្អុយហើយ បានឱ្យក្រុមការងារបច្ចេកទេសសិក្សាពីប្រពន្ធលូទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់មានដូចជា៖ ទី១-ប្រវែងលូ, ទី២- តម្លៃនៃការសាងសង់, ទី៣-ប្រើរយៈពេល នៃការសាងសង់ និងទី៤-ការវិនិយោគប្រពន្ធលូទឹកកខ្វក់ និងលូរទឹកភ្លៀង។
ទន្ទឹមនោះអភិបាលខេត្តថ្មីរួបនេះ ក៏បានលើកឡើងពីបញ្ហាខ្សាច់សមុទ្រ និងខ្សាច់នៅខេត្តកំពង់ស្ពឺផងដែរ ដោយលោកអះអាងថា «បញ្ហាខ្សាច់សមុទ្រយក មកលាយជាមួយខ្សាច់កំពង់ស្ពឺ ក៏ជាបញ្ហាប្រឈមដល់ការដ្ឋានសំណង់នានា ក្នុងក្រុងព្រះសីហនុ តម្រូវឱ្យក្រុមការងារសិក្សា ផលប៉ះពាល់ដល់ការដ្ឋានសំណង់នានាក្នុងក្រុងព្រះសីហនុ»។
កាលពីម្សិលមិញលោក គួច ចំរើន បានចុះពិនិត្យឆ្នេរឯករាជ្យ និងជួបសំណេះសំណាលជាមួយភ្ញៀវទេសចរ ដែលមកកម្សាន្ដប្រកបដោយភាពស្និតស្នាល និងកក់ក្ដៅ។
ថ្លែងក្នុងឱកាសនោះ លោក គួច ចំរើន បាន ពិភាក្សាថា នឹងរៀបចំកែលម្អសួន កន្លែងដើរថ្មើរជើង និងមានអ្នកសំអាតសួនឆ្នេរជាប្រចាំ ធានាភាពស្រស់ស្អាតរបស់ឆ្នេរ ពិសេសការចូលរួមលើកកម្ពស់ និងថែរក្សាបរិស្ថានឆ្នេរកាន់តែមានសោភណ្ឌ័ភាព ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ដ៕