(ភ្នំពេញ)៖ អង្គការ JCIA របស់ជប៉ុនបានឲ្យដឹងថា ខ្លួននឹងបង្កើតមជ្ឈមណ្ឌលវប្បធម៌កម្ពុជា ឬហៅថា ភូមិខ្មែរ នៅប្រទេសខ្លួនឱ្យបាន ៤ទីតាំង នៅតាមទីក្រុង និងខេត្តផ្សេងគ្នា ប៉ុន្តែមិនទាន់ទទួលបានច្បាប់សាងសង់ និងការគាំទ្រពីសំណាក់ក្រសួង-ស្ថាប័នមួយចំនួនរបស់កម្ពុជានៅឡើយ។
ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូជប៉ុនដឹកនាំដោយលោក យ៉ាម៉ាដា ហ្វូមីយ៉ូ (Yamada Fumio) ប្រធានអង្គការ JCIA នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។
លោក យ៉ាម៉ាដា បានបញ្ជាក់ថា លោកបានពិភាក្សាលម្អិតជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរួចមកហើយ ប៉ុន្តែនៅឡើយមិនទាន់មានការជួយគាំទ្រផ្នែកស្មារតី និងហិរញ្ញវត្ថុ។
លោក យ៉ាម៉ាដា ក៏បានស្នើសុំការគាំទ្រពីសំណាក់លោក អ៉ិត សំហេង ហើយនឹងបន្តស្នើសុំការគាំទ្រពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជាបន្តទៀត។
ពាក់ព័ន្ធនឹងចំណុចនេះ លោក អ៉ិត សំហេង បានស្នើទៅលោក យ៉ាម៉ាដា សុំឱ្យមានការស្នើសុំច្បាប់សាងសង់ទីតាំងភូមិខ្មែរនៅជប៉ុននេះឱ្យបានត្រឹមត្រូវ និងអនុវត្តនីតិវិធីនៃប្រទេសជប៉ុនឱ្យបានហ្មត់ចត់។
លោករដ្ឋមន្ត្រី អ៉ិត សំហេង ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែត្រៀមស្វាគមន៍ និងគាំទ្រនឹងគម្រោងនេះជានិច្ច៕