(ភ្នំពេញ)៖ នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រ នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ដំណើរការកសាងរបាយការណ៍ ស្ថានភាពបរិស្ថាន» រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២-៥ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។
នៅក្នុងឱកាសសិក្ខាសាលាបណ្តុះបណ្តាលនេះ លោក នេត្រ ភក្ត្រា បានថ្លែងថា សិក្ខាសាលាបណ្តុះបណ្តាលនាថ្ងៃនេះ មានគោលបំណង ដើម្បីផ្លាស់ប្តូរ និងពង្រឹងសមត្ថភាពយល់ដឹងបន្ថែម ជូនដល់ភាគីពាក់ព័ន្ធក្នុងការចូលរួមកសាងនូវរបាយការណ៍ស្ថានភាពបរិស្ថានថ្មីបន្តបន្ទាប់ទៀត ឱ្យកាន់តែទូលំទូលាយស៊ីជម្រៅច្បាស់លាស់ និងស៊ីសង្វាក់គ្នា។ ដូចនេះ លោកស្នើសុំអង្គសិក្ខា សាលាទាំងមូលមេត្តាចូលរួម និងយកចិត្តទុកដាក់លើមេរៀនស្តីពី ដំណើរការនៃការកសាង របាយការណ៍ស្ថានភាពបរិស្ថាននេះ និងចូលរួមផ្តល់ជាយោបល់ សម្រាប់ការកសាងរបាយការណ៍ ស្ថានភាពបរិស្ថានលើកទី៤ផងដែរ។
ទន្ទឹមនេះលោក នេត្រ ភក្ត្រា ក៏ស្នើសុំអង្គសិក្ខាសាលាទាំងមូល ជាពិសេសស្ថាប័ន និងអ្នកពាក់ព័ន្ធ មេត្តាចូលរួមសហការក្នុងការប្រមូល និងចងក្រងបាននូវព័ត៌មាន តាមតម្រូវការ អាចទុកចិត្តបាន និងប្រកបដោយគុណភាពដែលអាចជូនដល់អ្នកធ្វើសេចក្តីសម្រេចចិត្តនានា ដើម្បីពង្រឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ កិច្ចការក្នុងវិស័យបរិស្ថាន មានការពាក់ព័ន្ធជាអន្តរវិស័យ ដែលចាំបាច់ត្រូវមានការសម្របសម្រួលរវាងអ្នកពាក់ព័ន្ធ ដើម្បីសម្រេចបាននូវកិច្ចការជារួមនេះ។
ទាក់ទងនឹងការរៀបចំរបាយការណ៍ស្តីពី ស្ថានភាពបរិស្ថានជាតិនេះ លោកស្រី ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានថ្លែងថា របាយការណ៍ស្ថានភាពបរិស្ថាន លើកទីមួយ ត្រូវបានរៀបចំឡើងដោយអង្គការអភិវឌ្ឍន៍ សហប្រជាជាតិ ប្រចាំកម្ពុជា នៅឆ្នាំ១៩៩៤។ បន្ទាប់មកក្នុងអំឡុងឆ្នាំ២០០០ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានសម្របសម្រួលកៀរគរជំនួយ បច្ចេកទេស តាមរយៈអង្គការ DANIDA បានរៀបចំជាគម្រោងបណ្តុះបណ្តាលសមត្ថភាព ដើម្បីចងក្រងរបាយការណ៍ស្ថានភាពបរិស្ថានលើកទីពីរ ដែលពេលនោះមន្ត្រី នៃក្រសួងពាក់ព័ន្ធចំនួន៥ ត្រូវបានបណ្តុះបណ្តាលដូចជា៖ ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល, ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
បន្ថែមពីនេះលោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការកសាងរបាយការណ៍ស្ថានភាពបរិស្ថាន គឺជាកិច្ចការដ៏សំខាន់មួយក្នុងការចងក្រង និងប្រមូលផ្តុំរាល់ព័ត៌មានពាក់ព័ន្ធដើម្បីជូនដំណឹងពីលក្ខខណ្ឌ បរិស្ថាន និងផលប៉ះពាល់នានា ដើម្បីប្រើប្រាស់ជាមូលដ្ឋានជួយសម្រួល ដល់ការធ្វើសេចក្តីសម្រេចចិត្ត និងផែនការគ្រប់គ្រង សំដៅធានាបាននូវនិរន្តរភាពបរិស្ថាន និងជួយដល់អង្គភាព ឬស្ថាប័នទទួលបន្ទុកធ្វើការវាស់វែង ពីវឌ្ឍនភាពដើម្បីសម្រេចបានគោលដៅជាតិសំខាន់ៗ ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍ ដោយចីរភាព។
លោកបានគូសបញ្ជាក់បន្ថែមថា របាយការណ៍ស្ថានភាពបរិស្ថានជាតិ ជាឯកសារប្រមូលផ្តុំនូវព័ត៌មានបរិស្ថានសំខាន់ៗ រួមជាមួយនឹងការវាយតម្លៃ នូវការវិវឌ្ឍប្រែប្រួលជាវិជ្ជមាន និងអវិជ្ជមានក្នុងវិស័យបរិស្ថាន។ តាមរយៈរបាយការណ៍នេះ ក៏បានចូលរួមផ្សព្វផ្សាយព័ត៌មាន និងផ្តល់ចំណេះដឹង អំពីបរិស្ថាន និងធនធានធម្មជាតិដល់សាធារណៈជនទូទៅ ព្រមទាំងផ្តល់នូវព័ត៌មានតាមបែបវិទ្យាសាស្ត្រ សម្រាប់ការសិក្សាស្រាវជ្រាវ និងផ្តល់ចំណេះដឹងដល់សិស្ស និសិត្សផងដែរ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងបរិស្ថានដែលមាននាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រនៃ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានជាសេនាធិការ ត្រូវរៀបចំរបាយការណ៍ស្ថានភាពបរិស្ថាននេះឱ្យបានទៀងទាត់។ ដូចនេះ ក្រោយពេលដែលរបាយការណ៍ លើកទីបីត្រូវបានបញ្ចប់ នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រ ត្រូវរៀបចំផែនការ ដើម្បីកសាងរបាយការណ៍បន្ទាប់ទៀត។ ម្យ៉ាងវិញទៀត ដោយពិនិត្យឃើញថា ការរៀបចំរបាយការណ៍ស្ថានភាពបរិស្ថានទាមទារនូវការគាំទ្រ និងចូលរួម ទាំងការចែករំលែកទិន្នន័យព័ត៌មាន និងការរៀបចំសរសេររបាយការណ៍ រវាងអ្នកពាក់ព័ន្ធផ្សេងៗ នេះជាហេតុផលដែលយើងជួបជុំគ្នាក្នុងថ្ងៃនេះ ដើម្បីចែករំលែក ផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងវិធីសាស្ត្រក្នុងការចងក្រងរបាយការណ៍ស្ថានភាពបរិស្ថាន។
ការយល់ដឹងជាគោលការណ៍មូលដ្ឋានទៅលើខ្លឹមសារ បែបបទនៃការកសាងរបាយការណ៍ ក៏ដូចជាភាពចុះសម្រុង និងស៊ីសង្វាក់គ្នា នៃប្រធានបទបរិស្ថាន ដែលនឹងត្រូវតាក់តែងទាមទារឱ្យមានការចូលរួមសិក្សាស្វែងយល់ និងពិគ្រោះយោបល់ឱ្យបានទូលំទូលាយ៕