(ពោធិ៍សាត់)៖ សមិទ្ធផលនានាក្នុងវត្តកែវជុំ (ហៅវត្តទួលគ្រោះ) ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលកសាងអស់ថវិកាជិត ២៥៧លានរៀល (ជាង៣ម៉ឺនដុល្លារ) ក្រោមគំនិតផ្តួចផ្តើមដោយ ព្រះតេជគុណ យ៉ែម សម្បត្តិ ព្រះគ្រូចៅអធិការវត្ត រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសក្នុង និងក្រៅប្រទេស ត្រូវបានប្រារព្ធពិធីសម្ពោធឆ្លង ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ។
ពិធីសម្ពោធឆ្លង ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ត្រូវបានធ្វើឡើងស្ថិតក្រោមអធិបតីភាព លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ។
លោក ហេង សុភាណា អភិបាលស្រុកវាលវែង បានលើកឡើងថា ស្រុកវាលវែងចាប់ផ្តើមកែប្រែមុខមាត់ថ្មី គឺបន្ទាប់ពីសមាហរណកម្ម ស្របតាមគោលនយោបាយឈ្នះ-ឈ្នះ របស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ១៩៩៨ ជាហេតុធ្វើស្រុកមួយនេះ កាន់តែមានការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ស្រុកវាលវែង មាន៥ឃុំ ២០ភូមិ និងភូមិឧបស័ម្ពន្ធ២២ ប្រជាពលរដ្ឋ៨,៣១២គ្រួសារ មនុស្ស៣៣,៥៣៤នាក់ មានផ្លូវជាតិលេខ៥៥ ប្រវែង១៨២គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចឃុំថ្មដា ដែលជាសសៃឈាមដ៏សំខាន់ ក្នុងការដឹកជញ្ជូនផលិតផលកសិកម្ម និងការធ្វើដំណើរទេសចរណ៍ ព្រោះនៅក្នុងតំបន់នោះសម្បូរទៅដោយរមណីដ្ឋាន ព្រៃភ្នំ ជ្រោះជ្រលង ទឹកធ្លាក់ជាដើម។
លោកថ្លែងទៀតថា ចំពោះវិស័យព្រះពុទ្ធសាសនា មានចំនួន១៨វត្ត ព្រះសង្ឃ ៩៥អង្គ តាជីយាយជី ២១៥នាក់ ដោយឡែកវត្តកែវជុំ ហៅវត្តទួលគ្រួស បានចាប់ផ្តើមកសាងក្នុងអំឡុង ឆ្នាំ២០០៧ ក្រោមគំនិតផ្តួចផ្តើមឡើងដោយ លោកព្រឹទ្ធាចារ្យ អ៊ួន យ៉ង់ បច្ចុប្បន្នជាប្រធានក្រុម ប្រឹក្សាស្រុកវាលវែង រហូតមកដល់ពេលនេះក្រោមការខិតខំ របស់ព្រះតេជគុណ យ៉ែម សម្បត្តិ ព្រះគ្រូចៅអធិការវត្តកែវជុំ និងមានការចូលរួមពីពុទ្ធ បរិស័ទ ចំណុះជើងវត្ត និងពីទីជិតឆ្ងាយផងនោះធ្វើឲ្យវត្ត មានការអភិវឌ្ឍ ព្រមទាំងបានប្រារព្ធពិធីបុណ្យសម្ពោធឆ្លង នាពេលនេះរួមមានរោងឧបោសថមួយខ្នង សាលាធម្មវិន័យមួយខ្នង កុដិមួយខ្នង បណ្ណាល័យមួយខ្នង រោងទទួលភ្ញៀវមួយខ្នង ផ្លូវបេតុង ១ខ្សែ ប្រវែង៨០ម៉ែត្រ របងថ្មមុខវត្ត ប្រវែង១៤០ ម៉ែត្ររោងម៉ាស៊ីន និងក្លោងទ្វារដោយចំណាយថវិកា អស់ជិត២៥៧លានរៀល។
លោក ម៉ៅ ធនិន បានថ្លែងថា សមិទ្ធផលគិតទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ កើតមានរហូតមកដល់សព្វថ្ងៃ គឺផ្តើមចេញពីតម្លៃ សន្តិភាពក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកាលពីមុននៅទីនេះ ជាតំបន់សង្គ្រាម ឥឡូវប្រែមកជាតំបន់មានការអភិវឌ្ឍ ដែលគេនឹកស្មានមិនដល់។ ជាក់ស្តែងដូចជាវត្តកែវជុំ (ហៅវត្តទួលគ្រួស) មួយនេះ ថ្វីត្បិតនៅឆ្ងាយពីទីប្រជុំជនក៏ពិតមែន ប៉ុន្តែមិនចាញ់វត្ត នៅក្នុងទីប្រជុំជននោះឡើយ ព្រោះថាពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែមានការអភិវឌ្ឍ នេះសរបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ អំពីទឹកចិត្តជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា របស់ពុទ្ធបរិស័ទ និងសម្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលបានរួបរួមសាមគ្គី និងខិតខំប្រឹងប្រែងសាងសង់ម្តងបន្តិចៗ រហូតបានកសាងរួចរាល់ជាស្ថាពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។
លោក ម៉ៅ ធនិន បញ្ជាក់ថា «យើងពិតជាសប្បាយរីករាយណាស់ ចំពោះសមិទ្ធផលទាំងឡាយ នៅក្នុងវត្តកែវជុំ ក៏ដូចបណ្តាវត្តនានានៅពេលនេះ ព្រោះជាមនុញ្ញផល បានមកពីទឹកចិត្តបរិសុទ្ធជ្រះថ្លា ដែលជាកុសល និងការជឿជាក់ចំពោះសាសនា ហេតុនេះសូមអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាទុកជាគុណប្រយោជន៍ និងសម្បត្តិរួមរបស់យើងទាំងអស់គ្នា ទាំងខាងផ្លូវលោក និងផ្លូវធម៌»។
លោកបន្តថា «អ្វីដែលសំខាន់ចាប់ពីពេលនេះ ដល់ពេលខាងមុខ គប្បីប្រជាពលរដ្ឋត្រូវចេះ រួបរួមសាមគ្គី ពិចារ ណានូវអ្វីដែលសុខ និងអ្វីដែលរីកចម្រើន កុំចេះតែជឿទៅតាមការឃោសនា បោកប្រាស់របស់ជនអគតិមួយចំនួន បានត្រឹមតែថា សន្យាមិនដែលបានជួយកសាងអ្វីសោះ។ មួយវិញទៀតសូមប្រជាពលរដ្ឋ ត្រូវស្វែងយល់រស់នៅទីណា ថែរក្សាការពារសមិទ្ធផល នៅទីនោះជាពិសេសធនធានធម្មជាតិ កុំនាំគ្នាទៅទន្ទ្រានរុករាន គឺនៅសល់ប៉ុនណារក្សាទុកប៉ុណ្ណឹង ត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍»។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានចូលរួមថវិកា៨លានរៀលដល់វត្ត និងអញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តនោះ ជាផ្លូវការផងដែរ៕