(ភ្នំពេញ)៖ អគ្គិភ័យដែលផ្ទះប្រជាពលរដ្ឋបោះដុំអាវជជុះ នៅតាមបណ្ដោយផ្លូវលេខ១៧៣ ផ្ទះលេខ៣៥ ក្រុមទី២៣ ភូមិ០៣ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ តាំងពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ រហូតមកដល់ព្រឹកថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងហើយ។
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ បានឲ្យដឹងថា ផ្ទះដែលកើតគ្រោះអគ្គិភ័យនេះ មានម្ចាស់ឈ្មោះ អ៊ុង ណាវី ភេទស្រី អាយុ៥៤ឆ្នាំ ដែលផ្ទះឆេះអស់ទាំងស្រុងទំហំ៨ម៉ែត្រ គុណ១៤ម៉ែត្រ និងមិនបានបណ្តោយឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
បើតាមសមត្ថកិច្ច សម្រាប់គ្រោះអគ្គិភ័យនេះផ្ទះជិត១០ល្វែងបានរងការខូចខាត និងប៉ះពាល់។
ដោយឡែកសម្រាប់ប្រតិបត្តិការនេះការជួយសង្គ្រោះវិញ សមត្ថកិច្ចក៏បានឲ្យដឹងផងដែរថា បានប្រើប្រាស់ឡានទឹកចំនួន៤០គ្រឿង ដោយគិតជាជើងនៃការដឹកជញ្ជូនទឹក អស់ប្រមាណ២៥០ជើង។ ក្នុងនោះរថយន្តការិយាល័យអគ្គិភ័យ ចំនួន២០គ្រឿង, រថយន្ដរបស់កងពលតូចលេខ៧០ ចំនួន៤គ្រឿង, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង, រថយន្តក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង, រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន២គ្រឿង, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន៦គ្រឿង រថយន្តកងរាជអាវុធហត្ថជាតិ ចំនួន៤គ្រឿង។
គួរជម្រាបថា នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ គេសង្កេតឃើញវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងលោក ធឹម សំអាន អភិបាលខណ្ឌ បានដឹកនាំមន្ដ្រីចុះពិនិត្យកន្លែងកើតហេតុ ក៏ដូចជាសួរសុខទុក្ខដល់ក្រុមគ្រួសារអ្នករងគ្រោះដោយសារគ្រោះអគ្គិភ័យនេះផងដែរ៕