(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនណាហ្គាវើលដ៍ បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពី កម្មវិធីចែកសម្ភារសិក្សា និងការលើកកម្ពស់ ការយល់ដឹងពីសុវត្ថិភាពអគ្គិភ័យ ដើម្បីឧបត្ថម្ភសម្ភារសិក្សា រយៈពេលមួយឆ្នាំ ដល់សាលារៀនចំនួន៥៥ នៅក្នុងខេត្តចំនួន១១។ ពិធីនេះ រៀបចំធ្វើឡើង នៅទីស្ដីការក្រសួងអប់រំ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។
នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានថ្លែងថា «យើងមានកិត្តិយសយ៉ាងខ្លាំង ដែលបានសហការជាមួយក្រសួង ដើម្បីជួយលើកកម្ពស់ការអភិវឌ្ឍវិស័យអប់រំ ក្នុងប្រទេសកម្ពុជា ពីព្រោះវាដើរយ៉ាងសំខាន់ ក្នុងការកសាងប្រទេសជាតិ»។
លោក Pern Chen បានបន្ដទៀតថា «ចាប់តាំងពីឆ្នាំ២០១៤ យើងបានចូលរួមធ្វើឲ្យបរិយាកាស នៃការសិក្សារៀនសូត្រប្រសើរឡើង និងបានផ្តល់សម្ភារសិក្សា ដល់សិស្សានុសិស្សជាង ១៨១,០០០នាក់ នៅតាមសាលារៀនជាង១០០ នៅតាមខេត្តចំនួន ១០ ក្នុងប្រទេសកម្ពុជា»។
លោកថា ក្នុងឆ្នាំនេះ យើងបានពង្រីកគម្រោងនេះ ទៅកាន់ខេត្តមួយទៀត។ យើងសង្ឃឹមថា ការឧបត្ថម្ភរបស់យើង នឹងជួយគ្រួសារ ដែលមានជីវភាពខ្វះខាត ឲ្យទទួលបានសម្ភារសិក្សា សម្រាប់កូនៗរបស់ពួកគេ។ ក្នុងរយៈពេល ២ឆ្នាំ កន្លងទៅនេះ យើងបានផ្តល់សិក្ខាសាលាស្តីពី សុវត្ថិភាពអគ្គិភ័យផងដែរ ដែលបានផ្តល់ផលប្រយោជន៍ ដល់សិស្សានុសិស្សប្រមាណ៥,០០០នាក់។
ជាមួយអនុស្សរណៈយោគយល់គ្នានេះ ក៏នឹងពង្រីកកម្មវិធីលើកកម្ពស់ ការយល់ដឹងអំពីសុវត្ថិភាពអគ្គិភ័យនេះ ទៅដល់សាលារៀនច្រើនជាងមុន ជាពិសេសជួយអប់រំសហគមន៍របស់យើង និងការពារពួកគេ ពីមហន្តរាយនៃអគ្គិភ័យ ។ នេះជាការបញ្ជាក់បន្ថែម របស់លោក Pern Chen។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា «យើងសូមសរសើរ និងវាយតម្លៃខ្ពស់ចំពោះការឧបត្ថម្ភ និងការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងការជួយឧបត្ថម្ភ និងគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំ ក្នុងប្រទេសកម្ពុជា និងផ្តល់ចំណេះដឹងសង្គ្រោះជីវិត ពីអគ្គិភ័យដល់សិស្សានុសិស្ស និងសហគមន៍របស់យើង»។
ការចែកសម្ភារសិក្សា ត្រូវបានធ្វើឡើង នៅតាមទីធ្លាសាលាបឋមសិក្សា ដោយមានអ្នកស្ម័គ្រចិត្ត នៃក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ជាអ្នកជួយចែកសម្ភារសិក្សា ដល់សិស្សានុសិស្សថ្នាក់ទី ១-៦ និងលើកទឹកចិត្តឲ្យពួកគេ ប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតភ្លឺស្វាង និងសម្រេចក្តីស្រមៃរបស់ពួកគេ។
ណាហ្គាវើលដ៍ ក៏បានផ្តល់រង្វាន់ដល់សិស្សពូកែផងដែរ ដើម្បីឲ្យពួកគេកាន់តែខិតខំរៀនសូត្រ និងមិនបោះបង់គោលដៅជីវិតរបស់ពួកគេ។ រីឯ កម្មវិធីលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពអគ្គិភ័យវិញ ត្រូវបានធ្វើឡើង នៅតាមអនុវិទ្យាល័យ និងវិទ្យាល័យទូទាំងរាជធានីភ្នំពេញ ហើយក្នុងឆ្នាំនេះ ណាហ្គាវើលដ៍នឹងពង្រីកកម្មវិធីសង្គ្រោះជីវិត ដ៏មានសារសំខាន់នេះ ទៅកាន់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តតាកែវ។
ការបណ្តុះបណ្តាល និងសិក្ខាសាលា ត្រូវបានផ្តល់ជូនដោយក្រុមការងារជំនាញពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីអប់រំដល់សិស្សានុសិស្ស អំពីវិធីបង្ការអគ្គីភ័យ និងសុវត្ថិភាពអគ្គិភ័យ ព្រមទាំងឧបត្ថម្ភ បំពង់ពន្លត់អគ្គិភ័យដល់សាលារៀនផងដែរ៕