(ស្ទឹងត្រែង)៖ លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ​ អគ្គស្នងការរងនគរបាលជាតិ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ដែលរៀបចំធ្វើឡើង នៅក្នុងខេត្តស្ទឹងត្រែង។ ពិធីនេះ ក៏មានការចូលរួមពី ស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាង​២,០០០នាក់។

បន្ទាប់ពីបញ្ចប់សុន្ទរកថា និង​មានមតិសំណេះសំណាលរួចមក រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញបង្ហោះសារអបរំចងភ្ជាប់ប៉ោងៗ ជានិមិត្តរូប និងដុតបំផ្លាញវត្ថុតាងគ្រឿងញៀន ចំនួន៥ខេត្តរួមមាន៖ ស្ទឹងត្រែង, រតនគីរី មណ្ឌលគីរី, ព្រះវិហារ និងក្រចេះ។ គ្រឿងញៀនទាំងអស់នោះរួមមាន

*មេតំហ្វេតាមីន (ICE) ចំនួន១៧៦,៥៧៩.៩៧ក្រាម និង៣៨កញ្ចប់តូច
*មេតំហ្វេតាមីន (WY) ១៨,៣២១គ្រាប់
*មេតំហ្វេតាមីន (WY) ៩៧៤,៨៩ក្រាម
*កេតាមីន ទម្ងន់ ១០,៨៦៤.២១ក្រាម។

សូមជម្រាបថា នាពេលថ្មីៗ​នេះ គ្រឿងញៀនជាច្រើនប្រភេទ ចំនួនជាង២តោន ក៏ត្រូវបានដុតបំផ្លាញចោល ក្នុងទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ​ នៅ​រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

គ្រឿងញៀនជាង២តោន ដែលត្រូវដុតបំផ្លាញចោលនោះ រួមមាន៖ ហេរ៉ូអ៊ីន, មេតំហ្វេតាមីន, អំហ្វេតាមីន, អុចស្តាស៊ី, កេតាមីន, នីមេតាហ្សីប៉ាម, ពីរ៉ូវ៉ាឡេរ៉ូន (ថ្នាំគ្រាប់), ពីរ៉ូវ៉ាឡេរ៉ូន (ម្សៅម៉ដ្ឋ)។

បើតាមលោក មាស វីរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្លាប់ប្រាប់មកអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ជារៀងរាល់ឆ្នាំអង្គការសហប្រជាជាតិ (អ.ស.ប) បានកំណត់យកថ្ងៃទី២៦ ខែមិថុនា ជាថ្ងៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយតម្រូវឲ្យប្រទេសជាសមាជិក រៀបចំទិវានេះ ទៅតាមប្រធានបទរៀងៗខ្លួន ស្របតាមបរិបទនៃការគំរាមកំហែង ដោយបញ្ហាគ្រឿងញៀន។

ជាមួយគ្នានោះ លោក មាស វិរិទ្ធ បានគូសបញ្ជាក់ថា «ទិវានេះធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ បានជ្រួតជ្រាបពីគ្រឿងញៀន ដែលបង្កគ្រោះថ្នាក់ និងហានិភ័យដល់សុខភាពសន្តិសុខសណ្តាប់ធ្នាប់ នៃការអភិវឌ្ឍជាតិរបស់ខ្លួន»

សូមបញ្ជាក់ផងដែរថា នៅរយៈពេល២ឆ្នាំចុងក្រោយនេះ ពោលគឺនៅឆ្នាំ២០១៧ និង២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានដុតកម្ទេចចោលគ្រឿងញៀន និងកញ្ឆាជាង៦០០គីឡូក្រាម៕