(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា កម្ពុជាបាន និងកំពុងទទួលនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ក្នុងទឹកដីប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់នឹងវិសម្ពាធ ដែលទើបនឹងកើតឡើង នៅខាងកើតកោះហៃណាំ ហើយឥទ្ធិពលខ្យល់មូសុងនិរតីខ្លាំង និងឥទ្ធិពលហ្វឹន (Foehn) ដែលមានល្បឿនពី៧-១០ម៉ែត្រក្នុងមួយវិនាទី ក៏កំពុងកើតមាននៅភាគខាងក្រោមប្រទេសផងដែរ។
លក្ខណៈបែបនេះធ្វើឲ្យ៖
១៖ ទឹកទន្លេមេគង្គនឹងងើបឡើងបន្តិច។
២៖ ខេត្តនៅតំបន់មាត់សមុទ្រមាន៖ កោះកុង, ព្រះសីហនុ នឹងមានភ្លៀងធ្លាក់រាយប៉ាយ ជាបន្តបន្ទាប់ ក្នុងកម្រិតពីបង្គួរទៅច្រើន។ ឯខ្យល់លើផ្ទៃសមុទ្រ និងរលកមានកម្រិតខ្លាំង។
៣៖ បណ្តាខេត្តនៅតំបន់ខ្ពង់រាបភាគខាងជើងប៉ែកឦសាន និងជាប់វៀតណាម ភ្លៀងនឹងមានកម្រិតពីបង្គួរទៅច្រើន។
៤៖ បណ្តាខេត្តនៅតំបន់ទំនាបកណ្តាល និងពាយ័ព្យ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ។
៥៖ បណ្ដាខេត្តមាន កំពង់ស្ពឺ, កណ្តាល, តាកែវ,កំពត និងរាជធានីភ្នំពេញ អាចមានភ្លៀងពីតិចទៅមធ្យម ដោយសារឥទ្ធិពលហ្វឺននៅបន្តមាន។
៦៖ បាតុភូត ផ្គរ រន្ទះ,ខ្យល់កន្ត្រាក់ និងបន្តកើតមាន និងរលកសមុទ្រខ្លាំងផងដែរ។
ក្រសួងធនធានទឹកក៏បាន អំពាវនាវឲ្យសាធារណៈជន បន្តការប្រុងប្រយ័ត្នខ្ពស់ ជៀសវាង នូវបណ្តាបាតុភូតអវិជ្ជមានកើតមានឡើងជាយថាហេតុ៕