(បរទេស)៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ត្រូវបានបង្កើតឡើងនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩៥ ក្រោយពីបានបញ្ចប់ការចរចានៅកិច្ចប្រជុំនៅយូរ៉ូហ្គាយ (ឆ្នាំ១៩៨៦-១៩៩៤) និងជាអង្គការ ដែលប្រតិបត្តិដោយប្រើវិធាន និងកិច្ចព្រមព្រៀងជាគោល។ អង្គការ WTO មានលេខាធិការដ្ឋាននៅ ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ដែលមានមន្រ្តីបម្រើការងារប្រមាណ ៦៥០នាក់ និងថវិកាចំនួន១៩៧លានហ្រ្វង់ស្វីស នៅឆ្នាំ២០១៨ ដែលទទួលបានពីការបង់វិភាគទាន។
* តើ WTO គឺជាអ្វី?
WTO បានចាប់កំណើតចេញពីកិច្ចព្រមព្រៀងទូទៅស្ដីពីពន្ធ និងពាណិជ្ជកម្ម ឬហៅកាត់ថា GATT ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៧។ GATT មានគោលដៅ កាត់បន្ថយពន្ធ ដើម្បីជួយសម្រួលដល់ការពាណិជ្ជកម្មនៅលើពិភពលោក។ ប៉ុន្តែនៅឆ្នាំ១៩៩៥ កិច្ចព្រមព្រៀង GATT ត្រូវបានជំនួស ដោយស្ថាប័នអន្តរជាតិមួយ នោះគឺអង្គការពាណិជ្ជកម្មពិភពលោក ឬគេស្គាល់ថា WTO ដែលមានតួនាទីសំខាន់ក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មរវាងរដ្ឋ និងរដ្ឋ។
* WTO ដំណើរការណ៍យ៉ាងដូចម្ដេច?
បច្ចុប្បន្ន អង្គការ WTO មានសមាជិកពេញសិទ្ធិចំនួន១៦៤ តំណាងឲ្យ៩៨ភាគរយនៃពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះមានប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៣៦ ជាសមាជិក។ មានរដ្ឋាភិបាលចំនួន២៣ទៀត កំពុងសុំចូលជាសមាជិក ដែលក្នុងនោះ៨រដ្ឋាភិបាលនៃប្រទេសអភិវឌ្ឍន៍តិចតួចផងដែរ។
លោក រ៉ូប៊ែតូ អាហ៊្សែវ៉េដូ (Roberto Azevêdo) ជាអគ្គនាយកអង្គការ WTO ទី៦ បានចូលកាន់តំណែង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣ សម្រាប់រយៈពេល៤ឆ្នាំ និងបានតែងតាំងមួយអាណត្តិទៀតបន្តគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបញ្ចប់នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។
WTO មានលេខាធិការដ្ឋាននៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ហើយអង្គការនេះតែងតែបើកកិច្ចប្រជុំ នៅស្វីសជារៀងរាល់២ឆ្នាំម្ដង ដើម្បីធ្វើការសម្រេចចិត្តលើ បញ្ហានានាពាក់ព័ន្ធនឹងពាណិជ្ជកម្ម ពិភពលោក។ មិនតែប៉ុណ្ណោះ WTO ក៏មានផ្នែកជាច្រើនរបស់ខ្លួនផងដែរ ក្នុងនោះមានដូចជា ក្រុមប្រឹក្សាផលិតផល ក្រុមប្រឹក្សាសេវាកម្ម ក្រុមប្រឹក្សាកម្មសិទ្ធិបញ្ញា ក្រុមប្រឹក្សាផ្សះផ្សាជម្លោះ និងក្រុមប្រឹក្សាឃ្លាំមើលពាណិជ្ជកម្ម៕
ប្រភព៖ www.wto.org