(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស។
តើកម្ពុជាក្លាយជាសមាជិក WTO ពីពេលណា? កម្ពុជាទាញបានប្រយោជន៍អ្វី និងកំពុងធ្វើសកម្មភាពអ្វីខ្លះនៅអង្គការ WTO? ខាងក្រោមនេះជាព័ត៌មានសង្ខេបស្តីពីប្រវត្តិការនៃដំណើរការចូលជាសមាជិក WTO របស់កម្ពុជា ក៏ដូចជាអត្ថប្រយោជន៍ដែលកម្ពុជាទាញបានពី WTO និងសកម្មភាពមួយចំនួនរបស់កម្ពុជានៅអង្គការពិភពលោកមួយនេះផងដែរ។
កម្ពុជាបានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការ WTO នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ១៩៩៤។ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ក្រុមការងារចូលជាសមាជិកអង្គការ WTO របស់កម្ពុជាត្រូវបានបង្កើតឡើង។ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ១៩៩៩ អនុស្សារណៈស្តីពីគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជាបានផ្ញើជូនទៅលេខាធិការដ្ឋានអង្គការ WTO។ លុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ កម្ពុជាបានក្លាយជាសមាជិកអង្គការ WTO ជាផ្លូវការ។
បន្ទាប់ពីបានក្លាយជាសមាជិកអង្គការ WTO កម្ពុជា បានធ្វើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនបានចំនួន២លើកប្រកបដោយជោគជ័យ គឺលើកទី១ ធ្វើនៅថ្ងៃទី១-៣ ខែវិច្ឆិកា ឆ្នាំ២០១១ និងលើកទី២ នៅថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្របតាមកាតព្វកិច្ច។ កម្ពុជា ត្រូវបានជ្រើសរើសជាប្រធានក្រុមសម្របសម្រួលនៃបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច កាលពីដើមឆ្នាំ២០១៧ ដល់ដើមឆ្នាំ២០១៨។
ការក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនេះ កម្ពុជាទទួលបាននូវអត្ថប្រយោជន៍ជាច្រើនមានដូចជា៖ ជួយពង្រឹងគោលនយោបាយ និងស្ថាប័នក្នុងស្រុក តាមរយៈកំណែទម្រង់លិខិតបទដ្ឋាន ច្បាប់ និងកម្មវិធីការងារ ក្រោយពីក្លាយជាសមាជិកអង្គការ WTO បង្កើតបានជាបរិយាកាសទាក់ទាញវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងបានពង្រីកបានទីផ្សារនាំចេញ ទៅកាន់ទីផ្សារសំខាន់ៗ ជាច្រើន។
ក្នុងនាមជាសមាជិក WTO នេះ កម្ពុជាទទួលបាននូវប្រព្រឹត្តកម្មពិសេសនិងមានភាពអនុគ្រោះ ក្នុងនាមជា សមាជិកអភិវឌ្ឍន៍តិចតួច។ កម្ពុជាក៏ទទួលបានជំនួយ បច្ចេកទេស និងហិរញ្ញវត្ថុ ពីកម្មវិធីក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF) ក្រោមអង្គការ WTO និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ដូចជាពីធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងម្ចាស់ជំនួយអន្តរជាតិផ្សេងៗទៀត។
ជាក់ស្តែងកម្មវិធី EIF ដំណាក់កាលទី១ និងទី២ កំពុងជួយកម្ពុជាលើកកម្ពស់ការងារអាទិភាពចំនួន៣ គឺកិច្ចសម្រួលពាណិជ្ជកម្ម ការធ្វើពិពិធកម្មនាំចេញ និងការប្រកួតប្រជែង។ ដោយសារជំនួយនេះកម្ពុជាបានរៀបចំការសិក្សាវិភាគយុទ្ធសាស្រ្តពាណិជ្ជកម្ម (DTIS) ជាបន្តបន្ទាប់ក្នុងឆ្នាំ២០០១, ២០០៧, ២០១៤ និងបានធ្វើបច្ចុប្បន្នភាពលើកទី៣ គឺឯកសារយុទ្ធសាស្ត្រសមាហរណកម្មកម្ពុជា ២០១៩-២០២៣ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ជាគោល។
បច្ចុប្បន្នកម្ពុជាបាននិងកំពុងទទួលជំនួយបច្ចេកទេសពីអង្គការ WTO និងម្ចាស់ជំនួយដទៃទៀត ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងស្តីពី កិច្ចសម្រួលពាណិជ្ជកម្ម (TFA) ឲ្យបានពេញលេញ ស្រមតាមគម្រោងអភិវឌ្ឍន៍បញ្ជរតែមួយជាតិ កំពុងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អង្គការ WTO ក៏បានជួយកម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលព័ត៌មាន ហើយបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ សម្រាប់ធ្វើជា មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវ ព័ត៌មានពាក់ព័ន្ធនឹងអង្គការ WTO និងពាណិជ្ជកម្មអន្តរជាតិ សម្រាប់មន្ត្រីរដ្ឋាភិបាល វិស័យឯកជន គ្រឹះស្ថានសិក្សា និងសាធារណជនទូទៅ។
ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងពង្រីកការទូតផ្នែកពាណិជ្ជកម្មជាមួយសាមជិកអង្គការពាណិជ្ជកម្មពិភពលោក និងមានការស្នើសុំពីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការយល់ព្រមពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើតស្ថានបេសកកម្ម អចិន្ត្រៃយ៍ ប្រចាំអង្គការ WTO និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ នៅថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ។
ស្ថានបេសកកម្ម មិនត្រឹមតែធ្វើការជាមួយអង្គការ WTO ដែលមានសមាជិក១៦៤ ប្រទេស ប៉ុណ្ណោះទេ ថែមទំាង ធ្វើការជាមួយអង្គការទាក់ទងនឹងវិស័យពាណិជ្ជកម្មសំខាន់ៗ ដូចជា អង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ (WIPO) មានសមាជិក ១៩១ ប្រទេស សន្និសីទអង្គការសហប្រជាជាតិសម្រាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) មានសមាជិក១៩៥ប្រទេស មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (UNIDO) និងអង្គការទាក់ទងនឹងវិស័យពាណិជ្ជកម្មអន្តរជាតិមួយចំនួនទៀត។
កម្ពុជា ជាប្រទេសទី៦ ក្នុងបណ្តាប្រទេសអាស៊ានទាំង១០ ដែលមានថ្នាក់អគ្គរាជទូត/អគ្គរដ្ឋទូតចំនួនពីររូប ដោយមួយរូបប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ហើយមួយរូបទៀតប្រចាំអង្គការ WTO និងអង្គការពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម។
ក្រោយពីការបង្កើតស្ថានបេសកកម្មមក កម្ពុជាសម្រេចសមិទ្ធិផលធំៗ ដូចជាដឹកនាំក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបានយ៉ាងជោគជ័យឆ្នាំ២០១៧-២០១៨ កម្ពុជាត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មាធិការនាយកក្របខ័ណ្ឌពង្រឹងសមាហរណកម្ម នៅឆ្នាំ២០១៨ និងបានខិតខំប្រឹងប្រែង និងម្ចាស់ការលើការអនុវត្តកាតព្វកិច្ចនានា រួមទាំងកាតព្វកិច្ចនៃការជូនដំណឹង និងការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្ម ឆ្នាំ២០១៧ ព្រមទាំងបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្តល់សច្ចាប័នចូលជាសមាជិក នៃកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម និងបានអនុវត្តបទបញ្ញត្តិបានប្រមាណជាង ៧០% រួចមកហើយផងដែរ។
បច្ចុប្បន្ន កម្ពុជាកំពុងបន្តបំពេញតួនាទីយ៉ាងសំខាន់ក្នុងនាមជាសមាជិកត្រោយកា (TROIKA) ជួយដល់សាធារណៈរដ្ឋអាហ្វ្រិកកណ្តាល និងសាធារណៈរដ្ឋឆាតក្នុងការដឹកនាំសម្របសម្រួល ក្រុមប្រទេស អភិវឌ្ឍន៍តិចតួចទាំង៣៦ប្រទេស លើការចរចាក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោកឲ្យបានជោគជ័យបន្ថែមទៀត។
ស្ថានបេសកកម្ម បានសម្របសម្រួលជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នាំកម្ពុជាបានចូលជាសមាជិកនៃសន្ធិសញ្ញា និងកិច្ចព្រមព្រៀងមួយចំនួន ព្រមទាំងសម្របសម្រួលការចុះបញ្ជីម៉ាកអន្តរជាតិក្រោមប្រព័ន្ធម៉ាឌ្រីដ ដោយកម្ពុជា បានទទួលចំណូលថវិកាជាតិប្រមាណ ២០ ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ។
កម្ពុជាកំពុងចូលរួមចរចាទាញប្រយោជន៍ លើការផ្តល់ភាពអនុគ្រោះពន្ធ លើវិធានប្រភពដើមទំនិញ លើវិស័យសេវាកម្ម និងនាំចេញដោយរួចពន្ធនិងមិនជាប់កូតា១០០% លើផលិតផលកម្ពុជា បន្ថែមពីលើការផ្តល់ រួចហើយដោយប្រទេសចិន ជប៉ុន ក្នុងទំហ៊ំ៩៧% នៃមុខទំនិញទាំងអស់៕