(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ឲ្យមានដំណោះស្រាយបណ្តោះអាសន្នមួយ ជាមួយសមាគមអ្នកដឹកជញ្ជូនកម្ពុជា (CAMTA) ពាក់ព័ន្ធការពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ របស់គណៈកម្មការជាតិសុវត្ថិភាពចារាចរណ៍ផ្លូវគោក ពីព្រោះសមាជិករបស់ GMAC បាននិងកំពុងក្លាយទៅជាជនរងគ្រោះ នៅក្នុងបញ្ហានេះដោយមិនដឹងខ្លួន។
GMAC បានពន្យល់ករណីស្នើសុំឲ្យមានដោះស្រាយបណ្តោះអាសន្ននេះដោយហេតុផលថា «វត្ថុធាតុដើមនាំចូល និងផលិតផលសម្រេចនាំចេញជាច្រើន របស់សមាជិក GMAC ត្រូវបានកកស្ទះ ដែលនឹងអាចបង្កឲ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ក៏ដូចជាទំនុកចិត្តពីសំណាក់អ្នកបញ្ជាទិញ លើភាពអាចទុកចិត្តបាន ស្តីពីប្រសិទ្ធិភាពនៃការផ្គត់ផ្គង់ទំនិញបានទាន់ពេលវេលា»។
យ៉ាងណាក៏ដោយ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ក៏បានប្រកាសគាំទ្រ១០០% លើការអនុវត្តន៍ច្បាប់ របស់គណៈកម្មការជាតិសុវត្ថិភាពចារាចរណ៍ផ្លូវគោក របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានដល់កម្រិតអតិបរមា។
ជាមួយគ្នានេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ក៏សូមអំពាវនាវជំរុញឲ្យក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនទំនិញធុនធ្ងន់ទាំងអស់ ព្យាយាមគោរពអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានពេញលេញ ដើម្បីធានានូវសុវត្ថិភាពលើផ្លូវសាធារណៈ និងធានាបាននូវនិរន្តរភាព នៃការផ្តល់សេវាឯកជនដល់អតិថិជនរបស់ខ្លួន៕