(ភ្នំពេញ)៖ ម្សិលមិញ ពេលឃើញគេផ្សាយព្រោងព្រាតនូវព័ត៌មានអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហភាពអឺរ៉ុបជាមួយវៀតណាម ខ្ញុំសែនហួសចិត្ត ហើយក៏បានដាក់ចេញជា សំណួរភ្លាមថា តើឯណាទៅ ស្តង់ដារបស់សហភាពអឺរ៉ុប?
យោងតាមកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរអាចផ្តោះប្តូរពាណិជ្ជកម្មដោយសេរីពោលគឺគ្មានរបាំងពន្ធគយនោះឡើយ។ ក្នុងនាមពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមចូលរួមអបអរសាទរដោយសុទ្ធចិត្តចំពោះប្រទេសវៀតណាម ដែលជាប្រទេសជិតខាងរបស់យើងសម្រាប់ការទទួលបាននូវកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ អ្វីដែលខ្ញុំចង់កត់សម្គាល់នៅពេលនេះ គឺគ្រាន់តែចង់ស្វែងយល់ និងវិភាគរកឱ្យឃើញធាតុពិតនៃរបស់ដែលហៅថា ស្តង់ដារបស់សហភាពអឺរ៉ុបតែប៉ុណ្ណោះ។
ដូចដែលយើងទាំងអស់គ្នាភាគច្រើនបានដឹងហើយថា សហភាពអឺរ៉ុប ដោយមានការបំភាន់ បំភ្លៃ បំពុលនិងចាក់រុកជាប្រចាំពីក្រុមអតីតបក្សប្រឆាំងនៅកម្ពុជា បាននិងកំពុងរករឿងព្យួរប្រព័ន្ធអនុគ្រោះពន្ធលើទំនិញសព្វ សារពើលើកលែងតែអាវុធហៅកាត់ថា EBA ពីកម្ពុជាក្រោមលេសនៃពាក្យ២ ម៉ាត់គឺ «ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។ ពួកគេបានដាក់សម្ពាធមកលើកម្ពុជាដោយអះអាងថា កម្ពុជាគ្មានប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស? ប៉ុន្តែ ឥឡូវនេះក្រុមមនុស្សដដែលហ្នុងរបស់សហភាពអឺរ៉ុបបានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាមធ្វើព្រងើយ នៅទីក្រុងហាណូយ កាលពីថ្ងៃ ៣០ មិថុនា ២០១៩នេះ។ បើអញ្ចឹង តើឯណាទៅពាក្យថា «ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» ដែលសហភាពអឺរ៉ុប អួតនិងគំរាមថា ជាលក្ខខណ្ឌ ចាំបាច់របស់ខ្លួនក្នុងការធ្វើជំនួញជាមួយដៃគូនោះ?
តាមពិតទៅ នៅលើលោកនេះគ្មានទេយុត្តិធម៌ គ្មានទេស្តង់ដារ គ្មានទេមិត្ត គ្មានទេសត្រូវ គឺមានតែផលប្រយោជន៍តែប៉ុណ្ណោះ។ នេះជាទ្រឹស្តីនៃទំនាក់ទំនងអន្តរជាតិ ដែលគេបានស្គាល់យ៉ាងច្បាស់។
ប៉ុន្តែ អ្វីដែលកើតឡើងនៅកម្ពុជា និងនៅវៀតណាមពេលនេះ វាគឺជាមេរៀនដែលកូនខ្មែរត្រូវរៀនសូត្រ និងចងចាំនោះគឺ៖
ទី១៖ សម្រាប់ជនបរទេស ឬដែលគេច្រើនហៅថាសហគមន៍អន្តរជាតិ គឺពួកគេគិតពីប្រយោជន៍របស់ខ្លួនគេជាធំ #There is neither eternal foe nor friend but only a common interest »។ ឲ្យតែមាន ប្រយោជន៍ គឺគេចាប់យកភ្លាមដោយមិនគិត និងខ្វល់ពីអ្វីទាំងអស់។ ពាក្យថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាដើម នេះវាគ្រាន់តែជាផ្កាសម្រាប់លម្អសួនតែប៉ុណ្ណោះ តែតាមការពិត លុយគ្មានក្លិនលោកសេរី គ្មានក្លិនលោកកុម្មុយនីស្ត គ្មានក្លិនប្រជាធិបតេយ្យ ឬក្លិនសិទ្ធិមនុស្សអ្វីឡើយ។ ករណីវៀតណាម និងសហភាពអឺរ៉ុប ឬវៀតណាម និងសហរដ្ឋអាមេរិក ។ល។ គឺជា ឧទាហរណ៍ជាក់ស្តែងស្រាប់ ដែលមិនអាចនរណាមកប្រកែក បានឡើយ។
ដូច្នេះ អ្នកនយោបាយខ្មែរដែល ចូលចិត្តយកបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មកក្រឡុកសភាពការណ៍ក្នុងប្រទេសរបស់ខ្លួននោះ គួរតែដល់ពេលភ្ញាក់រលឹកភ្លឺភ្នែកហើយៗ គួរតែបញ្ឈប់ទៅ របៀបធ្វើនយោបាយ ដើម្បីបំផ្លាញជាតិនិងបំផ្លាញឆ្នាំងបាយប្រជាជនខ្លួនឯងដូចដែលកំពុងធ្វើសព្វថ្ងៃនេះ។
ទី២៖ « គ្មានទេស្តង់ដារតែមួយ សម្រាប់ពិភពលោកដែល ពោរពេញ ដោយពុតត្បុតយើងនេះ គឺមានស្តង់ដារពីរ បី ឬលើសពីនេះផង #There is no International Standard in this hypocritical world but Double or Triple Standard »។
ដូច្នេះ អ្នកដែលខិតខំទាមទារឲ្យរដ្ឋាភិបាលភ្នំពេញអនុវត្តតាម ស្តង់ដាអឺរ៉ុប ឬស្តង់ដារអាមេរិក គឺជាការទាមទារដ៏ឆោតល្ងង់មួយតែប៉ុណ្ណោះពីព្រោះឯណាទៅ ស្តង់ដាអឺរ៉ុប ឯណាទៅស្តង់ដាអាមេរិកព្រោះលើការជាក់ស្តែងបើពួកគេអនុវត្តចំពោះកម្ពុជាផ្សេង ហើយអនុវត្តចំពោះប្រទេសដទៃផ្សឹងបែបនេះ?
ធ្វើជាអ្នកនយោបាយដែលរាំមិនស្គាល់ចង្វាក់ គឺគ្មានអ្វីក្រៅពីអូសទាញប្រទេសជាតិឲ្យដើរថយក្រោយ ឬឲ្យពិបាកដើរទៅមុខនោះឡើយ។
ទី៣៖ ពាក្យ «ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវបានលោកខាងលិចប្ រើប្រាស់ជាឧបករណ៍ ដើម្បីលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងដាក់អាណានិគមន៍បែបថ្មី ទៅលើប្រទេសនោះតែប៉ុណ្ណោះ #Democracy and Human Rights boasted by western power are only a Shield for external interference and Neo-colonialism »។ ដើម្បីសម្រេចមហិច្ឆតានេះ ជាទូទៅ យើងអាចសង្កេតឃើញ យ៉ាងច្បាស់នូវវិធីដែលពួក បរទេសទាំងនោះបានប្រើប្រាស់អ្នកនយោបាយប្រឆាំងក្នុងស្រុកជាកូនជឹង ឬកូនអុក។ ក្នុងសម័យអាំងទែរណែតយើងឥឡូវនេះ វាគ្មានអ្វីជាអាថ៌កំបាំងដែល យើងមិនអាចស្វែងរកបាននោះ ទេព្រោះមានឧទាហរណ៍ច្រើនណាស់ហើយនៅលើលោកនេះ។ ហើយអ្វីដែលបាន និងកំពុងកើតឡើងនៅកម្ពុជាគឺជាផ្នែកមួយនៃ នយោបាយលូកដៃចូលកិច្ចការផ្ទៃក្នុង និងចង់យកកម្ពុជាធ្វើជា ចំណុះដោយមានក្រុមអតីតបក្សប្រឆាំងជាឧបករណ៍។
ទី៤៖ ដើម្បីក្លាយជាប្រទេស អភិវឌ្ឍន៍ខ្លាំងរឹងមាំ និងមានទឹកមាត់ប្រៃ មធ្យោបាយមានតែ មួយគត់គឺការខិតខំដោយកម្លាំងខ្លួនឯង ដោយដៃម្ខាងទាញយកផលចំណេញពីគ្រប់ទិសទីមិនថាមកពីលោកសេរី ឬលោកកុម្មុយនីស្តឡើយ ឲ្យតែមានប្រយោជន៍ទាញយកទាំងអស់។ ខ្ញុំកត់សម្គាល់ឃើញសព្វថ្ងៃនេះ នៅមានអ្នកនយោបាយខ្លះនៅឆោតល្ងង់រើសអើងជំនួយ ឬការវិនិយោគពីប្រទេសចិន ឬវៀតណាមដោយចាត់ទុកថា ជាជំនួយឬជាការវិនិយោគមិនល្អព្រោះមកពីប្រទេសកុម្មុយនិស។ ប៉ុន្តែ ខ្ញុំឆ្ងល់ថាពួកគេម្តេចមិនក្រឡេកមើលបរទេសដែលពួក គេចាត់ទុកជាចៅហ្វាយនោះផងថា តើហេតុអ្វីគេទៅចាប់ដៃរកស៊ីជាមួយចិន ឬវៀតណាម?
សរុបមកវិញ ឆ្លងកាត់ស្ថានភាពជាក់ស្តែងដូចបានលើកឡើងខាងដើម ខ្ញុំពិតជាយល់បានអំពីជំហរដ៏ម៉ឺងម៉ាត់ដាច់អហង្ការរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសម្តងហើយម្តងទៀតថា «មិនយកអធិបតេយ្យភាពជាតិ ទៅប្តូរនឹងជំនួយ»។ ម្យ៉ាងទៀត រដ្ឋាភិបាលភ្នំពេញខិតខំប្រឹងអូសទាញហើទទួលយក ការវិនិយោគឬជំនួយពីគ្រប់ទិសទី ដោយមិនរើសអើងប្លុកកម្មុយ និស ឬសេរីឡើយពោលគឺឲ្យតែមានប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារខ្មែរ គឺទទួលយកទាំងអស់។
ដូច្នេះ ជំហរដ៏ហ្មឺងម៉ាត់ដាច់ខាត របស់រដ្ឋាភិបាលដឹកនាំដោយ សម្តេច ហ៊ុន សែន ពិតជាត្រឹមត្រូវណាស់ពីព្រោះ «ជោគវាសនា របស់កម្ពុជា វាអាស្រ័យលើខ្មែរខ្លួនឯងជាអ្នកកំណត់»តែ ប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ ភាពវៃឆ្លាតរបស់មេដឹកនាំគឺការចេះកៀរគរជំនួយ និងវិនិយោគ មកពីគ្រប់ទិសទីដោយមិនរើសអើង។ ហើយផ្ទុយទៅវិញ ការពឹងលើ បរទេសហើយបើកដៃឲ្ប បរទេសលូកដៃកកូរកកាយផ្ទៃក្នុងប្រទេសខ្លួនឯង នោះលទ្ធផលចុងក្រោយ យើងគួររៀនសូត្រនិងដកពិសោធន៍ពី ប្រទេសស៊ីរី លីប៊ី អេហ្ស៊ីប ។ល។ ពោលគឺគ្មានអ្វីក្រៅពីភាពខ្ទេចខ្ទាំ និងសង្គ្រាមវិនាសកម្មគ្រប់បែប យ៉ាង។ល។
ដូច្នេះប្រការដែលសហភាពអឺរ៉ុប ប្រើប្រាស់ស្តង់ដារពីរជាមួយកម្ពុជា និងជាមួយវៀតណាមគឺជា រឿងផលប្រយោជន៍សុទ្ធសាធ មិនថា សេដ្ឋកិច្ច រឺ ភូមិសាស្ត្រ នយោបាយនោះឡើយ ទើបគេសុខចិត្តបិទភ្នែករឿងប្រជាធិបតេយ្យនិសិទ្ធិមនុស្ស។ ប៉ុន្តែ ដល់ពេលខ្ញុំឃើញស្តង់ដារ ២ត្រូវបានអនុវត្តនៅប្រទេសជិត ខាងគ្នាដូច្នេះ ខ្ញុំក៏ដូចជាពលរដ្ឋ ខ្មែរឯទៀតដែរ គឺមានអារម្មណ៍ហួសចិត្ត ហើយក៏មានមនោសញ្ចេតនាស្រឡាញ់ប្រទេសជាតិខ្លួនឯងកាន់តែខ្លាំង និងកាន់តែឲ្យតម្លៃទៅលើអធិបតេយ្យភាពជាតិខ្មែរកាន់តែខ្លាំងថែមទៀត។ ហើយអ្វីដែលកូនខ្មែរ គ្រប់ៗរូបក៏ត្រូវចងចាំទុកជា មេរៀនផងដែរនោះគឺ «សិទ្ធិស្វ័យសម្រេច របស់ខ្មែរ យើងគឺជាកត្តាស្លាប់រស់របស់ជាតិ និងប្រជាជនយើង #Rights to self-determination is a death and life factor for our Khmer nation and people »៕
ដោយ ៖ អ្នកតាមដាន នយោបាយតុកាហ្វេ