(ភ្នំពេញ)៖ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ឆ្នាំ២០១៩នេះ ឬហៅថា Cambodia Travel Mart (CTM) នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១១-១៣ ខែតុលាខាងមុខ ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Slick Booth Events Public & Relations ជាមួយនឹងការរំពឹងទុកថានឹងមានអ្នកចូលរួមប្រមាណ ៦ពាន់នាក់ មកពីជុំវិញពិភពលោក។
ដើម្បីឱ្យព្រឹត្តិការណ៍ CTM ២០១៩ នេះប្រព្រឹត្តទៅដោយមានក្រុមហ៊ុនក្នុងប្រទេសចូលរួមច្រើន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Slick Booth នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ បានរៀបចំពិធីផ្សព្វផ្សាយព្រឹត្តិការណ៍ CTM ឆ្នាំ២០១៩នេះ ទៅដល់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្រុមហ៊ុនទេសចរណ៍ជាតិ-អន្តរជាតិជាច្រើន នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពលោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍។
លោក សូ ម៉ារ៉ា បានឱ្យដឹងថា តាមការគ្រោងទុក ព្រឹត្តិការណ៍ CTM ២០១៩ នឹងមានការចូលរួមពីពីក្រុមហ៊ុន ឬទីភ្នាក់ងារទេសចរណ៍ ឬហៅថាជាអ្នកទិញ (Buyer) ជាច្រើនមកពីប្រមាណ៦០ប្រទេសជុំវិញពិភពលោក។ រីឯក្រុមអ្នកលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ ឬហៅថា Seller នោះ គឺភាគច្រើនជាក្រុមហ៊ុននៅក្នុងប្រទេស និងខ្លះទៀតមកពីប្រទេសនានាក្នុងតំបន់អាស៊ាន។
លោកបន្តថា ការរៀបចំឱ្យមានព្រឹត្តិការណ៍នេះ គឺដើម្បីជំរុញចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបាន ៧លាននាក់ នៅឆ្នាំ២០២០ និង ១៥លាននាក់ នៅឆ្នាំ២០៣០។
លោក ឱម ផារិន អគ្គនាយកក្រុមហ៊ុន Slick Booth Events Public & Relations បានបញ្ជាក់ថា តាំងពីពេលបើកឱ្យមានការចុះឈ្មោះចូលរួមរហូតមកដល់ថ្ងៃនេះ មានក្រុមហ៊ុន Seller ចុះឈ្មោះទិញស្ដង់ចូលរួមក្នុងព្រឹត្តិការ CTM ឆ្នាំ២០១៩នេះ មានប្រមាណ១០០ស្ដង់ហើយ ហើយបិទការទទួលចុះឈ្មោះនៅខែកញ្ញា ឆ្នាំ២០១៩។
ចំណែកឯក្រុមហ៊ុន Buyer ចូលរួមនៅចុងខែកក្កដា និងបិទការទទួលចុះឈ្មោះនៅខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ប៉ុន្តែក្រុមហ៊ុន Buyer នេះទៀតសោតក៏បានត្រៀមលក្ខណៈចុះឈ្មោះចូលរួមជាមួយព្រឹត្តិការណ៍ដ៏ធំនេះផងដែរ។
លោក ឱម ផារិន បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ CTM ឆ្នាំ២០១៩នេះ មានចំណុចពិសេសៗមួយចំនួន៖
* ផ្ដល់ការបញ្ចុះតម្លៃពិសេសដល់ទៅ ២០% សម្រាប់ក្រុមហ៊ុន Seller ក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃបើកទទួលការចុះឈ្មោះដំបូងរហូតដល់ថ្ងៃទី១៥ ខែកក្កដា។
* មានក្រុមហ៊ុន Buyer មកពីអន្តរជាតិ ក្នុងនោះ Buyer ថ្មីៗដល់ទៅប្រមាណ ៨០% នៃក្រុមហ៊ុន Buyer សរុប។
* ទីតាំងពិព័រណ៍មានភាពអំណោយផលសម្រាប់ក្រុមហ៊ុន Seller ក្រុមហ៊ុន Buyer ភ្ញៀវជាតិ-អន្តរជាតិ ដែលចូលរួមក្នុងព្រឹត្តិការណ៍ CTM ឆ្នាំ២០១៩នេះ។
* ក្នុងព្រឹត្តិការណ៍ CTM ឆ្នាំ២០១៩នេះ នឹងមានសកម្មភាពកម្មវិធីជាច្រើនសម្បូរបែប ដែលក្រុមហ៊ុន Seller ក្រុមហ៊ុន Buyer ភ្ញៀវជាតិ-អន្តរជាតិ អាចទទួលបានបទពិសោធន៍ថ្មីៗ។
នៅឆ្នាំ២០១៨ មានស្ដង់ចំនួន១៧៣ស្ដង់ បានលក់នូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ និងផលិតផលទេសចរណ៍របស់ខ្លួនអស់។ ឆ្នាំ២០១៩នេះ នឹងមានស្ដង់ពិព័រណ៍ចាប់ពី ២០០-២៥០ស្ដង់ និងមានពន្លាមួយចំនួនទៀតសម្រាប់សមាគមន៍ទីភ្នាក់ងារទេសចរណ៍ផងដែរ។
ក្រៅពីអ្នកលក់ និងអ្នកទិញ ព្រឹត្តិការណ៍ CTM នេះក៏នឹងមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ១៥០នាក់ ដែលមកពីអង្គភាពព័ត៌មានផ្សេងៗជុំវិញពិភពលោក។ ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានគេរំពឹងទុកថានឹងមានអ្នកចូលរួមប្រមាណ ៦ពាន់នាក់ កើនឡើង ២០-៣០%។
លោក ឱម ផារិន បានអំពាវនាវដល់ក្រុមហ៊ុនទេសចរណ៍ សមាគម ឬទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ-ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន-អាហារដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍នានា សូមចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ CTM 2019 ខាងមុខនេះឱ្យបានច្រើនកុះករ ដើម្បីបង្កើនការលក់នូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ ឬផលិតផលទេសចរណ៍ដែលខ្លួនមានក្នុងដៃ ពីព្រោះមិនងាយមានព្រឹត្តិការណ៍ផ្សព្វផ្សាយ និងការជួបជុំរវាងអ្នកលក់-អ្នកទិញនៅក្នុងប្រទេសផ្ទាល់យ៉ាងដូច្នេះឡើយ ហើយប្រសិនបើយើងទៅផ្សព្វផ្សាយនៅក្រៅប្រទេសក៏ត្រូវចំណាយច្រើន ហើយមិនប្រាកដថាទទួលបានដៃគូល្អៗទៀតផង៕