(តាកែវ)៖ ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា និងដើម្បីចូលរួមចំណែកលើកស្ទួយចំណេះដឹង ឲ្យកុលបុត្រកម្ពុជាយល់ដឹងពីគុណមាតាបិតា ក្រុមនិស្សិតឈ្មោះថា «យុវជនដើម្បីសង្គម» បានបន្តរៀបចំកម្មវិធីអប់រំសីលធម៌ តាមបែបព្រះពុទ្ធសាសនា ផ្សាភ្ជាប់នឹងសង្គម នៅសាលាវិទ្យាល័យ សុខ អាន ភ្នំឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ។
កម្មវិធីនេះ ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ដែលមានការចួលរួមពីដៃគូរសហការ ដោយអង្គការអប់រំកុមារ និងយុវជន, ក្រុមយុវសមណៈវត្តវារិន្ទព្រែកលៀប និងការអប់រំ, អាជ្ញាធរដែនដី, សប្បុរសជននានា និងយុវជនស្ម័គ្រចិត្តយ៉ាងច្រើនកុះករផងដែរ។
ក្នុងនាមតំណាងឲ្យគណៈកម្មការរៀបចំកម្មវិធីទាំងមូល ព្រះតេជគុណ ហូយ ម៉េងទៀង បានមានសង្ឃដីកាថា ព្រះពុទ្ធសាសនា ជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងវិស័យអប់រំ។ ព្រះអង្គមានសង្ឃដីកាបន្តថា ព្រះសង្ឃជាច្រើនអង្គ កំពុងបញ្ជ្រាបចំណេះដឹង សីលធម៌ ចរិយាធម៌ ដល់សិស្សានុសិស្ស ការអប់រំតាមបែបព្រះពុទ្ធសាសនា ដើម្បីសុខសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីឲ្យពួកគេបានយល់កាន់តែច្បាស់ ពីតម្លៃរបស់ជាតិខ្មែរ ក៏ដូចជាខិតខំគោរពប្រតិបត្តិ មាតាបិតាខ្លួនផងដែរ។
ព្រះតេជគុណដែលតំណាងឲ្យក្រុម «យុវជនដើម្បីសង្គម» អង្គនេះ បានមានសង្ឃដីកាបន្តទៀតថា សកម្មភាពបង្រៀនកុមារ តាមបែបព្រះពុទ្ធសាសនា ជាផ្នែកមួយនៃផ្លូវពុទ្ធិចក្រ ដែលធ្វើឲ្យផ្លូវអាណាចក្រ មានការរីកចម្រើនកាន់តែខ្លាំង។ ភាពរីកចម្រើននៅក្នុងប្រទេសមួយ អាស្រ័យលើការយល់ដឹងរបស់កុមារ ដែលជាទំពាំងជំនាន់ក្រោយ នៅពេលដែលកុមារគ្រប់គ្នា យល់ពីតម្លៃគ្រួសារច្បាស់ ពួកគេនឹងចាប់ផ្តើមក្លាយជាពលរដ្ឋល្អ ដែលជាក្តីសង្ឃឹមសម្រាប់ប្រទេសជាតិ។
ព្រះតេជគុណ ហូយ ម៉េងទៀង បានមានសង្ឃដីកាបន្ថែមថា ក្រុមនិស្សិតស្ម័គ្រចិត្តកម្ពុជា ពិតជាចង់ខ្លាំងណាស់ ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមមួយនេះ ឲ្យកាន់តែប្រសើរឡើង ដូច្នេះហើយសកម្មភាពនេះ សបញ្ជាក់ឲ្យឃើញថា យុវជនមិននៅស្ងៀម ឬមិនអើពើចំពោះសង្គមនោះទេ។ ព្រះអង្គមានសង្ឃដីកាបន្តថា ការលះបង់ ភាពស្មោះត្រង់ និងការសង្រោះ គឺជាភាពចាំបាច់បំផុត ដែលត្រូវចូលរួមទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសហគមន៍ ទាំងអស់គ្នាដើម្បីការអប់រំ។
ព្រះតេជគុណ ក៏បានថ្លែងអំណរអរព្រះគុណ និងអរគុណដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងអ្នកចូលរួមទាំងអស់គ្នា ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ព្រមទាំងសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគទាំងថវិកា និងសម្ភារផងដែរ។
ព្រះអង្គបញ្ជាក់ថា «យើងខ្ញុំជាគណៈកម្មការរៀបចំកម្មវិធី សូមថ្លែងអំណរព្រះគុណ និងអរគុណ ដល់ព្រះគ្រូចៅអធិការ វត្តភ្នំហៅ ភ្នំជីតាពេជ្រ ដែលបានឧបត្ថម្ភគាំទ្រ កម្មវិធីអប់រំសីលធម៌ តាមបែបព្រះពុទ្ធសាសនា ផ្សាភ្ជាប់និងសង្គម ដែលមានការចួលរួម ពីដៃគូរសហការដោយ អង្គការអប់រំ កុមារនិងយុវជន ក្រុមយុវសមណៈវត្តវារិន្ទព្រែកលៀប និងការអប់រំ សប្បុរសជននានា យុវជនស្មគ្រ័ចិត្ត និងអ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងថវិកា ជាពិសេសសូមថ្លែងអំណរគុណ ដល់អាជ្ញាធរដែនដី ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅ ដែលធ្វើឲ្យកម្មវិធីមួយនេះ ប្រព្រឹត្តទៅដោយជោគជ័យ»៕