(ភ្នំពេញ)៖ កម្ពុជានឹងមានវារីអគ្គិសនីថ្មី ចំនួន៣បន្ថែម ដែលមានអានុភាពសរុបចំនួន រហូតដល់ទៅ ២៨០មេហ្កាវ៉ាត់ឯណោះ។ នេះបើយោងតាមលទ្ធផល សម័យប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ។
សេចក្តីព្រាងច្បាប់ ដែលបើកផ្លូវដល់ការសាងសង់វារីអគ្គិសនីយ៍នេះ ត្រូវបានអនុម័តដោយរដ្ឋសភា នៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានតំណាងរាស្រ្តចូលរួម១១២រូប។
រដ្ឋសភាបានអនុម័តយល់ព្រម លើច្បាប់ការធានាទូទាត់ របស់រាជរដ្ឋាភិបាល លើគម្រោងវិនិយោគវិស័យវារីអគ្គិសនី ទាំង៣រួមមាន៖
១៖ សម្រេចឱ្យក្រុមហ៊ុន KTC Cable Co., Ltd. និងដៃគូ សិក្សានិងអភិវឌ្ឍន៍គម្រោងវារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ អានុភាព៨០មេហ្កាវ៉ាត់ ស្ថិតក្នុងភូមិសាស្ត្រ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះជាគម្រោងក្រោមរូបភាពវិនិយោគ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ដែលមានទុនវិនិយោគសរុប ២៣១,១០លានដុល្លារអាមរិក គ្រោងនឹងដាក់ឱ្យដំណើរការ នៅឆ្នាំ២០២៣។
២៖ សម្រេចឱ្យក្រុមហ៊ុន ស្នេថេក រីញូវេប៊ល ឯ.ក វិនិយោគដំឡើងបន្ថែមផ្ទាំងសូឡា ផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព២០មេហ្កាវ៉ាត់ ជាលក្ខណៈបន្ទាន់ ដែលអាចដាក់ឱ្យដំណើរការ នៅក្នុងខែធ្នូ ឆ្នាំ២០១៩នេះ លើទីតាំងដែលមានស្រាប់បច្ចុប្បន្ន ដែលជាទីតាំងគម្រោងស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អនុភាព៦០មេហ្កាវ៉ាត់ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ សរុបមក ក្រុមហ៊ុននេះអាចផលិតអានុភាពអគ្គិសនីបាន ៨០មេហ្កាវ៉ាត់។
៣៖ សម្រេចឱ្យក្រុមហ៊ុន ស្នេថេក ខូអិលធីឌី វិនិយោគសាងសង់ស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ ២កន្លែង គឺទី១៖ អានុភាព ៦០មេហ្កាវ៉ាត់ នៅក្នុងខេត្តកំពង់ឆ្នាំង និងទី២៖ អានុភាព៦០មេហ្កាវ៉ាត់ដូចគ្នា តែមានទីតាំងនៅខេត្តពោធិ៍សាត់ ជាលក្ខណៈបន្ទាន់ ដែលអាចដាក់ឱ្យដំណើរការ នៅចុងឆ្នាំ២០២០ និងនៅដើមឆ្នាំ២០២១ខាងមុខ។ សរុបមក ក្រុមហ៊ុននេះអាចផលិតអានុភាពអគ្គិសនីបាន ១២០មេហ្កាវ៉ាត់៕