(សៀមរាប)៖ កងបង្វិល កន្ត្រកវិល ដ៏ធំជាងគេ និងមានកម្ពស់ខ្ពស់ជាងគេនៅកម្ពុជានាំចូលពីប្រទេសជប៉ុន សម្រាប់ទីផ្សារទី៣ នៅអាស៊ីអាគ្នេយ៍ បានរៀបចំបើកការដ្ឋានតម្លើង សាងសង់ជាផ្លូវការ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅលើទីតាំង BOXVILLE ខាងកើតមជ្ឈមណ្ឌលភូមិវប្បធម៌ នៃក្រុងសៀមរាប ហើយគម្រោងតម្លើង សាងសង់ កងបង្វិល កន្ត្រកវិលនេះ នឹងបញ្ចប់ និងបើកដាក់ឲ្យប្រើប្រាស់នៅកំឡុងខែធ្នូ ឆ្នាំ២០១៩នេះ។
សម្រាប់ការវិនិយោគនេះ គឺទឹកប្រាក់ប្រមាណជាង ៧លានដុល្លារអាមេរិក ក្រោមការទទួលឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា ដោយក្រុមហ៊ុន Angkor Eye Co.,Ltd. ដែលជាក្រុមហ៊ុនវិនិយោគក្នុងស្រុក ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឲ្យមានកិច្ចសហការជាមួយក្រុមហ៊ុនវិនិយោគជប៉ុន (CQ Amenic Co.) ផងដែរ នេះបើតាមប្រសាសន៍របស់ លោក ម៉េង ហៀង អគ្គនាយកក្រុមហ៊ុន Angkor Eye Co.,Ltd.។
លោកបានឲ្យដឹងថា កងបង្វិល កន្ត្រកវិលនេះ មានកម្ពស់ ៨៥ម៉ែត្រ មានកន្ត្រកសណ្តោងចំនួន ៤៨កន្ត្រក។ នៅក្នុងកន្ត្រកសណ្តោងទាំងនោះមានបំពាក់ដោយម៉ាស៊ីនត្រជាក់ អាចផ្ទុកភ្ញៀវទេសចរឲ្យជិះបានសរុប ១៩២នាក់។ ហើយការធ្វើដំណើរលើកន្ត្រកវិលមួយជុំ មានរយៈពេល ១៨នាទី និងអាចមើលឃើញទេសភាពជុំវិញក្រុងសៀមរាប តំបន់បឹងទន្លេសាប និងទេសភាពរមណីយដ្ឋានអង្គរ ពីលើអាកាសផងដែរ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងក្នុងពិធីនោះថា នៅពេលដែលគម្រោងសាងសង់នេះត្រូវបានបញ្ចប់ កន្ត្រកវិល Angkor Eye នឹងក្លាយជានិមិត្តរូបមួយក្នុងខេត្តសៀមរាប និងជាកន្លែងដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់ទស្សនាក្រុងសៀមរាប និងតំបន់ប្រាសាទអង្គរវត្តពីលើអាកាស។ គម្រោងនេះ គឺជាបទពិសោធន៍ដ៏ល្អមួយនៃការវិនិយោគ និងសហការធ្វើអាជីវកម្មរបស់ជប៉ុននៅកម្ពុជា។
លោកក៏សុំឲ្យមានការបន្តចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបណ្តុះបណ្តាល កសាងសមត្ថភាពធនធានមនុស្សពាក់ព័ន្ធទៅនឹងអាជីវកម្មកំសាន្តនៅកម្ពុជា ដែលវិស័យទេសចរណ៍ មិនមែនគ្រាន់តែជាការធ្វើអាជីវកម្មប៉ុណ្ណោះទេ គឺជាឧស្សហកម្មគ្មានផ្សែងដ៏សំខាន់មួយ។
លោក Takeyoshi Shinomiya ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Angkor Eye Co.,Ltd. បានឲ្យដឹងថា ៖ គ្រោងសំណង់ កន្ត្រកវិលដ៏ធំនេះ មានទម្ងន់សារុបប្រមាណជា ៧០០តោន ក្នុងនេះដុំអក្សវិលនៅចំកណ្តាលមានទម្ងន់ ៦១តោន។ ហើយក្រុមវិស្វករជប៉ុន កំពុងតម្លើងតាមស្តង់ដារបច្ចេកទេស និងដើម្បីធានាសុវត្ថិភាពខ្ពស់។
លោកបន្តឲ្យដឹងថា កន្រ្តកវិលនេះ មានលក្ខណៈពិសេសប្លែក ដែលត្រូវបានផលិត និងបង្កើតឡើងជាមួយរូបសណ្ឋានមានលក្ខណៈលម្អិតដ៏កម្រ ក្នុងចំណោមកន្ត្រកវិលទាំង១៤០ ក្នុងប្រទេសជប៉ុន ។ កន្ត្រកវិលនេះ ត្រូវបានផលិតឡើងដោយធន់ជាមួយនឹងគ្រប់លក្ខខណ្ឌធម្មជាតិ ដូចជា កម្លាំងខ្យល់ ភ្លៀងខ្លាំង និងស្ថានភាពដ៏លំបាក ពាក់ព័ន្ធទៅនឹងតំបន់ប្រឈមការរញ្ជួយផែនដី ជាដើមនេះ៕