(ភ្នំពេញ)៖ កូនខ្មែរដែលជាអ្នកបង្កើតមនុស្សយន្តដំបូងគេនៅកម្ពុជា បង្ហាញពីមហិច្ឆតារបស់ខ្លួនថា នឹងខិតខំបន្តទៀតក្នុងការអភិវឌ្ឍមនុស្សយន្តឲ្យកាន់តែដូចមនុស្សពិតៗ ដើម្បីបង្ហាញឲ្យបរទេសឃើញថា កម្ពុជាបាននិងកំពុងរីកចម្រើន ក្នុងវិស័យបច្ចេកវិទ្យា ដែលអាចបង្កើត Robot ដោយខ្លួនឯងបាន។

ថ្លែងក្នុងកិច្ចសម្ភាសក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News ក្រុមកូនខ្មែរអ្នកបង្កើតមនុស្សយន្ត បានបញ្ជាក់ឲ្យដឹងថា សម្រាប់មនុស្សយន្តដែលបានបង្កើតដំបូងគេនៅកម្ពុជានេះ គឺវាអាចធ្វើចលនាកាយវិការ បានស្រដៀងមនុស្ស ហើយអ្វីដែលពិសេសជាងនេះទៅទៀត វាអាចនិយាយបាន២ភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស។

លោក សុភ័ណវោហា ដែលជាអ្នកគ្រប់គ្រងទូទៅ នៅក្នុងបន្ទប់ស្រាវជ្រាវ ផលិតមនុស្សយន្ត បានបញ្ជាក់ថា «សម្រាប់ការធ្វើមនុស្សយន្តនេះឡើង គឺប្រើរយៈពេលប្រមាណជាង៦ខែ ប៉ុន្តែសម្រាប់ការគិតក៏ដូចជាគម្រោងវិញ គឺបានគិតអស់រយៈពេលជាង ២ឆ្នាំមកហើយ។ ចំពោះផលលំបាកមួយចំនួន ក្នុងការបង្កើតនេះមានដូចជា ពិបាកស្វែងរកសម្ភារដែលសម្ភារមួយចំនួន គឺអត់មានលក់នៅខ្មែរទេ ដូច្នេះគឺទាមទារឲ្យយើងស្វែងរក និងបញ្ជាទិញនៅក្រៅប្រទេស ដែលក្នុងនោះមានការបញ្ជាទិញពីប្រទេសដូចជា អាមេរិក, ចិន និងអាល្លឺម៉ង់»

លោកបន្តថា លក្ខណៈពិសេសនៃមនុស្សយន្ត ឬហៅថា Robot នេះ គឺទី១៖ អាចនិយាយប្រាស្រ័យទំនាក់ទំនងជាមួយមនុស្សបាន ហើយភាសាដែល Robot និយាយមាន២ភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស ហើយអ្វីដែលពិសេសខ្លាំងជាងនេះទៅទៀតនោះ គឺភាសាខ្មែរ ហើយសម្រាប់ភាសាអង់គ្លេសជាទូទៅ Robot ផ្សេងៗទៀត។

លោកបន្តថា ការបង្កើត Robot ដែលអាចនិយាយភាសាខ្មែរបាននេះ ក្នុងគោលបំណងចង់បង្ហាញពីអត្តសញ្ញាណជាតិ។

លោក ជ្រិន ជីវ៉ា ជាគ្រូដឹកនាំខាងផ្នែកបច្ចេកវិទ្យា Program បានលើកឡើងថា សម្រាប់ Program វិញ គឺមិនមែនជាបញ្ហាសម្រាប់រូបលោកទេ តែអ្វីដែលពិបាកសម្រាប់លោកនោះគឺ គំនិតនៃការសរសេរ Program ព្រោះថា ដើម្បីធ្វើឲ្យមនុស្សយន្តមួយ អាចឆ្លើយឆ្លងជាមួយយើងលក្ខណៈដូចមនុស្សបាន គឺទាមទារឲ្យយល់ពីគំនិត និងការនិយាយធ្វើយ៉ាងណា ឲ្យ Robot ស្គាល់ពីពាក្យពេចន៍របស់យើង។

លោកបន្តថា មួយវិញទៀតលំបាក ក្នុងការស្វែងរកបច្ចេកវិទ្យា AI ដែលជាបច្ចេកវិទ្យាមួយដែលថ្មីសម្រាប់បច្ចុប្បន្ន។ អ្វីដែលលោក និងក្រុមរបស់លោកគិតគូរ និងបន្តការស្រាវជ្រាវបន្ថែមទៀតនោះ ការនិយាយស្ដី ជាពិសេស គឺភាសាខ្មែរ នៅមានដែនកំណត់នៅឡើយ ដូច្នេះទៅថ្ងៃអនាគតក្រុមលោក នឹងអភិវឌ្ឍន៍ Robot ឲ្យឆ្លាតដូចជាមនុស្ស។

ក្រុមកូនខ្មែរអ្នកបង្កើតមនុស្សយន្ត ក៏បានថ្លែងអំណរគុណចំពោះក្រសួងការងារ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រ និងផ្ដល់ជំនួយសម្រាប់ដំណើរការ បង្កើតមនុស្សយន្តនេះឡើង និងស្នើឲ្យក្រសួង និងភាគីពាក់ព័ន្ធបន្តការជួយឧបត្ថម្ភបន្តទៀត ដើម្បីមានលទ្ធិភាពអាចបន្តការសិក្សាស្រាវជ្រាវ និងស្វែងរកបច្ចេកវិទ្យាថ្មីៗបន្តទៀត។

សូមបញ្ជាក់ផងដែរថា មនុស្សយន្ត ឬ Robot ដំបូងគេ ដែលទើបតែបង្កើតបាននេះ មានឈ្មោះថា «រ៉ូប៉ូតខេមព្រះកុសុមៈ» មានអាយុមួយឆ្នាំ និងទម្ងន់៤៥គីឡូក្រាម អាចនិយាយបានពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស៕