(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈគណៈបញ្ជាការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានណែនាំកម្លាំងនគរបាលគ្រប់អង្គភាពទាំងអស់ ដែលមានភារកិច្ចក្នុងគណៈបញ្ជាការនេះ ត្រូវតែខិតខំប្រឹងប្រែងធ្វើការរួមគ្នា ដើម្បីសម្ដៅកាត់បន្ថយបទល្មើសលួច ឆក់ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបដកស្រង់បទពិសោធន៍ការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ ក៏បានក្រើនរំលឹកដល់កម្លាំងនគរបាលទាំងអស់ថា មិនត្រូវប្រើប្រាស់វប្បធម៌ជះទឹកដាក់គ្នាពេលបទល្មើសកើតឡើងនៅទេ ពោលត្រូវតែរួមដៃគ្នាដើម្បីបង្ក្រាប ក្នុងគោលដៅរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ តាមអនុសាសន៍របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

បើតាមលោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា ក៏បានដាក់បទបញ្ជាជាថ្មី ដល់កម្លាំងទាំងអស់ក្នុងគណៈបញ្ជាការ ក្រោយបញ្ចប់កិច្ចប្រជុំនេះទៅ ត្រូវរៀបចំប្រមូលផ្ដុំកម្លាំងឡើងវិញ នៅតាមគោលដៅរៀងៗខ្លួន និងត្រៀមគ្រប់ពេលវេលាទាំងអស់ ដើម្បីចេញប្រតិបត្ដិការបង្ក្រាបនៅពេលមានបទល្មើសកើតឡើង។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលបង្ក្រានបាន ក្នុងរយៈពេលបីខែ ដែលជាជំហ៊ានដំបូងនៃការដកស្រង់បទពិសោធន៍ក្នុងប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ដែលបានដាក់ចេញដោយ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

លើសពីនេះ នាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន បានសង្កត់ធ្ងន់ថា បទល្មើសឆក់ ជាបទល្មើសមួយដែលមានបញ្ហាប្រឈម នកងគ្រោះថ្នាក់ខ្លាំងណាស់ ក្រៅពីប៉ះពាល់ដល់អាយុជីវិតជនរងគ្រោះហើយនោះ បទល្មើសនេះក៏ប៉ះពាក់ដល់កិត្តិយសប្រទេសជាតិផងដែរ ប្រសិនជនល្មើសប្រព្រឹត្តទៅលើជនបរទេស ហើយមួយទៀតក៏បង្ហាញអំពីភាពអសកម្មរបស់កម្លាំងសមត្ថកិច្ចផងដែរ។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក៏បានដាក់ចេញនូវវិធានការចំពោះមុខ ដែលត្រូវតែអនុវត្តរួមគ្នា មានដូចជា បញ្ហាកងកម្លាំង, បញ្ហាគោលដៅ, បញ្ហារូបភាព និងសកម្មភាព, ពេលវេលានៃការធ្វើសកម្មភាពត្រូវបត់បែនតាមកាលៈទេសៈ, បញ្ហាវិធានការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ពោលត្រូវផ្សព្វផ្សាយរូបថតរបស់ជនល្មើសទៅតាមបណ្ដាញសង្គមជាដើម។

សូមជម្រាបថា យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈបញ្ជាការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ បានឲ្យដឹងថា ក្នុងរយៈពេល៣ខែ (មេសា, ឧសភា, មិថុនា) ដោយមានការខិតខំប្រឹងប្រែងពីកងកម្លាំងគ្រប់អង្គភាពទាំងអស់បានសហការគ្នាចូលរួមបង្ក្រាបបាន ចំនួនសរុប៤២ករណី ចាប់បានជនសង្ស័យ៧០នាក់ ស្មើ៧១ភាគរយ។

ក្នុងនាមលេខាធិការដ្ឋាន ក៏បានបង្ហាញទិសដៅអនុវត្តបន្តផងដែរ រួមមាន ជំរុញការស៊ើបអង្កេតស្រាវជ្រាវស្វែងរក បង្ក្រាប ករណី ដែលនៅសេសសល់, ខិតខំប្រមូលព័ត៌មានដែលបានកើតឡើងដើម្បីធ្វើការវាយតំលៃសភាពការណ៍ និងដឹកនាំស្រាវជ្រាវបង្ក្រាបឲ្យបានទាន់ពេលវេលា និងចំមុខសញ្ញា មេក្លោង, មានវិធានការដោះស្រាយចំពោះមន្ត្រីអសម្ម និងមានគោលការណ៍លើកទឹកចិត្តដល់មន្ត្រីដែលសកម្មទទួល
ខុសត្រូវលើការងារ និងពង្រឹងកម្លាំងគ្រប់អង្គភាពជំនាញ បន្តអនុវត្តផែនការសកម្មភាព ក្នុងគោលដៅកាត់បន្ថយអំពើលួចឆក់៕