(កណ្ដាល)៖ កម្លាំងនគរបាលខេត្តកណ្ដាល បានចុះបង្ក្រាបទីតាំងកែច្នៃ ដំឡើងរថយន្តគ្មានច្បាប់ ចង្កូតស្ដាំ និងគ្មានពន្ធមួយកន្លែង ស្ថិតនៅក្នុងភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។
ប្រតិបត្ដិការចុះបង្ក្រាបនេះ ធ្វើឡើងដោយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តកណ្ដាល សហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្តកណ្ដាល, កម្លាំងអធិការដ្ឋាន នគរបាលស្រុកអង្គស្នួល ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ ដោយមានការសម្របសម្រួលនីតិវិធីដោយលោក ឯក ស៊ុនរស្មី ជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកណ្ដាលតាមរយៈទូរស័ព្ទ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ជនសង្ស័យជាម្ចាស់ទីតាំងរថយន្តកែច្នៃ ខាងលើនេះ មានឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
សមត្ថកិច្ចបានដកហូតបានវត្ថុតាង រួមមាន៖ រថយន្តម៉ាក NISSAN DiESAlL ៦គ្រឿង ទំងន់៥តោន រថយន្តចង្កូតស្ដាំ (គ្មានពន្ធ) ក្នុងនោះ មានពណ៌ទឹកប្រាក់ ២គ្រឿង និងពណ៌ស ៤គ្រឿង តំឡើងទ្រុងរួច ៣គ្រឿង និងមិនទាន់តំឡើងទ្រុង ៣គ្រឿង។ ចំពោះរថយន្តទាំង៦គ្រឿងនេះ គឺជាប្រភេទរថយន្តដឹកធម្មតាកែច្នៃ ទៅជារថយន្តបែនសម្រាប់ដឹកដី ហើយមានម្ចាស់រាងរៀងខ្លួន។
ចំពោះវត្ថុតាងខាងលើ ក្រុមចម្រុះសម្រេចរក្សាទុក នៅកន្លែងកើតហេតុ បណ្ដោះអាសន្ន រង់ចាំការអនុវត្តនីតិវិធីបន្តស្អែកបន្តទៀត ដោយបានឲ្យកម្លាំងអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ជាអ្នកមើលថែរក្សាវត្ថុតាងទាំងនេះ មិនឲ្យបាត់បង់៕