(សៀមរាប)៖ ជើងហោះហើរថ្មីលើកដំបូងរបស់ក្រុមហុ៑នអាកាសចរណ៍ ជេស៊ី អ៊ែរឡាញ «JC (Cambodia) International Airlines» ដែលបានហោះហើរដោយប្រភេទយន្តហោះ Airbus A320 ដែលបានធ្វើការហោះហើរថ្មីជាលើកដំបូង នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយចេញពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងស៊ីស័ងប៉ាន់ណា ប្រទេសចិន បានធ្វើការចុះចតនៅព្រលានយន្តហោះ ស៊ីស័ងប៉ាន់ណា ហ្គាណា ប្រកបដោយភាពជោគជ័យ និងសុវត្ថិភាព។

ពិធីបើកសម្ភោធជើងហោះហើរថ្មីនេះ ក៏មានការចូលរួមពី លោក លីវ ជុនជា (Liu Junjie) អភិបាលរងក្រុងស៊ីស័ងប៉ាន់ណា, លោក លោកស្រី ថ្នាក់ដឹកនាំនៃរដ្ឋាភិបាល ស៊ីស័ងប៉ាន់ណា អគ្គកុងសុលនៃស្ថានកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងឃុនមីង, លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំនៃអាកាសយានដ្ឋាន អន្តរជាតិ ស៊ីស័ងប៉ាន់ណា ជាច្រើនរូបផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍ ជេស៊ី អ៊ែរឡាញ បានបញ្ជាក់ថា «ក្រុងសៀមរាប និងក្រុងស៊ីស័ងប៉ាន់ណា យើងមើលទៅមានលក្ខណៈខុសគ្នាដាច់ តែទីក្រុងទាំង២នេះ គឺមានប្រវតិ្តសាស្ត្រដ៏យូរ អង្វែងដូចគ្នា។ ខេត្តសៀមរាបគឺជាតំបន់ទេសចរណ៏ប្រវត្តិសាស្រ្តដ៏ល្បីល្បាញបំផុតនៅលើលោកនេះ ហើយក៏ជាកន្លែងកំណើតរបស់វប្បធម៌ និងអរិយធម៌ ដ៏ផូរផង់របស់ប្រទេសកម្ពុជាផងដែរ។ ប្រាសាទអង្គរវត្ត ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងត្រូវបានកំណត់ថា ជាគោលដៅទេសចរណ៍ដ៏អស្ចារ្យបំផុត សំរាប់អ្នកទេសចរណ៍»។

ចំណែកទីក្រុងស៊ីស័ងប៉ាន់ណា គឺជាតំបន់ទេសចរណ៍បរិស្ថានធម្មជាតិដ៏ស្រស់ស្អាត និងជាដែនជម្រកសត្វកម្រ ដែលជិតដាច់ពូជជាច្រើនប្រភេទត្រូវបានអភិរក្សនៅក្នុងតំបន់នេះ។ ទីក្រុងនេះ ក៏ជាតំបន់ដែលមានជនជាតិភាគតិចរស់នៅផងដែរ គឺនៅក្នុងខេត្តយ៉ុនណាន ប្រទេសចិន។ ស៊ីស័ងប៉ាន់ណា គឺស្ថិតនៅក្នុងតំបន់ត្រូពិច ហើយវាជាភូមិសាស្ត្រ ដែលមានព្រៃត្រូពិចធំជាងគេ នៅប្រទេសចិនផងដែរ។

សរុបមកវិញទីក្រុងទាំង២នេះ គឺសុទ្ធសឹងតែជាកន្លែងតំបន់ទេសចរណ៍ដ៏មានភាពល្បីល្បាញ និងទេសភាពដ៏ស្រស់ត្រកាលសម្រាប់ភ្ញៀវទេសចរណ៍មកពីគ្រប់ប្រទេស។
ជើងហោះហើរថ្មីពីទីក្រុង សៀមរាប ទៅកាន់ទីក្រុង ស៊ីស័ងប៉ាន់ណា មិនមែនត្រឹមតែជាការស្វែងរកគោលដៅថ្មី សម្រាប់អាជីវកម្មអាកាសចរណ៍របស់ក្រុមហុ៑នអាកាសចរណ៍ ជេស៊ី អ៊ែរឡាញនោះទេ តែអ្វីដែលសំខាន់ជាងនេះ គឺជាការបង្កើនទំនាក់ទំនងល្អរវាងមិត្តភាពប្រទេសកម្ពុជា និងចិន។ ជើងហោះហើរថ្មីនេះ ក៏អាចជាការជំរុញទំនាក់ទំនង និងការធ្វើសមាហរណកម្ម វិស័យទេសចរណ៍ រវាងទីក្រុងទាំងពីរនេះផងដែរ។ ជាពិសេសគឺ យោងតាមគោលនយោបាយ ៦ឆ្នាំ «ផ្លូវមួយខ្សែក្រវាត់មួយ» តាមរយៈជើងហោះហើរថ្មីនេះ ខេត្តសៀមរាបក៏អាចពង្រីកសក្តានុពលអាកាសចរណ៍របស់ខ្លួន ក៏ដូចជាទាក់ទាញបន្ថែមចំនួនភ្ញៀវទេសចរណ៍យ៉ាងច្រើនពីប្រទេសចិន ។

បើតាមក្រុមហ៊ុនអាកាសចរណ៍ ជេស៊ី អ៊ែរឡាញ បានបញ្ជាក់ទៀតថា សំរាប់ទីក្រុង ស៊ីស័ងប៉ាន់ណា ជាមួយវប្បធម៍ដ៏សំបូរបែប និងសម្រស់ព្រៃបៃតងធម្មជាតិដ៍អស្ចារ្យគឺបានបង្ហាញពីការចុះសម្រុងគ្នារវាងមនុស្ស និងធម្មជាតិ។ តាមរយៈជើងហោះហើរថ្មីនេះ ទីក្រុងស៊ីស័ងប៉ាន់ណា ក៏អាចចាប់ផ្តើមស្វាគមន៏ និងបង្កើនទំនាក់ទនងជាមួយភ្ញៀវទេសចរណ៍ ដែលមកពីគ្រប់ប្រទេស ដើម្បីពង្រីកសក្តានុពលអាកាសចរណ៍របស់ខ្លួនឱ្យមានការរីកចម្រើនបានឆាប់រហ័សផងដែរ។

សូមបញ្ជាក់ដែរថា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ ក្រុមហុ៑នអាកាសចរណ៍ ជេស៊ី អ៊ែរឡាញ នឹងចាប់ដំណើរការផ្លូវហោះហើររវាង ក្រុងព្រះសីហនុ និងក្រុងស៊ីស័ងប៉ាន់ណា បន្ថែមទៀត។ ជើងហោះហើរគឺនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍ ដោយជើងហោះហើរ លេខQD328 ចេញដំណើរពីក្រុងព្រះសីហនុ នៅម៉ោង 08:20 (ម៉ោងក្នុងស្រុក) និងដល់ស៊ីស័ងប៉ាន់ណា នៅម៉ោង 11:30 (ម៉ោងនៅប៉េកាំង) និងជើងហោះហើរ លេខQD329 ចេញដំណើរពីស៊ីស័ងប៉ាន់ណា នៅម៉ោង 12:30 (ម៉ោងនៅប៉េកាំង) ហើយមកដល់ក្រុងព្រះសីហនុនៅម៉ោង 13:40 (ម៉ោងក្នុងស្រុក)។

ស្របជាមួយគ្នានេះ ក្រុមហុ៑នអាកាសចរណ៍ ជេស៊ី អ៊ែរឡាញ ក៏នឹងចាត់ទុកជើងហោះហើរថ្មីនេះជាការចាប់ផ្តើម ជាមួយភាពរីកចម្រើនសំរាប់វិស័យអាកាសចរណ៍ស៊ីវិល កម្ពុជា -ចិន និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។ ដើម្បីទទួលបានតារាងហោះហើរ និងព័ត៌មានជាក់លាក់ សូមចូលទៅកាន់វែបសាយ www. jcairlines.com៕