(តាកែវ)៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំ ខែមិថុនា និងទិសដៅអនុវត្តការងារខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ ។

នៅក្នុងកិច្ចប្រជុំនោះ លោកស្ន ងការបានលើកឡើងនូវលទ្ធផលសំរេចបាន បញ្ហាប្រឈមនានា និងលើកទិសដៅអនុវត្តបន្ត ការងារពង្រឹងវិន័យកងកម្លាំង ព្រមទាំងផ្សព្វផ្សាយអនុសាសន៍ ដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបទបញ្ជាថ្មីៗរបស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោស្នងការ បានក្រើនរំលឹកដោយសង្កត់ធ្ងន់ទៅលើវិន័យកងកម្លាំងពង្រឹងវេនប្រចាំបញ្ជា២៤/២៤ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ ជួយប្រជាពលរដ្ឋ ជាពិសេសត្រៀមកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងពិធីបុណ្យផ្សេងៗ។

ទន្ទឹមនោះដែរ លោកស្នងការបានណែនាំកងកម្លាំង ត្រូវបន្តចូលរួមឱ្យបានសកម្មផុលផុស ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព សំដៅកាត់បន្ថយបទល្មើសគ្រប់ប្រភេទ ដើម្បីធានាភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បាន នាំការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសម្តេចក្រឡាហោម និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដោយសម្តែងការកោតសរសើរដល់កងកម្លាំង នគរបាលខេត្ត ដែលបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ក្នុងការជួយថែរក្សា និងបម្រើសេវាជូនដល់ប្រជាពលរដ្ឋរយៈពេលកន្លងមក។

ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ មានមតិផ្តាំផ្ញើដល់លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍ ត្រូវបំពេញភារកិច្ចដែលថ្នាក់លើប្រគល់ជូន ឲ្យបានសម្រេចជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕